COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ពលរដ្ឋ ស្នើ​រដ្ឋាភិបាល​ពន្យា​រពេល​អនុវត្ត​វិធានការ​ច្បាប់​ចរាចរណ៍
08, May 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល បាន​អនុវត្ត​ការផាកពិន័យ​អន្តរការណ៍ ​(​ពិន័យ​ប្រាក់​ពី​តិច​ទៅ​ច្រើន​គុណនឹង៣ ទៅ៥ដង​) ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ តាំងតែពី​ថ្ងៃទី​១​ឧសភា ឆ្នាំ​២០២០​មក​។ ការអនុវត្ត​វិធានការនេះ ស្របពេល​កម្ពុជា​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩ ​ធ្វើឱ្យ​ពលរដ្ឋ​មិន​គាំទ្រ​ឡើយ​។ ពួកគេ​ស្នើឱ្យ​រដ្ឋាភិបាល​ ពន្យារពេល​អនុវត្ត​សិន ដោយ​រង់ចាំ​កម្ពុជា និង​ពិភពលោក​ស្ងប់ស្ងាត់ ពី​កូ​វីដ​-១៩​។

 

​ជំងឺ​កូ​វីដ​-១៩ បាន​រុញច្រាន​ពលរដ្ឋ​ ឱ្យ​ជួប​វិបត្តិ​សេដ្ឋកិច្ច ដោយ​អ្នកខ្លះ​បាត់បង់​ការងារ និង​ខ្លះ​ធ្លាក់​ចំណូល​រកស៊ី​ជាដើម​។ ពលរដ្ឋ​ព្រួយចិត្ត​ រឿង​ធ្លាក់ចុះ​សេដ្ឋកិច្ច​ហើយ ឥឡូវ​មក​បារម្ភ​ ពី​រឿង​ផាកពិន័យ នៃ​ការអនុវត្ត​វិធានការ​ច្បាប់​ចរាចរណ៍​មួយទៀត​។​
 
​ការអនុវត្ត​វិធានការ​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​នេះ វា​មិន​ខុស​ទេ​។ ប៉ុន្តែ​គ្រាន់តែ​កា​អនុវត្ត​ពេលនេះ វា​មិនត្រូវ​កាលៈទេសៈ​ប៉ុណ្ណោះ​។ ជា​ពលរដ្ឋ​រស់នៅ​ភ្នំពេញ មាន​វ័យ​៤០​ឆ្នាំ លោក រី​យ៉ា យល់ឃើញថា ក្នុងស្ថានភាព​ដែល​កម្ពុជា​ប្រឈម​នឹង​កូ​វីដ​-១៩ រដ្ឋាភិបាល​គួរតែ​យក​ឱកាស​នេះ ផ្សព្វផ្សាយ​ពី​ការផាកពិន័យ​ថ្មី​ ចំពោះ​ការ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍ ដើម្បីឱ្យ​ពលរដ្ឋ​បាន​យល់ច្បាស់ និង​ត្រៀមខ្លួន​គ្រប់គ្រាន់ ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ត្រឹមត្រូវ ពោលគឺ​មិនត្រូវ​យកមកអនុវត្ត​វិធានការ​ភ្លាមៗ​បែបនេះ​ឡើយ​។  
 
​មាន​សម្បុរ​សណ្ដែកបាយ រូបរាង​ធាត់ និង​និយាយ​សំឡេង​ខ្លាំងៗ បុរស​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​សម្រាប់​ខ្ញុំ​អត់​ទទួលយក​ការអនុវត្ត​នៃ​ការពិន័យ​ថ្មី​នេះឡើយ ព្រោះ​ការអនុវត្ត​នេះ​គឺ​វា​មិនត្រូវ​កាលៈទេសៈ និង​ស្ថានភាព​រស់នៅ​របស់​ពល​រដ្ឋ​ក្នុង​វិបត្តិ​កូ​វីដ​-១៩​។ មាន​ពលរដ្ឋ​ជាច្រើន​បាត់បង់​ចំណូល​។ ទាំង​ខ្ញុំ ទាំង​គេ គឺ​សុទ្ធ​តែមាន​បញ្ហា​នេះ​ទាំងអស់​»​។ 
 
​សព្វថ្ងៃនេះ​បញ្ហា​ចរាចរណ៍ វា​គឺជា​រឿង​ដ៏សំខាន់​មួយ​នៅក្នុង​សង្គម ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​អ្នកប្រើប្រាស់​ផ្លូវ​ ឱ្យមាន​សណ្តាប់​ល្អ និង​បង្កើន​សុវត្ថិភាព​ជាតិ លើ​ផ្នែក​ចរាចរណ៍​ផ្លូវគោក​។  លោក លី តុលា ពេញចិត្ត​នឹង​ការកែ ​ឬ​ដំឡើង​ប្រាក់​ពិន័យ​ថ្មី ​ចំពោះ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​នេះ តែ​លោក​មិន​គាំទ្រ​ការអនុវត្ត​របស់​រដ្ឋា​ភិ​បាល ​ក្នុងស្ថានភាពដែល​ពលរដ្ឋ ​កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច ដោយសារ​កូ​វីដ​-១៩​។ 


