កូនសិស្ស​វៀតណាម​នៅ​ខ្មែរ​ជាង​១​ពាន់​នាក់ ខកខាន​ចូល​ថ្នាក់រៀន​វិញ ខណៈ​ព្រំដែន​នៅតែ​បិទ​
COVID-19
អន្តរជាតិ
កូនសិស្ស​វៀតណាម​នៅ​ខ្មែរ​ជាង​១​ពាន់​នាក់ ខកខាន​ចូល​ថ្នាក់រៀន​វិញ ខណៈ​ព្រំដែន​នៅតែ​បិទ​
08, May 2020 , 8:29 am        
រូបភាព
រូបភាព៖ Vietnam Express
រូបភាព៖ Vietnam Express
​កូនសិស្ស​វៀតណាម​ជាង​១៣០០​នាក់​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស កម្ពុជា ប៉ុន្តែ​រៀន​នៅ​វៀតណាម ពុំ​អាច​ចូលរៀន​ក្នុង​ថ្នាក់រៀន​ពួកគេ​បាន ដោយហេតុថា ព្រំដែន​នៃ​ប្រទេសជិតខាង​ទាំងពីរ នៅ​បន្ត​បិទ​។ វៀតណាម​បានសម្រេច​បិទ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​កាលពី​ចុងខែ​មីនា​ក្នុង​កិច្ចប្រឹងប្រែង​ទប់ស្កាត់ COVID-19 ។​

 
​បើតាម​សារព័ត៌មាន​អន​ឡាញ​ក្នុងស្រុក​វៀតណាម Vietnam Express ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស មន្ទីរអប់រំ​វៀតណាម​ប្រចាំខេត្ត An Giang នៅ​ថ្ងៃទី​៥ ខែឧសភា គូសបញ្ជាក់ថា ស្រុក An Phu ខ្លួន ដែល​ជាប់​ព្រំដែន​ជាមួយនឹង​ប្រទេស​កម្ពុជា មាន​សិស្ស ១៣៤៧​នាក់ មកពី​ប្រទេសជិតខាង​មួយ​នេះ ដែល​កំពុង​សិក្សា​ក្នុង​កម្រិត​ថ្នាក់​បឋម និង​វិទ្យាល័យ​។  ជា​រៀងរាល់ថ្ងៃ ពួកគេ នឹង​ឆ្លងកាត់​ព្រំដែន​ដើម្បី​ចូល​ថ្នាក់រៀន និង​ត្រលប់​ទៅផ្ទះ​ពួកគេ​រៀងៗ​ខ្លួន​វិញ ក្រោយ​ចប់​រៀនសូត្រ​។ 
 
​អាជ្ញាធរខេត្ត An Giang កាលពី​ថ្មីៗ​នេះ បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ចំនួន ១៨​នាក់ ចូលមកក្នុង​ប្រទេស​វៀ​ត​ណា​ម ដាក់​ពួកគេ​នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ថ្នាក់រៀន​។ អាណាព្យាបាល​របស់​សិស្ស​វៀតណាម​៧​នាក់​ក្នុងចំណោម​១៨​នេះ បានសម្រេច​យល់ព្រម​តាម​សំណើ​នេះ​។ ចំណែក ១៣២៩ នាក់​ដែល​នៅ​សេសសល់​ទៀត នឹងត្រូវ​រង់ចាំ​រហូត​ដល់​ព្រំដែន​បើក​ឡើងវិញ​។ 
 
​ទោះជា​បែបនេះ​ក្តី មន្ទីរអប់រំ​ប្រចាំខេត្ត​នេះ លើកឡើង​ទៀតថា ខ្លួន​នឹង​ណែនាំ​ឲ្យ​ខាង​សាលា​រៀបចំ​ថ្នាក់​បន្ថែម​សម្រាប់​សិស្ស​រៀនសូត្រ​បំពេញបន្ថែម អំឡុងពេល​ពួកគេ​ស្ថិតក្នុង​សភាព​ច​ត្តា​ឡី​ស័ក​បែបនេះ​។ ប្រាប់​សារព័ត៌មាន Vietnam Express នាយក​សាលា​បឋម​មួយ​ក្នុងស្រុក An Phu អះអាងថា ក្នុងចំណោម​កូនសិស្ស​នៅ​សាលា​អ្នកស្រី​សរុប​១០៤៩​នាក់  ប្រមាណ ៣៩០​នាក់ កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​។ 
 
«​សាលារៀន បាន​ប្រាប់​ទៅ​កូនសិស្ស​ក្នុងប្រទេស​កម្ពុជា​ឲ្យ​បន្ត​រៀនសូត្រ​តាមរយៈ​ប៉ុស្តិ៍​ទូរទស្សន៍​ខេត្ត An Giang​។ គ្រូៗ ក៏​នឹង​សម្ភារៈ​សិក្សា​ដល់​សិស្ស​តាមរយៈ​អន​ឡាញ​ផងដែរ​»​។ អ្នកគ្រូ​នាយក​វៀតណាម Nguyen Thi Diem Tuyet អះអាង​បែបនេះ​។ 
 
​ខណៈ​រដ្ឋាភិបាល​វៀតណាម​ផ្ដើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​គម្លាត​សុវត្ថិភាព កាលពី​ចុងខែ​មេសា​កន្លងទៅ សិស្ស​វៀតណាម​ជាច្រើន​បាន​ត្រលប់​ចូល​ថ្នាក់រៀន​ពួកគេ​វិញ​ហើយ កាលពីដើម​សប្តាហ៍​។ នេះ គឺជា​លើកដំបូង ចាប់តាំងពី​ថ្ងៃ​ឈប់សម្រាក​កាលពី​ចុងខែ​មករា​មក ព្រោះតែ​ការរីក​រាលដាល COVID-19 ។ អំឡុងពេល​រាតត្បាត​នេះ សាលារៀន​ភាគច្រើន បន្ត​សិក្សា​តាមរយៈ​អន​ឡាញ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៧ ខែឧសភា ប្រទេស វៀតណាម មាន​ករណី​ឆ្លង COVID-19 ត្រឹម​២៧១​ករណី ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​សរុប​មាន ២៣២​នាក់ ខណៈ​គ្មាន​ករណី​ស្លាប់​ដោយសារ COVID-19 ឡើយ​។ ជាង​២​សប្តាហ៍​ហើយ ប្រទេស​ដែលមាន​ពលរដ្ឋ​ជាង​៩៥​លាន​នាក់ ពុំមាន​រាយការណ៍​ករណី​ឆ្លង​លក្ខណៈ​សហគមន៍​ថ្មី​ឡើយ​។​
 
​ទោះជា​បែបនេះ​ក្តី វៀតណាម​ពុំ​មើលស្រាល​លើ​ស្ថានការណ៍​ឡើយ​។ អាជ្ញាធរ​កំពុង​អនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹង​បំផុត​ក្នុង​បរិវេណ​សាលារៀន ដោយ​សិស្ស​ទាំងអស់​ត្រូវដាក់​ប​ញ្ជា​ឲ្យ​រក្សា​គម្លាត​១,៥​ម៉ែត្រ​ពីគ្នា នៅ​គ្រប់ពេលវេលា ហើយ​គ្រប់គ្នា​ត្រូវ​ពាក់​ម៉ាស់​៕

Tag:
 វៀតណាម​
  សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com