ភ្នំពេញ៖ តំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ផ្ដល់អនុផលព្រៃឈើច្រើនជាង៣០០តោន ដល់ពលរដ្ឋ នៅខេត្តឧត្តរមានជ័យ ជាពិសេសដល់ពលរដ្ឋ ក្នុងស្រុកចុងកាល់ ស្រុកអន្លង់វែង និង ស្រុកសំរោង។ ប្រជាពលរដ្ឋទាំង៣ស្រុកនេះ មានជាង៧០ភាគរយ ពឹងផ្អែកលើអនុផលព្រៃឈើ ហើយពលរដ្ឋបណ្ដាខេត្តផ្សេងៗ ក៏មកអាស្រ័យផលនៅតំបន់នេះផងដែរ។
ព្រះអង្គ ប៊ុន សាលួត ជាប្រធានសហគមន៍ព្រៃសង្ឃរុក្ខវ័ន ដែលមានទំហំជាង៣ម៉ឺនហិកតា ស្ថិតនៅស្រុកអន្លង់វែង ស្រុកសំរោង និង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ពលរដ្ឋនៅតំបន់នេះ តែងតែចូលព្រៃ រកជ័រឈើ វល្លិ ផ្សិត បន្លែ និង ផ្លែឈើព្រៃជាដើម ដើម្បីលក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនិងអាហារសម្រាប់បរិភោគ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទព្រះ អង្គ ប៊ុន សាលួត មានសង្ឃដីកាថា៖«រដូវមានភ្លៀងធ្លាក់ច្រើន ពលរដ្ឋតែងចុះដកផ្សិតក្ងោក ផ្សិតប៉ក់ និងផ្សិតឈើជាច្រើនប្រភេទទៀត ដែលក្នុងមួយឆ្នាំៗ អាចប្រមូលផលបានប្រហែល២០០តោន។ ហើយក្រៅពីនេះ ពលរដ្ឋតែងនាំគ្នាប្រមូលផលពីរុក្ខជាតិព្រៃ ខ្ជាយ រមៀតព្រៃ កន្តួតព្រៃ ក្របៅ ប្រមាណជាង១០០តោនជារៀងរាល់ឆ្នាំ»។
ប៉ុន្តែ ព្រះអង្គ បញ្ជាក់ថា សម្រាប់រមៀតព្រៃ គឺត្រូវបានហាមឃាត់មិនអនុញ្ញាតឲ្យមានការរកច្រើននោះទេ ព្រោះរុក្ខជាតិព្រៃប្រភេទនេះ មិនសម្បូរដូចខ្ជាយ ហើយក្នុងខេត្តឧត្តរមានជ័យ គឺមានតែក្នុងតំបន់ព្រៃសង្ឃរុក្ខវ័នប៉ុណ្ណោះ។ ក្រៅពីនេះ ពលរដ្ឋតែងចូលព្រៃតាមតំបន់លិចទឹក ស្ទឹង ដងអូរ ដើម្បីរកត្រី ដោយអនុញ្ញាតឲ្យនេសាទជាលក្ខណៈគ្រួសារប៉ុណ្ណោះ។
មានពលរដ្ឋប្រមាណ១០០គ្រួសារ មានជីវភាពធូរធារ ដោយសារអាស្រ័យលើការរកជ័រ។ ព្រះអង្គ ប៊ុន សាលួត មានថេរដីកាថា៖«មួយអាទិត្យម្ដង ក្នុងមួយគ្រួសារ អាចប្រមូលផលជ័រពីចន្លោះ៣ទៅ៤កាន ជារៀងរាល់អាទិត្យ ហើយពួកគាត់មានជីវភាពគ្រាន់បើជាងគេ ក្នុងចំណោមអ្នកប្រមូលអនុផលព្រៃឈើ»។
ព្រះអង្គ បន្តថា រាល់ពេលរដូវវស្សាមកដល់ទំពាំងជាច្រើនបានដុះ ដែលជាប្រភពចំណីអាហាររបស់សត្វព្រៃ និងជាម្ហូបអាហារសម្រាប់ធ្វើអន្លក់ ជ្រក់ របស់ពលរដ្ឋក្នុងតំបន់ផងដែរ។ ជាទូទៅពលរដ្ឋអាចរកទំពាំងឫស្សីព្រៃនិងទំពាំងឫស្សីខ្លីបានតិចតួចប្រមាណ៤ទៅ១០តោន ដោយសារតំបន់ឫស្សីប្រភេទនេះ ជាតំបន់លិចទឹក។ ដោយឡែកឫស្សីម្យ៉ាងទៀត ដែលមានឈ្មោះ ឫស្សីព្រិច គឺមានជាង៥០ភាគរយ ដែលដុះក្នុងព្រៃសង្ឃរុក្ខវ័ន លាយឡំនឹងព្រៃឈើ។
ព្រះអង្គ បន្ថែមថា៖«ទំពាំងព្រិចនេះ ដុះច្រើនជាឫស្សីផ្សេងៗមែន ប៉ុន្តែមានតែអ្នកយាមល្បាតឬឧទ្យានុរក្សប៉ុណ្ណោះ ដែលកាត់យកទៅបរិភោគ ពេលចុះល្បាតម្ដងៗ ព្រោះវាដុះច្រើន អ្នកមិនស្គាល់ផ្លូវអាចវង្វេង ហើយដើមវា សម្បូរបន្លា។ ពលរដ្ឋភាគច្រើននៅតំបន់នេះ ចូលចិត្តទំពាំងឫស្សីខ្លី ស្រដៀងនឹងទំពាំងព្រិចដែរ ប៉ុន្តែដើមវា មិនសូវមានបន្លា ហើយទំពាំងធំជាងទំពាំងព្រិចបន្តិច ថែមទាំងមានរសជាតិផ្អែមឆ្ងាញ់ជាង»។
ក្រៅពីអនុផលព្រៃខាងលើនេះ ក៏មានរុក្ខជាតិ បន្លែ អន្លក់ ផ្លែឈើជាច្រើនប្រភេទផ្សេងទៀត ដែលផ្ដល់ផលដល់ពលរដ្ឋ។ ព្រះអង្គ តេជគុណ ប៊ុន សាលួត អះអាងថា តំបន់នេះជាដែនជម្រកសត្វព្រៃនិងជាប្រភពចំណូលរបស់ពលរដ្ឋក្នុងសហគមន៍ រួមទាំងអ្នកដែលរស់នៅជាប់ខេត្តឧត្តរមានជ័យដែលមកអាស្រ័យផលក្នុងព្រៃសង្ឃរុក្ខវ័ន។ ព្រះអង្គអំពាវនាវឲ្យមានការចូលរួមអភិរក្សធនធានធម្មជាតិ និងទាញអនុផលព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីទទួលបានផលជារៀងរហូត៕