COVID-19
អន្តរជាតិ
រុស្ស៊ី ជា​ប្រទេស​ទី​៥ មាន​ករណី COVID-19 ច្រើន ក្រោយ​ករណី​ឆ្លង​មាន​លើស​មួយ​ម៉ឺន​៥​ថ្ងៃ​ជាប់​គ្នា​
08, May 2020 , 10:29 am        
រូបភាព
រូបភាព៖ Valery Sharifulin
រូបភាព៖ Valery Sharifulin
​រុស្ស៊ី នា​ថ្ងៃទី​៧ ខែឧសភា បាន​រាយការណ៍​ពី​ការកើនឡើង​ករណី​ឆ្លង​នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ដែលមាន​ដល់​ជិត ១៨​ម៉ឺន​ករណី​។ តួលេខ​នេះ គឺជា​ចំនួន​ដែល​ច្រើនជាងគេ​បំផុត​លំដាប់​ទី​៥ នៅលើ​ពិភពលោក​។ យ៉ាងណាក៏ដោយ អភិបាលក្រុង​មូ​ស្គូ បាន​លើកឡើងថា តួលេខ​ពិត​នៃ​ករណី​ផ្ទុក COVID-19 អាច​នឹងមាន​ច្រើនជាង​នេះ​។​

 
​ស្ថានការណ៍​កូ​រ៉ូ​ណាវី​រុស​នៅ​រុស្ស៊ី កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ទៅៗ បន្ទាប់ពី​ប្រទេស​ជាប់​ព្រំដែន​ចិន​មួយ​នេះ បានប្រកាស​ពី​ការឆ្លង​ថ្មី​លើសពី ១​ម៉ឺន​ករណី​ជា​រៀងរាល់ថ្ងៃ ពោលគឺ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​៣ ខែឧសភា កន្លងមក​។ សម្រាប់​ថ្ងៃទី​៧ ខែឧសភា រុស្ស៊ី​មាន​អ្នក​ឆ្លង COVID-19 ថ្មី​ចំនួន ១១២៣១​ករណី និង​អ្នកស្លាប់ ៨៨​នាក់​។ នេះ​បើតាម​តួលេខ​របស់​វែបសាយ Worldometer​។ 
 
​អត្រា​ឆ្លង​ប្រចាំថ្ងៃ​មាន​កម្រិត​ខ្ពស់​បែបនេះហើយ បានធ្វើ​ឲ្យ​រុស្ស៊ី​មាន​ករណី COVID-19 សរុប​លើសពី​បារាំង ដែលមាន​១៧៤៧៩១​ករណី​) និង​អាល្លឺម៉ង់​ដែលមាន​១៦៩៤៣០​ករណី ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេងទៀត​។ ពោល គឺ រុស្ស៊ី​ក្លាយជា​ប្រទេស​ទី​៥ ដែលមាន​ករណី​កូ​រ៉ូ​ណា​វីរុស​សរុប​ច្រើនជាងគេ​ផងដែរ​។ តួលេខ​សរុប​របស់​រុស្ស៊ី​មាន​ចំនួន ១៧៧១៦០​ករណី អ្នកស្លាប់​ចំនួន ១៦២៥​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ២៣៨០៣​នាក់​។ 
 
​យ៉ាងណាក៏ដោយ បើតាម​ការបញ្ជា​ក់រប​ស់​អភិបាលក្រុង​មូ​ស្គូ លោក Sergei Sobyanin តួលេខ​ពិត​នៃ COVID-19 នៅ​រុស្ស៊ី​អាច​លើសពីនេះ​រហូតដល់​ទៅ ៣០​ម៉ឺន​ករណី ឬ​ច្រើនជាង​តួលេខ​គេ​ប្រកាស ៣​ដង​។ ចំណែក​នាយកដ្ឋាន​សុខាភិបាល​ទីក្រុង​មូ​ស្គូ បាន​បញ្ជាក់ថា ការធ្វើ​តេស្ត​យឺត​នៅ​រុស្ស៊ី បាន​បង្ក​ផល​អវិជ្ជមាន​យ៉ាងខ្លាំង ដោយសារ​អ្នក​ផ្ទុក COVID-19 មួយចំនួន មិន​បានចេញ​រោគសញ្ញា ដែល​បណ្តាល​ឲ្យ​ឆ្លងទៅ​មនុស្ស​ជាច្រើន​នាក់​។ 
 
​បើទោះបី​ជាមាន​ធ្វើតេស្ត​យឺត​ពេល​ក៏ដោយ ក៏​រុស្ស៊ី​បាន​ខិតខំ​ធ្វើ​កិច្ចការ​របស់ខ្លួន​ដែរ ដើម្បី​ទប់ស្កាត់ និង​បង្ការ COVID-19 នៅក្នុង​ប្រទេស​។ បើតាម​ការបញ្ជា​ក់រប​ស់លោក​អភិបាលក្រុង​មូ​ស្គូ​ដដែល រុស្ស៊ី បាន​ព​ន្លឿ​ន​ការ​ធ្វើតេស្ត​របស់ខ្លួន​យ៉ាងខ្លាំង ហើយ​មកទល់ពេលនេះ​រុស្ស៊ី​បានធ្វើ​តេស្ត​អ្នក​ង្ស័​យ​រហូតដល់​ជាង ៤,៨​លាន​នាក់​ឯណោះ​។ 
 
​ក្រៅពីនេះ រុស្ស៊ី​ក៏បាន​ចាត់វិធានការ​ផ្សេងទៀត​ផងដែរ ដើម្បី​បង្ការ​កូ​រ៉ូ​ណាវី​រុស ដូចជា​បទបញ្ជា​ឲ្យ​ប្រជាជន​ក្រុង​មូ​ស្គូ​ស្នាក់​នៅផ្ទះ​មួយរយៈ បម្រាម​មិន​ឲ្យ​ប្រជាជន​ទៅធ្វើ​ការ បទបញ្ជា​បិទ​ទីក្រុង​មូ​ស្គូ ឲ្យ​ប្រជាជន​ពាក់​ម៉ាស់ និង​ថែរក្សា​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​ជាដើម​៕ 

Tag:
 រុស្ស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com