COVID-19
ជាតិ
សុខភាព
ករណីដែលមិនទាន់សះស្បើយពី COVID-19៖ ម្នាក់មានជំងឺប្រចាំកាយ និងម្នាក់ទៀតមានជំងឺផ្លូវចិត្ត លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។ រូបថត ThmeyThmey
× អ្នកជំងឺកូវីដ-១៩ (COVID-19) ពីរនាក់នៅខេត្តបន្ទាយមានជ័យ និងកំពង់ឆ្នាំង ដែលមិនទានា់ជាសះស្បើយនោះ គឺដោយសារពួកគាត់មានជំងឺផ្សេងទៀត។ នេះបើតាមការអះអាងរបស់អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់ក្រុមអ្នកសារព័ត៌មានតាមរយៈបណ្តាញសង្គម Telegram នាថ្ងៃទី៨ ខែឧសភា។
អ្នកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា សភាពទូទៅរបស់អ្នកជំងឺទាំងពីរគឺមិនធ្ងន់ធ្ងរទេ តែវីរុសនៅមានក្នុងខ្លួនពួកគាត់នៅឡើយ។ « វីរុសនេះ យើងពិបាកនឹងដឹងណាស់ ដោយសារអ្នកទាំងពីរ ម្នាក់ជាបុរសវ័យ៧៥ឆ្នាំ មានបញ្ហាសុខភាពប្រចាំកាយ និងម្នាក់ទៀតជាស្ត្រីវ័យ៣៦ឆ្នាំ មានបញ្ហាប៉ះពាល់ផ្លូវចិត្ត តម្រូវឱ្យមានការពិនិត្យព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិបន្តទៀត»។
ជាមួយគ្នានេះសារព័ត៌មានថ្មីៗ(ThmeyThemy) មិនអាចសុំមកបកស្រាយ ឬពន្យល់បន្ថែមពីបញ្ហាជុំវិញនៃអ្នកជំងឺកូវីដ-១៩ របស់ជំងឺទាំងពីរនាក់ខាងលើ ពីអ្នកស្រី ឱ វណ្ណឌីន បានទេ ដោយទូរសព្ទហៅចូល តែមិនទទួល។
បើតាមក្រសួងសុខាភិបាលប្រកាសកន្លងមក ស្ត្រីវ័យ៣៦ឆ្នាំ ដែលមានជំងឺឆ្លងចិត្តនោះ គឺរស់នៅខេត្តបន្ទាយមានជ័យ ហើយបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមីនា។ ដោយឡែកបុរសវ័យ៧៥ដែលមានជំងឺប្រចាំកាយនោះ គឺរស់នៅខេត្តកំពង់ឆ្នាំង រកធ្វើកូវីដ-១៩ តាំងពីថ្ងៃ១៧ ខែមីនា មក។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៨ឧសភា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២០នាក់ នៅរាជធានី-ខេត្តចំនួន១៣។ ក្នុងនោះមានអ្នកជាសះស្បើយ១២០នាក់ និងនៅសល់២នាក់ ខណៈដែល ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជាគ្មានករណីឆ្លងថ្មីនៃជំងឺ ចំនួន២៦ថ្ងៃជាប់គ្នា ពោលគឺចាប់ពីថ្ងៃទី១៣មេសា មក។
ទោះបីកម្ពុជាបន្តគ្មានករណីឆ្លងថ្មី ក៏កម្ពុជាកំពុងតែស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នជាប់ជានិច្ចនៅឡើយ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ដូច្នេះក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទកន្លងទៅ។ លោក ក៏បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្ត និងបង្កើនការយកចិត្តទុកដាក់ឲ្យខ្ពស់ និងអនុវត្តវិធានអនាម័យនានា និងការរក្សាគម្លាតសុវត្ថិភាពតាមការណែនាំ ដើម្បីកុំឱ្យមានការចម្លងរាតត្បាតក្នុងសហគមន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com