ភ្នំពេញ៖ រាជរដ្ឋាភិបាល បានអនុវត្តការផាកពិន័យអន្តរការណ៍ (ពិន័យប្រាក់ពីតិចទៅច្រើនគុណនឹង៣ ទៅ៥ដង) នៃច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស តាំងតែពីថ្ងៃទី១ឧសភា ឆ្នាំ២០២០មក។ ការអនុវត្តវិធានការនេះ ស្របពេលកម្ពុជាប្រឈមនឹងជំងឺកូវីដ-១៩ ធ្វើឱ្យពលរដ្ឋមិនគាំទ្រឡើយ។ ពួកគេស្នើឱ្យរដ្ឋាភិបាល ពន្យារពេលអនុវត្តសិន ដោយរង់ចាំកម្ពុជា និងពិភពលោកស្ងប់ស្ងាត់ ពីកូវីដ-១៩។
ជំងឺកូវីដ-១៩ បានរុញច្រានពលរដ្ឋ ឱ្យជួបវិបត្តិសេដ្ឋកិច្ច ដោយអ្នកខ្លះបាត់បង់ការងារ និងខ្លះធ្លាក់ចំណូលរកស៊ីជាដើម។ ពលរដ្ឋព្រួយចិត្ត រឿងធ្លាក់ចុះសេដ្ឋកិច្ចហើយ ឥឡូវមកបារម្ភ ពីរឿងផាកពិន័យ នៃការអនុវត្តវិធានការច្បាប់ចរាចរណ៍មួយទៀត។
ការអនុវត្តវិធានការចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នេះ វាមិនខុសទេ។ ប៉ុន្តែគ្រាន់តែកាអនុវត្តពេលនេះ វាមិនត្រូវកាលៈទេសៈប៉ុណ្ណោះ។ ជាពលរដ្ឋរស់នៅភ្នំពេញ មានវ័យ៤០ឆ្នាំ លោក រីយ៉ា យល់ឃើញថា ក្នុងស្ថានភាពដែលកម្ពុជាប្រឈមនឹងកូវីដ-១៩ រដ្ឋាភិបាលគួរតែយកឱកាសនេះ ផ្សព្វផ្សាយពីការផាកពិន័យថ្មី ចំពោះការល្មើសនឹងច្បាប់ចរាចរណ៍ ដើម្បីឱ្យពលរដ្ឋបានយល់ច្បាស់ និងត្រៀមខ្លួនគ្រប់គ្រាន់ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ត្រឹមត្រូវ ពោលគឺមិនត្រូវយកមកអនុវត្តវិធានការភ្លាមៗបែបនេះឡើយ។
មានសម្បុរសណ្ដែកបាយ រូបរាងធាត់ និងនិយាយសំឡេងខ្លាំងៗ បុរសរូបនេះ បានបញ្ជាក់ដូច្នេះថា៖ «សម្រាប់ខ្ញុំអត់ទទួលយកការអនុវត្តនៃការពិន័យថ្មីនេះឡើយ ព្រោះការអនុវត្តនេះគឺវាមិនត្រូវកាលៈទេសៈ និងស្ថានភាពរស់នៅរបស់ពលរដ្ឋក្នុងវិបត្តិកូវីដ-១៩។ មានពលរដ្ឋជាច្រើនបាត់បង់ចំណូល។ ទាំងខ្ញុំ ទាំងគេ គឺសុទ្ធតែមានបញ្ហានេះទាំងអស់»។
សព្វថ្ងៃនេះបញ្ហាចរាចរណ៍ វាគឺជារឿងដ៏សំខាន់មួយនៅក្នុងសង្គម ដើម្បីផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ផ្លូវ ឱ្យមានសណ្តាប់ល្អ និងបង្កើនសុវត្ថិភាពជាតិ លើផ្នែកចរាចរណ៍ផ្លូវគោក។ លោក លី តុលា ពេញចិត្តនឹងការកែ ឬដំឡើងប្រាក់ពិន័យថ្មី ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍នេះ តែលោកមិនគាំទ្រការអនុវត្តរបស់រដ្ឋាភិបាល ក្នុងស្ថានភាពដែលពលរដ្ឋ កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ដោយសារកូវីដ-១៩។
បើតាមលោក តុលា ការអនុវត្តវិធានការផាកពិន័យថ្មីនេះ គឺហាក់ដូចជាលឿនខ្លាំងពេក ដែលធ្វើឱ្យពលរដ្ឋត្រៀមលក្ខណៈមិនទាន់ ខណៈដែលពួកគេមិនបានយកចិត្តទុកដាក់ លើបញ្ហានេះ។ ដោយឡែកទំហំទឹកប្រាក់ពិន័យថ្មីនេះ វាមិនសមស្របស្ថានភាពសេដ្ឋកិច្ច ដែលពលរដ្ឋកំពុងជួបវិបត្តិនោះទេ។
យុវជនវ័យ២៤ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖« យើងដឹងហើយថា ដោយសារតែកូវីដ-១៩ហ្នឹងហើយ ទើបឱ្យពលរដ្ឋយើងមួយចំនួនអត់ការងារធ្វើ។ ខ្លះទៀតរកចំណូលអត់មាន ធ្វើឱ្យប៉ះពាល់ដល់កម្រិតជីវភាពរស់នៅ។ អ៊ីចឹងពាក់ព័ន្ធនឹងការអនុវត្តការផាកពិន័យថ្មីនេះ វាដូចជាលឿនពេក សម្រាប់ពួកគាត់»។
ទាំងលោក រីយ៉ា និងលោក លី តុលា សុទ្ធតែស្នើរដ្ឋាភិបាល ពន្យារពេលអនុវត្តវិធានការរឹតបន្ដឹង ច្បាប់ចរាចរណ៍ រហូតដល់ស្ថានភាពកូវីដ-១៩ បានស្ងប់ស្ងាត់ ហើយស្ថានភាពសង្គមល្អប្រសើរឡើងវិញ។