 
​បើតាម​លោក តុលា ការអនុវត្ត​វិធានការ​ផាកពិន័យ​ថ្មី​នេះ គឺ​ហាក់ដូចជា​លឿន​ខ្លាំងពេក ដែល​ធ្វើឱ្យ​ពលរដ្ឋ​ត្រៀមលក្ខណៈ​មិនទាន់ ខណៈដែល​ពួកគេ​មិនបាន​យកចិត្តទុកដាក់​ លើ​បញ្ហា​នេះ​។ ដោយឡែក​ទំហំ​ទឹកប្រាក់​ពិន័យ​ថ្មី​នេះ វា​មិន​សមស្រប​ស្ថានភាព​សេដ្ឋកិច្ច​ ដែល​ពលរដ្ឋ​កំពុង​ជួប​វិបត្តិ​នោះទេ​។ 
 
​យុវជន​វ័យ​២៤​ឆ្នាំ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« យើង​ដឹង​ហើយ​ថា ដោយសារតែ​កូ​វីដ​-១៩​ហ្នឹងហើយ ​ទើប​ឱ្យ​ពលរដ្ឋ​យើង​មួយចំនួន​អត់​ការងារ​ធ្វើ​។ ខ្លះទៀត​រក​ចំណូល​អត់​មាន ធ្វើឱ្យប៉ះពាល់​ដល់​កម្រិត​ជីវភាព​រស់នៅ​។  អ៊ីចឹង​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ការផាកពិន័យ​ថ្មី​នេះ វា​ដូចជា​លឿន​ពេក សម្រាប់​ពួកគាត់​»​។ 
 
​ទាំង​លោក រី​យ៉ា និង​លោក លី តុលា សុទ្ធតែ​ស្នើ​រដ្ឋាភិបាល ពន្យារពេល​អនុវត្ត​វិធានការ​រឹតបន្ដឹង ច្បាប់​ចរាចរណ៍ រហូតដល់​ស្ថានភាព​កូ​វីដ​-១៩ បាន​ស្ងប់ស្ងាត់ ហើយ​ស្ថានភាព​សង្គម​ល្អប្រសើរ​ឡើងវិញ​។ 
 
​ការផាកពិន័យ​អន្តរការណ៍​នៃ​ច្បាប់​ចរាចរណ៍ ដែល​រដ្ឋាភិបាល​កំពុង​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​នេះ វា​មាន​ទំហំ​ទឹកប្រាក់​ចាប់ពី​៦​ម៉ឺន​រៀល រហូត​ទៅដល់​ជាង​២​លាន​រៀល អាស្រ័យ​តាម​ប្រភេទ​បទល្មើស​ចរាចរណ៍​​​។ ទំហំ​នៃ​ការផាកពិន័យ​នេះ វា​មានការ​កើនឡើង​ពី​៣ ទៅ​៥​ដង បើ​ធៀប​នឹង​ទំហំ​ទឹកប្រាក់​ផាកពិន័យ​ចាស់ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​
 
​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ ក៏​បារម្ភ​ពី​បញ្ហាលំបាក​របស់​ពលរ​ដ្ឋ ​ក្នុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះដែរ​។ លោក រតនៈ ស្នើឱ្យ​រដ្ឋាភិបាល ទុកពេល​ឱ្យ​ពលរដ្ឋ​ យល់ដឹង​ពី​វិធីសាស្ត្រ​បញ្ចៀស​ការផាកពិន័យ​ចរាចរណ៍ តាមរយៈ​ការរៀបចំ​ឯកសារ និង​សម្ភារ​ផ្សេង ដើម្បី​កុំឱ្យ​ពួកគេ​ខាតបង់​កាន់តែ​ធ្ងន់ធ្ងរ​ នៅក្នុង​អ​ឡុង​ពេល​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ​។​


