COVID-19
កីឡាជាតិ
ជាតិ
ក្លិបហាត់ប្រាណ ទីលានបាល់ទាត់ឯកជន ត្រូវមានការទទួលខុសត្រូវខ្ពស់លើការបើកសេវាកម្មឡើងវិញ
× ទោះបីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្បើយក៏ដោយ តែក្រសួងអប់រំ យុវជន និងកីឡាពុំទាន់អនុញ្ញាតឲ្យមានការហាត់ប្រាណតាមទីលានសាធារណៈ និងឯកជនលក្ខណៈជួបជុំនៅឡើយទេ។ ក្លិបហាត់ប្រាណ និងទីលានបាល់ទាត់ឯកជនត្រូវទទួលខុសត្រូវខ្លួនឯងពាក់ព័ន្ធរឿងកូវីដ-១៩ បើបើកដំណើរមុនសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡាពុំទាន់អនុញ្ញាតឲ្យក្លិបហាត់ប្រាណ និងទីលានបាល់ទាត់ឯកជនបើកដំណើរការនៅឡើយទេ។ លោកសង្កត់ធ្ងន់ថា បើមានក្លិបហាត់ប្រាណ ឬទីលានបាល់ទាត់ឯកបើកដំណើរមុនសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ត្រូវទទួលខុសត្រូវដោយខ្លួនឯង បើមានករណីឆ្លងនៃជំងឺកូវីដ-១៩។
«អ្នកណាដែលបើកផ្ទុយពីគោលការណ៍បច្ចេកទេសរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ ត្រូវទទួលខុសត្រូវខ្លួនឯង។ ក្រសួងមិនអនុញ្ញាតទេ តែបើរាជរដ្ឋាភិបាលផ្សព្វផ្សាយមកថា វា(កូវីដ-១៩)មានភាពធូរស្រាលអាចធ្វើសកម្មភាពវិញបាន ក្រសួងនឹងចេញសេចក្តីជូនដំណឹងមួយទៀតថា អាចអនុញ្ញាតឲ្យធ្វើសកម្មភាពឡើងវិញ»។ នេះជាការលើកឡើងរបស់លោក អ៊ុក សិទ្ធិជាតិ។
ថ្នាក់ដឹកនាំកីឡារូបនេះអះអាងថា ក្រសួងអប់រំពុំមានកម្លាំងគ្រប់គ្រាន់ ដើម្បីចុះទៅហាមឃាត់ការបើកដំណើរការក្លិបហាត់ប្រាណ និងទីលានបាល់ទាត់ឯកជនដល់កន្លែងនោះទេ។
«ធម្មតាក្រសួងអប់រំយុវជន និងកីឡាមានអីទៅហាមឃាត់គាត់ យើងមានតែសេចក្តីណែនាំ...ការហាមឃាត់ ឬការអីនឹង មាននៅក្នុងខ្លឹមសារលិខិត ហើយយើងគ្មានកម្លាំងឯណាទៅហាមឃាត់ ទាល់តែសមត្ថកិច្ច។ យើងបានផ្ញើលិខិតទៅកាន់អាជ្ញាធរ ដែលមានសមត្ថកិច្ច ដើម្បីធ្វើកិច្ចការងារនឹង»។ នេះជាការបញ្ជាក់របស់លោក អ៊ុក សិទ្ធិជាតិ។
គួររំលឹកថា ក្រសួងអប់រំ យុវជន និងកីឡាកាលពីដើមខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចឲ្យផ្អាកអាជីវកម្មក្លិបហាត់ប្រាណ ទីលានបាល់ទាត់ និងការហាត់ប្រាណនៅតាមទីលានសាធារណៈ និងឯកជននានា ដែលមានលក្ខណៈជួបជុំ ដោយសារបារម្ភពីការរីករាលដាលនៃជំងឺកូវីដ-១៩៕
Tag:
អ៊ុក សិទ្ធិជាតិ
ក្រសួងអប់រំ យុវជន និងកីឡា
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com