COVID-19
អន្តរជាតិ
អាមេរិក បារម្ភ​រឿង​ហ្វីលីពីន​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំណាស់​៦៦​ឆ្នាំ​
08, May 2020 , 8:59 pm        
រូបភាព
អ្នកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក (AFP)
អ្នកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក (AFP)
ដោយ:
​សហរដ្ឋអាមេរិក តាមរយៈ​ក្រសួងការបរទេស បង្ហាញ​ក្តីកង្វល់​ជុំវិញ ក្រោយ​រដ្ឋាភិបាល​ហ្វីលីពីន​បានសម្រេច​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​មួយ ABS-CBN ដែល​ធ្លាប់មាន​បញ្ហា​ជាមួយ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ អំឡុងពេល​បោះឆ្នោត​។​

 
«​យើង ព្រួយបារម្ភ​ពី​ស្ថានការណ៍​ពាក់ព័ន្ធ ABS-CBN »​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក អ្នកស្រី Morgan Ortagus បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី​៧ ខែឧសភា​។ អ្នកស្រី លើកឡើង​ទៀតថា​៖«​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្រប​សម្រួលកា​រ​ផ្ដោះ​ប្តូរ​ដំណឹង និង​គំនិត​ដ៏​បើកចំហ ដែលមាន​សារសំខាន់​សម្រាប់​សង្គម​ប្រជាធិបតេយ្យ វឌ្ឍនភាព និង​សេរី​»​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកស្រី​អ្នកនាំពាក្យ Ortagus គូសបញ្ជាក់ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី គឺមាន​សារសំខាន់​ក្នុងការ​លើកកម្ពស់​សុខ​ភាព​សាធារណៈ ជាពិសេស​ក្នុង​បរិយាកាស​ជំងឺ​រាតត្បាត​សកល COVID-19 ។ ត្រង់ចំណុច​នេះ អ្នកស្រី សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​នេះ គឺជា​រឿង​ពិត​សម្រាប់​សហរដ្ឋអាមេរិក ហ្វីលីពីន ក៏ដូចជា បណ្ដា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​»​។ 
 
ABS-CBN ដែលជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំណាស់​៦៦​ឆ្នាំ ត្រូវបាន​បង្ខំ​ឲ្យ​ផ្អាក​ប្រតិបត្តិការ បន្ទាប់ពី​សភា​ហ្វីលីពីន​ដែល​កាន់កាប់​ដោយ​ក្រុម​អ្នក​ស្មោះស្ម័គ្រ​របស់លោក ឌូ​ទើ​តេ ពុំ​ផ្ដល់​អាជ្ញា​បណ្ណ​ឲ្យ​ក្រុមហ៊ុន​នេះ​ជាថ្មី​។ ជាច្រើនលើក​មកហើយ មេដឹកនាំ​ហ្វីលីពីន​រូបនេះ បាន​គំរាម​រាំងខ្ទប់​ការផ្ដល់​អាជ្ញា​បណ្ណ​ជាថ្មី​ជូន​ដល់​ក្រុមហ៊ុន ABS-CBN ក្រោយ​ប៉ុស្តិ៍​ទូរទស្សន៍​នេះ​ធ្វើ​ឲ្យ​លោក​ខឹង អំឡុងពេល​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ដោយ​បដិសេធ​ចាក់ផ្សាយ​ពាណិជ្ជកម្ម​ស្តីពី​យុទ្ធនាការ​បោះឆ្នោត​លោក​។​
 
​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​មួយ បានផ្ដល់​ការងារ​ដល់​មនុស្ស​ជិត​៧០០០​នាក់ ហើយ​ពួកគេ​ដំណើរការ​វិទ្យុ ប៉ុ​ស្ត៍​ទូរទស្សន៍ និង​ចែកចាយ​មាតិកា​តាម​អន​ឡាញ​។ ទាក់ទិន​នឹង​ការផ្អាក​ដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈានមុខ​មួយ​ក្នុងប្រទេស​ហ្វីលីពីន​បែបនេះ លោក Carlos Conde នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) ប្រាប់ AFP ដូច្នេះ​ថា​៖«​នេះ​គឺជា​ការប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិសេរីភាព​សារព័ត៌មាន​ក្នុងប្រទេស​ហ្វីលីពីន​។ វា​ពិបាក​នឹង​គិតថា លោក ឌូ​ទើ​តេ មិន​ចូល​ពាក់ព័ន្ធ​នឹង​រឿងនេះ​ណាស់​»៕

Tag:
 ​ហ្វីលីពីន​
  សហរដ្ឋអាមេរិក​
  សារព័ត៌មាន​
  ABS-CBN
© រក្សាសិទ្ធិដោយ thmeythmey.com