កូនសិស្សវៀតណាមជាង១៣០០នាក់ដែលកំពុងរស់នៅក្នុងប្រទេស កម្ពុជា ប៉ុន្តែរៀននៅវៀតណាម ពុំអាចចូលរៀនក្នុងថ្នាក់រៀនពួកគេបាន ដោយហេតុថា ព្រំដែននៃប្រទេសជិតខាងទាំងពីរ នៅបន្តបិទ។ វៀតណាមបានសម្រេចបិទព្រំដែនជាមួយប្រទេសកម្ពុជាកាលពីចុងខែមីនាក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ COVID-19 ។
បើតាមសារព័ត៌មានអនឡាញក្នុងស្រុកវៀតណាម Vietnam Express ដែលផ្សាយជាភាសាអង់គ្លេស មន្ទីរអប់រំវៀតណាមប្រចាំខេត្ត An Giang នៅថ្ងៃទី៥ ខែឧសភា គូសបញ្ជាក់ថា ស្រុក An Phu ខ្លួន ដែលជាប់ព្រំដែនជាមួយនឹងប្រទេសកម្ពុជា មានសិស្ស ១៣៤៧នាក់ មកពីប្រទេសជិតខាងមួយនេះ ដែលកំពុងសិក្សាក្នុងកម្រិតថ្នាក់បឋម និងវិទ្យាល័យ។ ជារៀងរាល់ថ្ងៃ ពួកគេ នឹងឆ្លងកាត់ព្រំដែនដើម្បីចូលថ្នាក់រៀន និងត្រលប់ទៅផ្ទះពួកគេរៀងៗខ្លួនវិញ ក្រោយចប់រៀនសូត្រ។
អាជ្ញាធរខេត្ត An Giang កាលពីថ្មីៗនេះ បានយល់ព្រមអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ចំនួន ១៨នាក់ ចូលមកក្នុងប្រទេសវៀតណាម ដាក់ពួកគេនៅដាច់ដោយឡែក១៤ថ្ងៃ ហើយអនុញ្ញាតឲ្យពួកគេចូលថ្នាក់រៀន។ អាណាព្យាបាលរបស់សិស្សវៀតណាម៧នាក់ក្នុងចំណោម១៨នេះ បានសម្រេចយល់ព្រមតាមសំណើនេះ។ ចំណែក ១៣២៩ នាក់ដែលនៅសេសសល់ទៀត នឹងត្រូវរង់ចាំរហូតដល់ព្រំដែនបើកឡើងវិញ។
ទោះជាបែបនេះក្តី មន្ទីរអប់រំប្រចាំខេត្តនេះ លើកឡើងទៀតថា ខ្លួននឹងណែនាំឲ្យខាងសាលារៀបចំថ្នាក់បន្ថែមសម្រាប់សិស្សរៀនសូត្របំពេញបន្ថែម អំឡុងពេលពួកគេស្ថិតក្នុងសភាពចត្តាឡីស័កបែបនេះ។ ប្រាប់សារព័ត៌មាន Vietnam Express នាយកសាលាបឋមមួយក្នុងស្រុក An Phu អះអាងថា ក្នុងចំណោមកូនសិស្សនៅសាលាអ្នកស្រីសរុប១០៤៩នាក់ ប្រមាណ ៣៩០នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា។
«សាលារៀន បានប្រាប់ទៅកូនសិស្សក្នុងប្រទេសកម្ពុជាឲ្យបន្តរៀនសូត្រតាមរយៈប៉ុស្តិ៍ទូរទស្សន៍ខេត្ត An Giang។ គ្រូៗ ក៏នឹងសម្ភារៈសិក្សាដល់សិស្សតាមរយៈអនឡាញផងដែរ»។ អ្នកគ្រូនាយកវៀតណាម Nguyen Thi Diem Tuyet អះអាងបែបនេះ។
ខណៈរដ្ឋាភិបាលវៀតណាមផ្ដើមបន្ធូរបន្ថយការរឹតត្បិតគម្លាតសុវត្ថិភាព កាលពីចុងខែមេសាកន្លងទៅ សិស្សវៀតណាមជាច្រើនបានត្រលប់ចូលថ្នាក់រៀនពួកគេវិញហើយ កាលពីដើមសប្តាហ៍។ នេះ គឺជាលើកដំបូង ចាប់តាំងពីថ្ងៃឈប់សម្រាកកាលពីចុងខែមករាមក ព្រោះតែការរីករាលដាល COVID-19 ។ អំឡុងពេលរាតត្បាតនេះ សាលារៀនភាគច្រើន បន្តសិក្សាតាមរយៈអនឡាញ។
គិតត្រឹមថ្ងៃទី៧ ខែឧសភា ប្រទេស វៀតណាម មានករណីឆ្លង COVID-19 ត្រឹម២៧១ករណី ក្នុងនោះអ្នកជំងឺជាសះស្បើយសរុបមាន ២៣២នាក់ ខណៈគ្មានករណីស្លាប់ដោយសារ COVID-19 ឡើយ។ ជាង២សប្តាហ៍ហើយ ប្រទេសដែលមានពលរដ្ឋជាង៩៥លាននាក់ ពុំមានរាយការណ៍ករណីឆ្លងលក្ខណៈសហគមន៍ថ្មីឡើយ។
ទោះជាបែបនេះក្តី វៀតណាមពុំមើលស្រាលលើស្ថានការណ៍ឡើយ។ អាជ្ញាធរកំពុងអនុវត្តវិធានការគម្លាតសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុតក្នុងបរិវេណសាលារៀន ដោយសិស្សទាំងអស់ត្រូវដាក់បញ្ជាឲ្យរក្សាគម្លាត១,៥ម៉ែត្រពីគ្នា នៅគ្រប់ពេលវេលា ហើយគ្រប់គ្នាត្រូវពាក់ម៉ាស់៕