ពីនេះ ពីនោះ
រវាង​ពាក្យ «​បាឋ បាត បាត្រ និង​បាទ​»​មានន័យ​ប្លែក​គ្នា​ដូចម្តេច​?
08, May 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​ពាក្យ​ទាំងអស់នេះ មិន​មានន័យ​ដូចគ្នា​ឡើយ ហើយ​ការប្រើប្រាស់​ក៏​ខុសគ្នា​ដែរ​។ តើ​ពាក្យ​នេះ​មានន័យ​ខុសគ្នា​ដូចម្តេច​?


 
​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ ពាក្យ «​បាឋ​» មានន័យថា ការរៀន​, ការ​ថ្លែង​រឿង​, រឿងរ៉ាវ​, បាលី​។ 
 
​ពាក្យ «​បាត​» បញ្ជាក់​ន័យ​ថា ជា​ប៉ែក​ខាងក្រោម​នៃ​ជម្រៅ ដូចជា បាត​បឹង​, បាតទន្លេ​, បាតសមុទ្រ​, បាតខ្ទះ​, បាតឆ្នាំង​, បាតដី ជាដើម​។ ពាក្យ បាត ប្រើ​ក្នុងន័យ​ម្យ៉ាងទៀត​សម្រាប់​បញ្ជាក់​ពី​អវៈយវៈ​មនុស្ស គឺ​បាតដៃ បាតជើង​, ឫសដូងបាត​។​
 
​វចនានុក្រម​ខ្មែរ​ក៏បាន​បញ្ជាក់ទៀតថា ពាក្យ​«​បាត​» ក៏​អាច​ប្រើ​ក្នុងន័យ​សំដៅលើ  អាហារ​ដែល​ប្រមូល​ឲ្យ​ជា​ដុំ​ដាក់​ក្នុង​បាត្រ  គឺ​ចង្ហាន់​ដាក់​បាត្រ​ឬ​ចង្ហាន់​រាប់បាត្រ (​សម្រាប់​បព្វជិត​ក្នុង​ព្រះពុទ្ធសាសនា​) ចង្ហាន់​បិណ្ឌបាត​, អាហារបិណ្ឌបាត ។ ប្រើ​តាម​ទម្លាប់​ជា កិ​. ក៏បាន ដោយ​អាន​ថា បិ​ន​-​បាត​។  លោក​និមន្ត​បិណ្ឌបាត​, បិណ្ឌបាត​មិនសូវ​បាន​។ ចួនកាល​ប្រើ​កាត់​ខ្លី​តែត្រឹម បិណ្ឌ ក៏បាន​។ លោក​និមន្ត​ទៅ​បិណ្ឌ​។ 
 
​ចំពោះ ពាក្យ «​បាត្រ​» សម្គាល់​លើ បាត្រដែក​, បាត្រដី ជា​ភាជនៈ​ដែល​ធ្វើ​អំពី​ដែក ឬ​ដី មាន​រាង​ជ្រៅ​ក្រឡូម​សម្រាប់​បព្វជិត​ក្នុង​ពុទ្ធសាសនា ប្រើ​ជាការ​ទទួល​ចង្ហាន់​។ ឧទាហរណ៍​៖ ស្លោកបាត្រ​(​ថង់​សម្រាប់​ច្រក​បាត្រ​), ជើងបាត្រ​(​ប្រដាប់​សម្រាប់​ថ្កល់​បាត្រ​), គ្របបាត្រ​(​ប្រដាប់​សម្រាប់​គ្របពីលើ​មាត់​បាត្រ​), ឃោ​គ​បាត្រ​( ប្រដាប់​ចងរឹត​ភ្ជាប់​នឹង​ស្លោកបាត្រ​សម្រាប់​ស្ពាយ​)​។  
 
​ចំណែក​ពាក្យ «​បាទ​» ជា​និបាតសព្ទ សម្រាប់​បុរស​ឆ្លើយ ដើម្បី​បង្ហាញ​ពី​សេចក្តី​គោរព​។ ឧទាហរណ៍​៖ ខ្ញុំបាទ​! សូម​អរគុណ​៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com