COVID-19
អន្តរជាតិ
ហ្វីលីពីន ជាមានករណី COVID-19 សរុបលើសពី ១ម៉ឺនករណី, ឈរលេខទីបីនៅអាស៊ាន រូបភាព៖ Xinhua
× ហ្វីលីពីន គិតត្រឹមថ្ងៃទី៧ ខែឧសភា បានរាយការណ៍ថា ករណីជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) បានកើនលើស ១ម៉ឺនករណី។ ចំនួននេះ បានធ្វើឲ្យហ្វីលីពីនក្លាយជាប្រទេសទី៣ នៅក្នុងតំបន់អាស៊ាន ដែលមានករណីCOVID-19 សរុបលើស ១ម៉ឺនករណី។
រកឃើញករណីដំបូងនៅចុងខែមករា ពេលនេះហ្វីលីពីន បានប្រកាសមានករណីឆ្លង COVID-19 សរុបចំនួន ១០៣៤៣ករណី។ ហ្វីលីពីនមានករណីឆ្លងលើសពី ១ម៉ឺនករណីនៅថ្ងៃទី៦ ខែឧសភាមក បន្ទាប់ពីរកឃើញករណីឆ្លងថ្មីចំនួន ៣២០ករណី ខណៈអ្នកស្លាប់មានចំនួន ២១ករណី។ នៅថ្ងៃបន្ទាប់ហ្វីលីពីន មានករណីឆ្លង ៣៣៩ករណី និងមានអ្នកស្លាប់ចំនួន ២៧ករណី។ តួលេខសរុប COVID-19 មានចំនួន ១០៣៤៣ករណី អ្នកស្លាប់ចំនួន ៦៨៥នាក់ និងអ្នកជាសះស្បើយមានចំនួន ១៦១៨នាក់។
ចំនួនអ្នកឆ្លងសរុបដ៏ច្រើនបែបនេះ បានធ្វើឲ្យហ្វីលីពីន ក្លាយជាប្រទេសស្ថិតនៅលំដាប់ទី៣ ក្នុងតំបន់អាស៊ាន ដែលមានករណី COVID-19 ច្រើនជាងគេ និងជាប្រទេសទីបីមាន COVID-19 លើសពី១ម៉ឺនករណី។ នៅក្នុងតំបន់អាស៊ាន សិង្ហបុរីមានចំនួនករណីឆ្លង COVID-19 ច្រើនជាងគេ ពោលគឺជាង២ម៉ឺនករណី ខណៈឥណ្ឌូណេស៊ីឈរនៅលំដាប់ទី២ មានចំនួនជាង ១ម៉ឺនករណីដែរ។
ក្នុងវិធានការកន្លងមក ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានពន្យារពេលបិទទីក្រុងម៉ានីល និងតំបន់មួយចំនួនជុំវិញទីក្រុងរហូតដល់ថ្ងៃទី១៥ ខែឧសភា។ ការពន្យារពេលបិទតំបន់ទាំងនោះ ព្រោះរដ្ឋាភិបាលមើលឃើញថា វានៅតែជាតំបន់គ្រោះថ្នាក់ និងឆ្លង COVID-19។
សូមបញ្ជាក់ថា លោកឌូទើតេ ធ្លាប់ព្រមានថា នឹងប្រើច្បាប់យោធា ប្រសិនបើប្រជាពលរដ្ឋ មិនគោរពតាមបម្រាបគោចរ និងវិធានរឹតត្បិតមួយចំនួននៅក្នុងប្រទេស៕
Tag:
ហ្វីលីពីន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com