COVID-19
អន្តរជាតិ
WHO ព្រមាន​ថា អ្នកស្លាប់​នៅ​អាហ្វ្រិក​អាចមាន​រហូត​១៩​ម៉ឺន​នាក់ បើ​មិនអាច​ទប់ស្កាត់ COVID-19
08, May 2020 , 7:29 pm        
រូបភាព
ដោយ:
​មនុស្ស​រហូតដល់ ១៩​ម៉ឺន​នាក់​ក្នុង​ទ្វីបអាហ្វ្រិក អាច​បាត់​បង់ជីវិត​ដោយសារ​ជំងឺ COVID-19 ក្នុងពេល​មួយឆ្នាំ ប្រសិនបើ​ចំណាត់ការ​ទប់ស្កាត់​ទទួល​បរាជ័យ​។ អង្គការ​សុខភាព​ពិភពលោក (WHO) ព្រមាន​បែបនេះ នៅ​ថ្ងៃទី​៧ ខែឧសភា​។

 
​ទីភ្នាក់ងារ​សុខភាពរ​បស់​អង្គការសហប្រជាជាតិ​នេះ បាន​ដកស្រង់​ការសិក្សា​ថ្មី​មួយ ដែល​រៀបចំឡើង​ដោយ​ការិយាល័យ​តំបន់​ខ្លួន​ប្រចាំ​សាធារណរដ្ឋ​កុង​ហ្កោ​។ ការសិក្សា​នេះ រកឃើញថា មនុស្ស​ចន្លោះ​ពី​៨៣ ០០០​នាក់ និង​១៩០ ០០០​នាក់ អាច​ស្លាប់ ហើយ ២៨ ទៅ ៤៤​លាន​នាក់ អាច​ឆ្លង COVID-19 អំឡុងពេល​ត្រឹម​មួយឆ្នាំ​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អង្គការ​សុខភាព​ពិភពលោក គូសបញ្ជាក់ថា ការស្រាវជ្រាវ​នេះ គឺ​ផ្អែកលើ​ការ​ទម្រង់​ព្យាករណ៍ និង​គ្របដណ្ដប់​៤៧​ប្រទេស ជាមួយ​ប្រជាជន​សរុប​១​ពាន់​លាន​នាក់​។ ការសិក្សា​នេះ ព្យាករ​ថា ក្នុង​ទ្វីបអាហ្វ្រិក​មាន​អត្រា​ចម្លងជំងឺ​យឺត អាយុ​អ្នកជំងឺ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ទាប និង​អត្រា​ស្លាប់​ទាប បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេងទៀត​ដែល​រងគ្រោះ​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយក WHO ទទួលបន្ទុក​តំបន់​អាហ្វ្រិក លោក Matshidiso Moeti អះអាងថា ខណៈ​ជំងឺ COVID-19 ទំនងជា​ពុំ​រីក​រាលដាល​ខ្លាំង​ក្នុង​តំបន់​អាហ្វ្រិក បើ​ធៀប​នឹង​កន្លែង​ផ្សេង​លើ​ពិភពលោក វា​ទំនង​នឹង​ឆ្លង​យឺតៗ​ក្នុង​តំបន់​រងគ្រោះ​ខ្លាំង​។ លោក​សង្កត់ធ្ងន់ថា COVID-19 អាច​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពលរដ្ឋ​អាហ្វ្រិក​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ប្រសិនបើ​រដ្ឋាភិបាល​ក្នុង​តំបន់​ពុំ​ចាត់​ចំណាត់ការ​សកម្ម​ទេនោះ​។​លោក​អះអាងថា​៖ «​យើង​ត្រូវ​ធ្វើតេស្ត តាមដាន និង​ព្យាបាល​»​។​
 
​ទាំង​ប្រទេស​តូច និង​ប្រទេស​ធំ​ក្នុង​តំបន់​អាហ្វ្រិក គឺ​សុទ្ធតែ​ប្រឈម​ហានិភ័យ​ខ្ពស់ ប្រសិនបើ​ចំណាត់ការ​ទប់ស្កាត់ ពុំ​ត្រូវអនុវត្ត​ទេនោះ ។ WHO ព្រមាន​បែបនេះ​។ កន្លងទៅ អ្នកជំនាញ ព្រមាន​ដូចគ្នានេះ ដោយ​លើក​ហេតុផល​ថា បណ្ដា​ប្រទេស​ក្នុង​តំបន់​នេះ មាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ អត្រា​ភាពក្រីក្រ​ខ្ពស់ និង​ជម្លោះ​ប្រដាប់អាវុធ ជាដើម​។ 
 
​គិត​ត្រឹម​ថ្ងៃទី ៧ ខែឧសភា តំបន់​អាហ្វ្រិក​ទាំងមូល មាន​ករណី​ឆ្លង​COVID-19​សរុប ៥៣ ៣៣៣​ករណី និង​អ្នក​ស្លាប់មាន ២០៦៥​នាក់ ។ នេះ​បើតាម​ការតាមដាន​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ៕

Tag:
 WHO
  អាហ្វ្រិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com