ជាតិ
លាង​លុយ​៖ EU គ្រោង​ដាក់​កម្ពុជា ចូលក្នុង​បញ្ជី​ប្រទេស​ដែល​«​បង្ក​ការគំរាមកំហែង​ខ្លាំង​ទៅដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​»
08, May 2020 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ សហភាព​អឺរ៉ុប គ្រោង​ដាក់​កម្ពុជា ចូលទៅក្នុង​បញ្ជី​ប្រទេស ដែល​ត្រូវ​បង្កើន​ការត្រួតពិនិត្យ​លើ​ការលាង​លុយកខ្វក់​។ កម្ពុជា​និង​ប្រទេស​ជាង​១០​ទៀត នឹង​ក្លាយជា​មុខសញ្ញា​របស់​សហភាព​អឹ​រ៉ុ​ប ក្នុងការ​តាមដាន​លើ​ករណី​លាង​លុយ​នេះ​។


 
​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា កម្ពុជា​និង​ប្រទេស​ចំនួន​១១​ទៀត នឹងត្រូវ​ស្នើ​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​នៃ​ប្រទេស «​ដែល​បង្ក​ការគំរាមកំហែង​ខ្លាំង​ទៅដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប​» ដោយសារតែ​បរាជ័យ​ក្នុងការ​ដោះស្រាយ​ការលាង​លុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ ក្រៅពី​កម្ពុជា ប្រទេស​ទាំង​១១​ទៀត​រួមមាន ប៉ា​ណា​ម៉ា ហ្សា​ម៉ា​អ៊ី​ក ហ្កា​ណា ស៊ីម​បា​វ៉េ មី​យ៉ាន់​ម៉ា ម៉ូ​រី​ស ម៉ុង​ហ្គោ​លី បា​បា​ដុស បា​ហា​ម៉ា នី​កា​រ៉ា​ហ្កា និង​បុ​ត​ស្វា​ណា​។​
 
​បើតាម Reuters សហភាព​អឺរ៉ុប ធ្វើបែបនេះ គឺ​ក្នុង​បំណង​រឹតបន្តឹង​ការត្រួតពិនិត្យ​របស់ខ្លួន​ទៅលើ​បណ្ដា​ប្រទេស​ទាំងនេះ ដើម្បី​ទប់ស្កាត់​សកម្មភាព​លាង​លុយ និង​ការ​ចរាចរ​ហិរញ្ញប្បទាន​ភេរវកម្ម​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល សុំ​មិន​អត្ថាធិប្បាយ​លើ​ករណី​នេះឡើយ ដោយ​លោក​ស្នើឱ្យ​សួរ​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ទទួល​ភារកិច្ច​ក្នុងការ​បង្ក្រាប​ករណី​លាង​លុយ​នេះ​។​
 
​លោក មាស សុខ​សេ​សាន អ្នកនាំពាក្យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​សុំ​មិន​ឆ្លើយតប​នឹង​គម្រោង​របស់​សហភាព​អឹ​រ៉ុ​ប ដែល​ចង់​ដាក់​កម្ពុជា​ចូលក្នុង​បញ្ជីខ្មៅ​ដែរ​។ ប៉ុន្តែ​លោក សេ​សាន គ្រាន់តែ​អះអាងថា ក្រសួង​បាន​បង្ក្រាប​បទល្មើស​លាង​លុយ​នេះ​ច្រើន​មកហើយ ដោយ​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​។​
 
«​ក្រសួង​សេដ្ឋកិច្ច គ្រាន់តែ​ជា​សរីរាង្គ​តូច​មួយ នៅក្នុង​ការចូលរួមចំណែក​ប្រយុទ្ធប្រឆាំង​(​ការលាង​លុយ​)​។ ហើយ​ក្នុង​ក្របខណ្ឌ​ក្រសួង ដូច​គយ​សេដ្ឋកិច្ច​អី គាត់​បានធ្វើ​ហើយ ដូចជា​ចាប់​(​ជន​ទុច្ចរិត​) នៅ​ព្រលានយន្តហោះ​ដោយសារ​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​។ ហើយ​យើង​ធ្វើ​នេះ ស្ថិតនៅក្រោម​ឆ័​ត្រ​សម្របសម្រួល​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នក​នាំ​ក្រសួង​សេដ្ឋកិច្ច ដែល​ស្នើ​សុំឱ្យ​សារព័ត៌មាន​ថ្មីៗ ទាក់ទង​ទៅ​ធនាគារជាតិ​បន្ត ដើម្បី​លម្អិត​ព័ត៌មាន​។​
 
