កីឡាជាតិ
ជាតិ
កម្ពុជានឹងបង្កើតទូរទស្សន៍ឯកទេសកីឡា ដើម្បីត្រៀមផ្សព្វផ្សាយកីឡាស៊ីហ្គេម
× ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជា នឹងមានទូរទស្សន៍ឯកទេសកីឡាមួយ ដើម្បីត្រៀមផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទូរទស្សន៍នេះ នឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២០ ក្រោមរូបភាពទូរទស្សន៍អនឡាញ។
«ទូរទស្សន៍កីឡាកម្ពុជា ឬ Cambodia Sports TV»ជាឈ្មោះទូរទស្សន៍ឯកទេសកីឡាថ្មី ដែលកម្ពុជាគ្រោងបង្កើតក្នុងពេលឆាប់ៗខាងមុខនេះ។ ទូរទស្សន៍នេះ បង្កើតឡើងក្រោមជំនួយបច្ចេកទេសពីអ្នកជំនាញការរបស់សាធារណរដ្ឋកូរ៉េ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
គោលបំណងនៃការបង្កើតទូរទស្សន៍ថ្មីនេះ គឺដើម្បីផ្សព្វផ្សាយពីកីឡាផ្សេងៗរបស់កម្ពុជា មុននិងក្នុងអំឡុងពេលនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បើតាមលោក វ៉ាត់ ចំរើន ទូរទស្សន៍នេះ នឹងចាប់ដំណើរការបណ្តោះអាសន្នក្រោមរូបភាពទូរទស្សន៍អនឡាញនៅចុងឆ្នាំ២០២០នេះ។
«យើងត្រូវការមានទូរទស្សន៍ឯកទេសមួយក្នុងដំណាក់កាលនៃការរៀបចំកីឡាស៊ីហ្គេម។ ទូរទស្សន៍ឯកទេសនឹង គឺយើងបណ្តុះបណ្តាល និងរៀបចំនៅក្នុងកម្រិតឯកទេសនៃកីឡាពិតប្រាកដ មានន័យថា ទាំងរបៀបថត ទាំងមុំនៃការថត និងឧបករណ៍ ត្រូវមានលក្ខណៈពិសេសសម្រាប់កីឡា»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន។
សម្រាប់លោក វ៉ាត់ ចំរើន ទូរទស្សន៍នេះ មិនត្រឹមតែជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តែវាជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញសារព័ត៌មានប្រកបដោយជំនាញនិងវិជ្ជាជីវៈទៀតផង។ ដ្បិតបុគ្គលិកដែលបម្រើការងារនៅទូរទស្សន៍នេះ៥០ភាគរយសុទ្ធសឹងជាអ្នកជំនាញផ្នែកព័ត៌មានមកពីសាធារណរដ្ឋកូរ៉េ ខណៈ៥០ភាគរយជាបុគ្គលិកកម្ពុជា។
«យើងនឹងខិតខំធ្វើការងារនេះ ដើម្បីជំរុញឲ្យអ្វីៗក្លាយជាជំនាញ អាជីព និងវិជ្ជាជីវៈក្នុងផ្នែកនីមួយៗ ក៏ដូចជាឆ្លើយតបនឹងស្តង់ដាស៊ីហ្គេម ព្រោះប្រព័ន្ធផ្សព្វផ្សាយស៊ីហ្គេមត្រូវមានស្តង់ដា មិនមែនចេះតែធ្វើអត់ជំនាញ វិជ្ជាជីវៈ និងស្តង់ដានោះទេ។ ទូរទស្សន៍នេះ នឹងក្លាយជាទូរទស្សន៍ស្តង់ដាអាស៊ាន»។ នេះជាការអះអាងរបស់លោក វ៉ាត់ ចំរើន។
តែយ៉ាងណា រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ មិនបានបញ្ជាក់ពីគម្រោងចំណាយ និងទីតាំងរបស់ទូរទស្សន៍ថ្មីនេះនៅឡើយទេ។ ហើយ លោក ក៏មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទ ក្នុងការបង្កើតទូរទស្សន៍នេះឲ្យលេចចេញជារូបរាងផងដែរ៕
Tag:
ទូរទស្សន៍កីឡាកម្ពុជា
វ៉ាត់ ចំរើន
SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com