ការផាកពិន័យអន្តរការណ៍នៃច្បាប់ចរាចរណ៍ ដែលរដ្ឋាភិបាលកំពុងអនុវត្តតាមអនុក្រឹត្យថ្មីនេះ វាមានទំហំទឹកប្រាក់ចាប់ពី៦ម៉ឺនរៀល រហូតទៅដល់ជាង២លានរៀល អាស្រ័យតាមប្រភេទបទល្មើសចរាចរណ៍។ ទំហំនៃការផាកពិន័យនេះ វាមានការកើនឡើងពី៣ ទៅ៥ដង បើធៀបនឹងទំហំទឹកប្រាក់ផាកពិន័យចាស់ នៃច្បាប់ចរាចរណ៍ផ្លូវគោក។
ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ ក៏បារម្ភពីបញ្ហាលំបាករបស់ពលរដ្ឋ ក្នុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះដែរ។ លោក រតនៈ ស្នើឱ្យរដ្ឋាភិបាល ទុកពេលឱ្យពលរដ្ឋ យល់ដឹងពីវិធីសាស្ត្របញ្ចៀសការផាកពិន័យចរាចរណ៍ តាមរយៈការរៀបចំឯកសារ និងសម្ភារផ្សេង ដើម្បីកុំឱ្យពួកគេខាតបង់កាន់តែធ្ងន់ធ្ងរ នៅក្នុងអឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។
«ខ្ញុំក៏ជាបុគ្គលម្នាក់ បានលើកដៃសំណូមពរ (រដ្ឋាភិបាល) សុំពន្យារពេលឱ្យបានធូរស្រាលនឹងជំងឺកូវីដ-១៩ សិន ចាំចាប់អនុវត្តក៏មិនយឹតពេលដែរ។ យើងចង់បានប្រទេសយើងមានសុវត្ថិភាព ប៉ុន្តែទន្ទឹមនឹងសុវត្ថិភាពនោះ ប្រសិនបើគាត់(ពលរដ្ឋ)អត់បាយច្រកឆ្នាំង ប្រសិនបើគាត់ប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរ ថាតើយកសុវត្ថិភាពហ្នឹងមកបានអី។ កន្លែងហ្នឹងគឺជារឿងដែលសំខាន់។ សម្រាប់ខ្ញុំ ពេលនេះគឺអត់សក្តសម [នឹងអនុវត្តការផាកពិន័យថ្មី]ទេ វាគួរតែមានការពន្យារពេល»។ នេះបើតាមប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍។
កាលពីថ្ងៃទី៣០ ខែមេសា សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះថា ពលរដ្ឋដែលបើកបរត្រឹមត្រូវ នឹងមិនត្រូវឃាត់សួររកឯកសារនោះទេ។ បើតាមសម្ដេច ស ខេង ការអនុវត្តច្បាប់ចរាចរណ៍នេះ គឺជាការរឹតបន្តឹងនៃវិធានការមួយ ដើម្បីបញ្ចៀសគ្រោះថ្នាក់លើដងផ្លូវ និងធានាសុខសុវត្ថិភាពពលរដ្ឋ ពោលគឺមិនមែនដាក់បន្ទុកលើប្រជាពលរដ្ឋ នៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩នោះទេ។
សម្រាប់ពលរដ្ឋដែលអនុវត្ត និងបើកបរគោរពច្បាប់ត្រឹមត្រូវនោះ សមត្ថកិច្ច ក៏មិនឃាត់សួររកឯកសារ ដើម្បីផាកពិន័យឡើយ។ សម្ដេច ស ខេង បានបញ្ជាក់លើហ្វេសប៊ុកដូច្នេះថា៖«សមត្ថកិច្ច នឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នក(បើកបរ)ត្រឹមត្រូវ គឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ »។
ចាប់តាំងពីថ្ងៃទី១ ឧសភា ឆ្នាំ២០២០មក កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក របស់ប្រជាពលរដ្ឋ ដោយអនុវត្តតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក (ថ្មី) ដែលចុះថ្ងៃទី១៧ ខែមីនា ដែលមានការផាកពិន័យជាប្រាក់ច្រើន ជាងមុនពី៣ទៅ៥ដង។
រយៈពេល៦ថ្ងៃ ពោលចាប់ពីថ្ងៃទី១ ដល់៦ឧសភា សមត្ថកិច្ចបានឃាត់យានយន្ត ៥,២៨១គ្រឿង និងមនុស្ស៣នាក់ ដែលបានប្រមាថលើសមត្ថកិច្ច ក្នុងការអនុវត្តវិធានការ នៃច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងចំណោមយានយន្តជាង៥ពាន់គ្រឿងនេះ មានម៉ូតូ៤,៤៩០គ្រឿង, រថយន្តតូចធំ៧៩១គ្រឿង ដោយអនុលោមតាមអនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក៕