អន្តរជាតិ
លោក ត្រាំ វ៉េតូ​ការសម្រេច​របស់​សភា​ដែល​កំហិត​អំណាច​ធ្វើសង្គ្រាម​ប្រឆាំង​អ៊ីរ៉ង់​
07, May 2020 , 10:29 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ប្រើ​អំណាច​វ៉េតូ​ប្រ​ឆាំ​ង​ការសម្រេចចិត្ត​របស់​ស​ភា​ដែល​កំហិត​អំណាច​ធ្វើសង្គ្រាម​របស់លោក ដោយ​ផ្ដោតលើ​សង្គ្រាម​ប្រឆាំង​អ៊ីរ៉ង់​តែម្ដង​។ លោក ត្រាំ ហៅ​ការ​រឹតត្បិត​អំណាច​របស់លោក ជា​រឿង​មិន​ត្រឹមត្រូវ និង​ជាការ​យល់​ខុស​លើ​រដ្ឋធម្មនុញ្ញ​ពី​សំណាក់​សមាជិកសភា​។ ក្រោយ​ការសម្រេចចិត្ត​របស់លោក ត្រាំ សភា​អាមេរិក ទំនងជា​ពិបាក​រក​សំឡេង​គ្រប់គ្រាន់​ដើម្បី​លុបចោល​អំណាច​វ៉េតូ​នេះ​វិញ​។​

 
​សេចក្ដីស្នើច្បាប់​របស់​ស​ភា​ដែល​រឹតត្បិត​អំណាច​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់ មិនទាន់​អាច​ក្លាយជា​ច្បាប់​ឡើយ ក្រោយ​ត្រូវបាន​លោក ត្រាំ ជំទាស់​។ នៅក្នុង​សេចក្ដីប្រកាស​របស់​សេត​វិមាន លោក ត្រាំ បាន​ហៅ​ការសម្រេចចិត្ត​របស់​ស​ភា​នេះ ជាការ​មាក់ងាយ និង​ជា​យុទ្ធសាស្ត្រ​របស់​បក្ស​ប្រជាធិបតេយ្យ​ដើម្បី​យកឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ខែវិច្ឆិកា​ដោយ​បំបែក​សំឡេង​បក្ស​សាធារណរដ្ឋ​។​
 
​តាមពិតទៅ សេចក្ដីស្នើច្បាប់​នេះ សុទ្ធតែ​ត្រូវបាន​អនុម័ត​ដោយ​សភា​ទាំងពីរ​របស់​អាមេរិក​។ សភា​តំណាង អនុម័ត​នៅ​ខែមីនា ហើយ​ព្រឹទ្ធសភា​យល់ព្រម​នៅ​ខែកុម្ភៈ​។ នេះ​ជា​រឿង​កម្រ​មួយ​ដែល​បក្ស​ធំ​ទាំងពីរ​របស់​អាមេរិក​យល់ស្រប​គ្នា​លើ​បញ្ហា​ណាមួយ​។ ប៉ុន្តែ​លោក ត្រាំ បាន​ឆ្លើយ​វិញ​ថា ការសម្រេចចិត្ត​របស់​សភា​ទាំងពីរ គឺជា​ការយល់​ខុស​លើ​ការពិត និង​ផ្នែក​ច្បាប់​ផងដែរ​។​
 
​វិធានការ​របស់​សភា​នេះ មាន​គោលដៅ​ទប់ស្កាត់​លោក ត្រាំ ពី​ការ​អូស​អាមេរិក​ឲ្យ​ប្រឡូក​ក្នុង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ ដែល​មួយរយៈ​មុន​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​កើនឡើង​ខ្លាំង​។ ទាំង​បក្ស​ប្រជាធិបតេយ្យ ទាំង​បក្ស​សាធារណរដ្ឋ សុទ្ធតែ​បារម្ភ​ថា ជម្លោះ​ជាមួយ​អ៊ីរ៉ង់​អាច​ផ្ទុះឡើង បើ​មិនអាច​ទប់ស្កាត់​លោក ត្រាំ បាន​នោះ​។ ក្នុង​សេចក្ដីសម្រេច​របស់ខ្លួន លោក ត្រាំ មិនអាច​ធ្វើសង្គ្រាម ឬ​ប្រើ​យោធា​ប្រឆាំង​រដ្ឋាភិបាល ឬ​យោធា​អ៊ីរ៉ង់​ឡើយ បើ​គ្មាន​ការអនុញ្ញាត​ពីស​ភា​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល លោក ត្រាំ លើកឡើងថា ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ បើ​សភា​គិតថា អំណាច​របស់​ប្រធានាធិបតី គឺកំណត់​ត្រឹម​ការការពារ​អាមេរិក​ពី​ការគំរាមកំហែង​ណាមួយ​នោះ​។ លោក​បន្តថា​៖ «​យើង​រស់នៅក្នុង​ពិភពលោក​ដែលមាន​ការគំរាមកំហែង ហើយ​រដ្ឋធម្មនុញ្ញ​ទទួលស្គាល់ថា ប្រធានាធិបតី​ត្រូវតែ​ដឹង​ពី​ជំហាន​បន្ទាប់​របស់​សត្រូវ ហើយ​ចាត់វិធានការ​រហ័ស និង​ម៉ឺងម៉ាត់​។ នេះ​ជា​អ្វីដែល​ខ្ញុំ​ធ្វើ​។​»
 
​នេះ​ជា​លើក​ទី​៧ ដែល​លោក ត្រាំ​ាំ ប្រើ​អំណាច​វ៉េតូ និង​ជា​អំណាច​វ៉េតូ​លើក​ទី​ពីរ​ពាក់ព័ន្ធ​បញ្ហា​យោធា​។ លើកទីមួយ គឺ​លោក ត្រាំ ប្រឆាំង​សំណើ​របស់​សភា​ដែល​ចង់​ផ្ដាច់ការ​គាំទ្រ​របស់​អាមេរិក​លើ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុ​សង្គ្រាម​នៅ​យេ​ម៉ែន​។ យ៉ាងណាមិញ គេ​មិន​រំពឹងថា សភា​អាមេរិក​អាច​បោះឆ្នោត​ជំទាស់​សិទ្ធិ​វ៉េតូ​ពេលនេះ​ឬ​យ៉ាងណា​ឡើយ ព្រោះ​សំឡេង​ដែល​ត្រូវការ​មាន​ពីរភាគបី​ក្នុងចំណោម​សមាជិកសភា​ទាំងពីរ​៕

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com