ជាតិ
សង្គមជាតិ
៦​ថ្ងៃ​ជាប់​គ្នា ភ្នំពេញ គ្មាន​អ្នកស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​តាម​ខេត្ត ថយចុះ
07, May 2020 , 8:59 pm        
រូបភាព
ដោយ:
​ដ្បិត​ពលរដ្ឋ​ខ្លះ មិនសូវ​ពេញចិត្ត​និង​រអ៊ូរទាំ​ក្តី តែ​ការអនុវត្ត​អនុក្រឹត្យ​ថ្មី ដែល​ផាកពិន័យ​ធ្ងន់ធ្ងរ​លើ​បទល្មើស​ចរាច​រណ៍ ពិតជា​បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ វា មាន​រយៈពេល​៦​ថ្ងៃ​ហើយ គឺ​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ ដែល​នគរបាល​ចរាច​រណ៍ ចុះ​អនុវត្ត​អនុក្រឹត្យ​ថ្មី​នេះ​។​


 
​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា រយៈពេល​៦​ថ្ងៃនេះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ បាន​ថយចុះ ហើយ​ពុំមាន​ករណី​ស្លាប់​ឡើយ​។ នៅតាម​បណ្តា​ខេត្ត​ទាំង​២៤ ក៏​ថយចុះ​ដែរ​។ 
 
​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រយៈពេល​៦​ថ្ងៃនេះ មាន​មនុស្ស​១៨​នាក់ ស្លាប់ និង​៣៨​នាក់ របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅតាម​បណ្តា​ខេត្ត​។ គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង និង បត់​មិន​ប្រយ័ត្ន ជាដើម​។  
 
​នៅតាម​បណ្តា​ខេត្ត គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​៧​លើក ស្លាប់​៨​នាក់ របួស​៣​នាក់ នៅ​ថ្ងៃទី​១​ឧសភា​, កើតឡើង​៦​លើក ស្លាប់​១​នាក់ របួស​១២​នាក់ នៅ​ថ្ងៃទី​២​ឧសភា​, កើតឡើង​៧​លើក ស្លាប់​២​នាក់ របួស​៩​នាក់ នៅ​ថ្ងៃទី​៣​ឧសភា​, កើតឡើង​២​លើក គ្មាន​ករណី​ស្លាប់ របួស​៤​នាក់ នៅ​ថ្ងៃទី​៤​ខែឧសភា​, កើតឡើង​៤​លើក ស្លាប់​៣​នាក់ របួស​៩​នាក់ នៅ​ថ្ងៃទី​៥​ឧសភា​, កើតឡើង​១០​លើក ស្លាប់​៥​នាក់ របួស​១៣​នាក់ នៅ​ថ្ងៃទី​៦​ឧសភា​។ នេះ​បើតាម​របាយការណ៍​ពី​នគរបាលជាតិ​ដដែល​។    


 
​កិច្ចប្រតិបត្តិការ​រឹតបន្តឹង​អនុក្រឹត្យ​ថ្មី​ស្តីពី​ការផាកពិន័យ​បទល្មើស​ចរាចរណ៍ ក្នុង​រយៈពេល​៦​ថ្ងៃ​មកនេះ សមត្ថកិច្ច ឃាត់​បាន​ម៉ូតូ​ជាង​៤,៤​ពាន់​គ្រឿង និង​ឃាត់​បាន​រថយន្ត​គ្រប់​តូច​-​ធំ​ជិត​៨​គ្រឿង (​គិតតែ​ក្នុង​រាជធានី​ភ្នំពេញ​)​។ ជាមួយគ្នានេះ សមត្ថកិច្ច បាន​ឃាត់​មនុស្ស​៣​នាក់ ដែល​បាន​បង្ហោះ​សារ​វាយប្រហារ និង​ប្រមាថ​នគរបាល​ចរាចរ​ណ៍​។ មុន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ អ្នក​ទាំង​៣​នាក់​នោះ ទទួលបាន​ការណែនាំ​ពី​សមត្ថកិច្ច ហើយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​។​
 
​របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី​ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ជា​មធ្យម​មាន​មនុស្ស​៥​នាក់​បាន​ស្លាប់ និង​១១​នាក់​រងរបួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​១​ថ្ងៃ (​មុន​ការអនុវត្ត​អនុក្រឹត្យ​ថ្មី​)​។ 
 
​ប្រជាពលរដ្ឋ អាច​ហៅ​ទូរស័ព្ទ​ទៅ​លេខ​១១៧ បើ​មាន​ចម្ងល់​ពី​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​៕ 



Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com