COVID-19
អន្តរជាតិ
ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី ជំរុញ​ឲ្យ​ភាគី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង រក្សា​ភាពស្ងប់ស្ងាត់​
08, May 2020 , 9:29 am        
រូបភាព
រូបភាព៖ Straits Times Graphics
រូបភាព៖ Straits Times Graphics
​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានបង្ហាញ​ក្តីបារម្ភ​ជុំវិញ​បញ្ហា​ភាព​តានតឹង​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​បាន​កើតឡើង​សារជាថ្មី ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ លោកស្រី​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​ប្រទេស​ទាំងអស់​គោរព​ទៅតាម​ច្បាប់​អន្តរជាតិ រក្សា​ស្ថិរភាព និង​សន្តិភាព​នៅក្នុង​តំបន់​។ ភាព​តានតឹង​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នេះ កើតឡើង​ខណៈពេល​ពិភពលោក​កំពុង​ជាប់ដៃ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19 ។​

 
​តំបន់​សមុទ្រ​ចិន​ខាងត្បូង បាន​កើនឡើង​កម្តៅ​សារជាថ្មី ចាប់តាំងពី​ចិន​បង្កើត​ដែន​រដ្ឋបាល​របស់ខ្លួន​នៅ​ប្រជុំ​កោះ Paracel និង Spratly មក​។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​បង្កើត​ដែន​រដ្ឋបាល វៀតណាម បានចេញ​សេចក្តីថ្លែងការណ៍​មួយ​តវ៉ា​ជុំវិញ​បញ្ហា​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាវា​អាមេរិក USS Barry ក៏បាន​បើក​ក្បែរ​ប្រជុំ​កោះ Paracel ផងដែរ ដោយ​ផ្អែកលើ «​ប្រតិបត្តិការ​សេរីភាព​នៃ​នាវាចរណ៍​»​។ ទាក់ទង​នឹង​បញ្ហា​នេះ ចិន​បាន​ចេញមុខ​ជំទាស់​យ៉ាងខ្លាំង និង​ថា អាមេរិក​ចូលចិត្ត​នាំ​រឿង​មក​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​ដោយ​មើលឃើញ​ពី​បញ្ហា​នេះ ឥណ្ឌូណេស៊ី ដែល​ត្រូវបាន​គេ​ចាត់ទុកជា​មេដឹកនាំ​បងធំ​អាស៊ាន បានចេញ​មុខ​ទទូច​ឲ្យ​ប្រទេស​ជម្លោះ​ទាំងអស់​រក្សា​ភាពស្ងប់ស្ងាត់​ជាជាង​បង្ហាញ​កម្លាំង​ដាក់គ្នា​។ ថ្លែង​ក្នុង​សន្និសីទកាសែត​ថ្ងៃទី​៦ ខែឧសភា លោកស្រី Retno Marsudi រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​ទទូច​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ដើម្បី​ធានា​សេរីភាព​នាវាចរណ៍ និង​ការហោះហើរ ជាពិសេស​គោរព​តាមច្បាប់​អន្តរជាតិ ឬ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ។ 
 
​ក្នុងន័យនេះ ឥណ្ឌូណេស៊ី ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជៀសវាង​ប្រើប្រាស់​កម្លាំង​ដាក់គ្នា ដែល​នាំ​ឲ្យ​បំផ្លាញ​ដល់​ទំនាក់ទំនង និង​ទំនុកចិត្ត​របស់​ប្រទេស​ទាំងអស់ និង​បង្ក​ឲ្យ​ការ​រីកសាយ​នៃ​ភាព​តានតឹង​នៅក្នុង​តំបន់​។ លោកស្រី Marsudi បាន​និយាយ​បែបនេះ ដោយ​បន្ថែមថា ឥណ្ឌូណេស៊ី កំពុង​ឃ្លាំមើល​ស្ថានការណ៍ នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​យ៉ាង​ម៉ត់ចត់​បំផុត​។ 
 
​បន្ថែម​ពីលើ​នេះ លោកស្រី​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី ក៏បាន​លើកឡើង​ពី​ក្រម​ប្រតិបត្តិ​ស្តីពី​តំបន់​សមុទ្រ​ចិន​ខាងត្បូង (Code of Conduct) ផងដែរ​។ ត្រង់ចំណុច លោកស្រី​អះអាងថា ឥណ្ឌូណេស៊ី នៅតែ​បន្ត​ការប្តេជ្ញា​របស់ខ្លួន ដើម្បី​បញ្ចប់​ក្រម​ប្រតិបត្តិ​នេះ​។ ប៉ុន្តែ​ការចរចា​នៃ​ក្រម​ប្រតិបត្តិ​នេះ គឺ​យឺត​ណាស់​។​
 
​នា​ខែមេសា​កន្លងទៅ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី ក៏​បានចេញ​សេចក្តីប្រកាស​ឲ្យ​ភាគី​ជម្លោះ​មាន​ភាពស្ងប់ស្ងាត់ និង​រក្សា​សន្តិភាព​ផងដែរ បន្ទាប់ពី​នាវា​ស្រាវជ្រាវ​របស់​ចិន ដេញតាម​នាវា​រុករក​របស់​ម៉ាឡេស៊ី​។ ភាព​តានតឹង​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង បានកើត​ឡើង ខណៈពេល​ភាគី​ជម្លោះ ក៏ដូចជា​ពិភពលោក​ទាំងមូល កំពុង​ជាប់ដៃ​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19 ៕

Tag:
 ឥណ្ឌូណេស៊ី​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com