COVID-19
អន្តរជាតិ
សមាជិកព្រឹទ្ធសភាអាមេរិក ចង់ប្តូរឈ្មោះផ្លូវមុខទូតចិននៅវ៉ាស៊ីនតោន ដើម្បីឧទ្ទិសដល់វេជ្ជបណ្ឌិត Li Wenliang កម្រងផ្កាឧទ្ទិសដល់សពលោកវេជ្ជបណ្ឌិតLi Wenliang ។ រូបភាព AFP
× សមាជិកព្រឹទ្ធសភាអាមេរិកនៅថ្ងៃទី៧ ខែឧសភា បានលើកសំណើរចង់ប្តូរឈ្មោះផ្លូវទល់មុខស្ថានទូតចិន ទៅដាក់ឈ្មោះវេជ្ជបណ្ឌិតម្នាក់នៅទីក្រុងវូហាន ដែលព្យាយាមព្រមានពីការផ្ទុះជំងឺCOVID-19 តែត្រូវបានពិន័យដោយអាជ្ញាធរចិន។ ប៉ុន្តែការលើកសំណើបែបនេះ នឹងធ្វើឲ្យចិនកាន់តែខឹងសម្បារនឹងអាមេរិក។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP សំណើររបស់អ្នកតាក់តែងច្បាប់អាមេរិក គឺចង់ប្តូរឈ្មោះផ្លូវនៅទល់មុខស្ថានទូតចិន ទៅជាវិថី Li Wenliang Plaza ជំនួសឲ្យឈ្មោះ International Plaza ដែលកំពុងប្រើរាល់ថ្ងៃ។
លោក Li គឺជាវេជ្ជបណ្ឌិតមួយរូបដែលចែកចាយសារនៅលើបណ្តាញសង្គមក្នុងខែធ្នូរ ដោយព្រមានពីការសាយភាពនូវវីរុសកូរ៉ូណានៅវូហាន។ ក្រោយមក លោក Li ត្រូវបានស្តីបន្ទោសដោយអាជ្ញាធរចិន និងចុះកិច្ចសន្យាថា នឹងមិនប្រព្រឹត្តអំពើល្មើសច្បាប់ទៀតឡើយ។ លោក Li ទទួលមរណភាពក្នុងខែកុម្ភៈដោយសារជំងឺដែលលោកបានព្រមាន។ មរណភាពរបស់លោក បណ្តាលឲ្យមានការខឹងសម្បារទូទាំងប្រទេស និងការសុំទោសយ៉ាងកម្រពីសំណាក់ប៉ូលិសចិនផងដែរ។
សមាជិកព្រឹទ្ធសភា Tom Cotton ដែលតែងមានទំនោរវាយប្រហារចិន និយាយថា៖ «យើងនឹងធានាថាលោកLin Wenliang នឹងមិនត្រូវបានបំភ្លេច ដោយដាក់ឈ្មោះលោកLi នៅក្រៅស្ថានទូតប្រទេសដែលត្រូវទទួលខុសត្រូវចំពោះការស្លាប់ដែលលោកព្យាយាមបង្ការ។»
សំណើប្តូឈ្មោះផ្លូវនេះ ក៏ទទួលបានការគាំទ្រពីព្រឹទ្ធសមាជិក Marco Rubio ដែរ ដោយបានបញ្ជូនទៅសភាទាំងពីររួចហើយ។
គួររំលឹកផងដែរថា សំណើរប្តូរឈ្មោះផ្លូវនៅមុខស្ថានទូតចិននេះ ធ្លាប់ស្នើម្តងដែរនៅឆ្នាំ២០១៤ ដោយប្តូរទៅដាក់ឈ្មោះលោក Liu Xiaobo ម្ចាស់ជ័យលាភីពានរង្វាន់ណូបែល ដែលត្រូវបានឃុំខ្លួនដោយអាជ្ញាធរចិន ក្រោយអំពាវនាវឲ្យមានកំណែទម្រង់ប្រជាធិបតេយ្យ។ ប៉ុន្តែសំណើក្នុងឆ្នាំ២០១៤នោះ មិនត្រូវបានអនុម័តក្នុងសភាតំណាងឡើយ ដោយលោក បារ៉ាក់ អូបាមា អតីតប្រធានាធិបតីអាមេរិក គំរាមវ៉េតូ ដើម្បីរក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្រោយអាមេរិកលើកសំណើរចង់ប្តូរឈ្មោះផ្លូវទៅ Liu Xiaobo មានប្រជាជនចិនមួយចំនួនចង់លើកសំណើប្តូរឈ្មោះផ្លូវនៅជុំវិញស្ថានទូតអាមេរិកក្នុងក្រុងប៉េកាំងទៅជា Edward Snowden វិញ។ លោក Edward Snowden ជាអតីតទីភ្នាក់ងារស៊ើបការរបស់អាមេរិក ដែលទម្លាយការសម្ងាត់ស្តីពីការលួចយកការណ៍របស់រដ្ឋាភិបាលអាមេរិកលើពលរដ្ឋខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com