COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Torino ម្នាក់​ឆ្លង COVID-19 ស្របពេល Serie A ពិចារណា​ត្រឡប់​រក​ការប្រកួត​វិញ​
07, May 2020 , 8:29 pm        
រូបភាព
​កីឡាករ Torino ម្នាក់​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19​។ ក្លិប​នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​អ៊ីតាលី Serie A មួយ​នេះ​បញ្ជាក់​ដូច្នេះ​នៅ​ថ្ងៃទី​៦ ខែឧសភា​។​


 
Torino បាន​តម្រូវ​ឲ្យ​កីឡាករ​របស់ខ្លួន​ដែល​ផ្ទុក COVID-19 (​មិន​បង្ហាញ​អត្តសញ្ញាណ​) មាន​គម្លាត​ឆ្ងាយ​ពី​អ្នកដទៃ ហើយនឹង​ត្រូវ​ទទួល​ការត្រួតពិនិត្យ​ជាប្រចាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ ព័ត៌មាន​អំពី​ការឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​លើ​កីឡាករ​នេះ កើតឡើង​នៅពេលដែល​មន្ត្រី​ប្រចាំ​ក្លិប​និ​មួយៗ ព្យាយាម​ឲ្យ​មានការ​ចាប់ផ្តើម​ដំណើរការ​ប្រកួត​រដូវ​កាល ២០១៩-២០ នៃ​ក្របខណ្ឌ Serie A ឡើងវិញ​។​
 
​លី​គ​កំពូល​អ៊ីតាលី រួមទាំង​លី​គ​ធំៗ​នៅ​អឺរ៉ុប​ភាគច្រើន​ត្រូវ​សម្រេច​ឲ្យ​ផ្អាក​ការប្រកួត​បណ្តោះអាសន្ន​ដោយ​គ្មាន​កាលកំណត់​កាលពី​ថ្ងៃទី​១៣ ខែមីនា ដោយសារ​ការកើនឡើង​ខ្លាំង​នៃ​ជំងឺ COVID-19 ដែល​បានសម្លាប់​មនុស្ស​ជុំវិញ​ពិភពលោក​ជាង ២៦​ម៉ឺន​នាក់​។​
 
​មកទល់​បច្ចុប្បន្ន ក្រុម​នៅ Serie A ភាគច្រើន​កំពុង​វិលត្រឡប់​ទៅកាន់​ការហ្វឹកហាត់​វិញ​រៀងៗ​ខ្លួន ប៉ុន្តែ​រដ្ឋមន្ត្រី​កីឡា​អ៊ីតាលី​លោក Vincenzo Spadafora បានបញ្ជាក់​ជាថ្មី​ថា​ការហ្វឹកហាត់​ជា​ក្រុម​នឹងមិន​អាចធ្វើ​នៅមុន​ថ្ងៃទី​១៨ ខែឧសភា​ឡើយ បើទោះជា​រដ្ឋាភិបាល​អ៊ីតាលី​អនុញ្ញាត​ឲ្យ​កីឡាករ​វិលត្រឡប់​ទៅ​ទីតាំង​ក្លិប​វិញ​ក៏ដោយ​។​
 
Serie A កំពុងស្ថិត​ក្នុងការ​ពិចារណា​ដើម្បី​វិល​ទៅកាន់​ការប្រកួត​លី​គ​ឡើងវិញ ខណៈ COVID-19 នៅតែ​បន្ត​ឆ្លង​ក្នុងប្រទេស​អ៊ីតាលី​នៅឡើយ​។ យ៉ាង​ក៏ដោយ រយៈពេល​ចុងក្រោយ​នេះ​អ៊ីតាលី​បាន​ធ្លាក់​តួលេខ​ចំនួន​អ្នក​ឆ្លង​ច្រើន ក្នុងនោះ​ករណី​ឆ្លង​សរុប​មាន​ចំនួន​ជាង​២​សែន​ករណី និង​អ្នកស្លាប់​ជិត​៣​ម៉ឺន​នាក់​៕   

Tag:
 Serie A
  COVID-19
  Torino
© រក្សាសិទ្ធិដោយ thmeythmey.com