 
«​ខ្ញុំ​ក៏​ជា​បុគ្គល​ម្នាក់​ បាន​លើកដៃ​សំណូមពរ​ (​រដ្ឋាភិបាល​)​ សុំ​ពន្យារពេល​ឱ្យបាន​ធូរស្រាល​នឹង​ជំងឺ​កូ​វីដ​-១៩ សិន​ ចាំចាប់​អនុវត្ត​ក៏​មិន​យឹត​ពេល​ដែរ​។ យើង​ចង់បាន​ប្រទេស​យើង​មាន​សុវត្ថិភាព ប៉ុន្តែ​ទន្ទឹមនឹង​សុវត្ថិភាព​នោះ ប្រសិនបើ​គាត់​(​ពលរដ្ឋ​)​អត់បាយ​ច្រក​ឆ្នាំង ប្រសិនបើ​គាត់​ប្រឈមមុខ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ ថា​តើយក​សុវត្ថិភាព​ហ្នឹង​មក​បាន​អី​។ កន្លែង​ហ្នឹង​គឺជា​រឿង​ដែល​សំខាន់​។ ​សម្រាប់​ខ្ញុំ ពេលនេះ​គឺ​អត់​សក្ត​សម​ [​នឹង​អនុវត្ត​ការផាកពិន័យ​ថ្មី​]​ទេ វា​គួរតែមាន​ការពន្យារពេល​»​។ នេះ​បើតាម​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​។​
 
​កាលពី​ថ្ងៃទី​៣០​ ខែមេសា សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បែបនេះ​ថា ពលរដ្ឋ​ដែល​បើកបរ​ត្រឹមត្រូវ នឹងមិន​ត្រូវ​ឃាត់​សួររក​ឯកសារ​នោះទេ។ បើតាម​សម្ដេច ស ខេង ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ គឺជា​ការ​រឹតបន្តឹង​នៃ​វិធានការ​មួយ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់លើ​ដងផ្លូវ និង​ធានា​សុខ​សុវត្ថិភាព​ពលរដ្ឋ ពោលគឺ​មិនមែន​ដាក់បន្ទុក​លើ​ប្រជាពលរដ្ឋ នៅក្នុង​ស្ថានភាព​លំបាក​នៃ​ជំងឺ​កូ​វីដ​១៩​នោះទេ​។​
 
​សម្រាប់​ពលរដ្ឋ​ដែល​អនុវត្ត និង​បើកបរ​គោរព​ច្បាប់​ត្រឹមត្រូវ​នោះ ​​សមត្ថកិច្ច​ ក៏​មិន​ឃាត់​សួររក​ឯកសារ ដើម្បី​ផាកពិន័យ​ឡើយ​។ សម្ដេច ស ខេង បានបញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​សមត្ថកិច្ច នឹងមិន​ឃាត់​ដំណើរ​បងប្អូន​ជនរួមជាតិ ដែល​ធ្វើដំណើរ​ប្រកបដោយ​ការគោរព​ច្បាប់ ដើម្បី​សួរនាំ​រក​ឯកសារ​នោះទេ​។ បងប្អូន​អ្នក​(​បើកបរ​)​ត្រឹមត្រូវ គឺអាច​ធ្វើដំណើរ​បាន​ដោយ​រលូន លើកលែងតែ​បានធ្វើ​ដំណើរ​ដោយ​បំពាន​ច្បាប់ ត្រង់ចំណុច​ណាមួយ ដូចជា​មិន​ពាក់មួក​សុវត្ថិភាព ឬ​បំពាន​ភ្លើង​សញ្ញា ទើប​សមត្ថកិច្ច​ឃាត់​មិនឱ្យ​ធ្វើដំណើរ ហើយ​ចាប់ផ្ដើម​សួរនាំ​រក​ឯកសារ »​។ 
 
​ចាប់តាំងពី​ថ្ងៃទី​១ ឧសភា ឆ្នាំ​២០២០​មក កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស បាន​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ​របស់​ប្រជាពលរដ្ឋ ដោយ​អនុវត្តតាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក ​(​ថ្មី​)​ ដែល​ចុះ​ថ្ងៃទី​១៧ ខែមីនា ដែលមាន​ការផាកពិន័យ​ជា​ប្រាក់​ច្រើន ជាង​មុន​ពី​៣​ទៅ​៥ដង​។​
 
​រយៈពេល​៦​ថ្ងៃ ពោល​ចាប់ពី​ថ្ងៃទី​១ ​ដល់​៦​ឧសភា សមត្ថកិច្ច​បាន​ឃាត់​យានយន្ត​ ៥,២៨១​គ្រឿង និង​មនុស្ស​៣​នាក់ ដែល​បាន​ប្រមាថ​លើ​សមត្ថកិច្ច ក្នុងការ​អនុវត្ត​វិធានការ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ក្នុងចំណោម​យានយន្ត​ជាង​៥​ពាន់​គ្រឿង​នេះ មាន​ម៉ូតូ​៤,៤៩០​គ្រឿង​, រថយន្ត​តូចធំ​៧៩១​គ្រឿង ដោយ​អនុលោម​តាម​អនុក្រឹត្យ​លេខ​៣៩ ស្តីពី​ការផាកពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​៕



Tag:
 COVID-19
  ចរាចរណ៍​
  ពិន័យ​
© រក្សាសិទ្ធិដោយ thmeythmey.com