​សារព័ត៌មាន​ថ្មីៗ បាន​ទាក់ទង​ទៅ​លោកស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា និង​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណី​លាង​លុយ​នេះ ប៉ុន្តែ​ទូរ​សព្ទ គ្មាន​អ្នក​លើក​ទទួល​។​
 
​សហភាព​អឺរ៉ុប នឹង​អនុវត្ត​វិធានការ​ខ្លួន ទៅលើ​កម្ពុជា និង​បណ្ដា​ប្រទេស​ដែលមាន​រាយ​នាម​ខាងលើនេះ នៅ​ខែតុលា​ខាងមុខ​។ មិនតែប៉ុណ្ណោះ គណៈកម្មការ​អឺរ៉ុប ក៏​គ្រោង​បង្កើត​អង្គការ​មួយ សម្រាប់​ឃ្លាំមើល​ករណីនេះ នៅ​ឆ្នាំ​២០២៣​ផងដែរ​។​
 
​បន្ថែម​ពីនេះ សហភាព​អឹ​រ៉ុ​ប ក៏​ស្នើឱ្យ​ធនាគារ ក្រុមហ៊ុន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​សវ​នា​កម្ម​ផ្សេងៗ ពិនិត្យមើល​ឱ្យបាន​ដិតដល់​ទៅលើ​អតិថិជន​របស់​ពួកគេ ដែលមាន​ទំនាក់ទំនង​នឹង​បណ្ដា​ប្រទេស​ស្ថិតក្នុង​សំណើ​នេះ​។ ចំណែក​ក្រុមហ៊ុន​នានា​នៅតាម​បណ្ដា​ប្រទេស​ស្ថិតក្នុង​បញ្ជី​នេះ ក៏​នឹងត្រូវ​ហាមឃាត់​លើ​ការទទួលយក​មូលនិធិ​ពី​សហភាព​អឺរ៉ុប​ផងដែរ​។ នេះ​បើតាម​សារព័ត៌មាន Reuters​។​
 
​បច្ចុប្បន្នេះ ប្រទេស​ដែលជា​ប់​ឈ្មោះ​ក្នុង​បញ្ជី​នៃ​ប្រទេស «​ដែល​បង្ក​ការគំរាមកំហែង​ខ្លាំង​ទៅដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប​» រួចហើយនោះ រួមមាន អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ា​គី​ស្ថាន ស៊ី​រី យេ​ម៉ែន កូរ៉េខាងជើង អ៊ូ​ហ្គា​ន់​ដា វ៉ា​នូ​ទូ ទ្រី​នី​ដា​ត និង​តូ​បា​ហ្កូ​។​
 
​កាលពី​ឆ្នាំ​២០១៩​កន្លងមក កម្ពុជា បាន​បង្ក្រាប​បទល្មើស​លា​ង​លុយកខ្វក់​នេះ ប្រមាណ​៥​ករណី ដោយ​រឹបអូស​បាន​លុយ​ជាង​៧​លា​នុដ​ល្លារ​អាមេរិក​។ សព្វថ្ងៃនេះ កម្ពុជា​កំពុង​ស្ថិតនៅ​មាត់ច្រក​នៃ​«​បញ្ជី​ប្រផេះ​» (Grey List) របស់​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​អាស៊ី​ប៉ាស៊ីហ្វិក (APG)​។ «​បញ្ជី​ប្រផេះ​» គឺជា​សញ្ញា​ហានិភ័យ​មួយ ដល់​បណ្ដា​ប្រទេស​នៅក្នុង​ពិភពលោក នៃ​សមាជិក​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច (APG) ដែល​សង្ស័យថា មាន​ករណី​ចរាចរ​លើ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​។​
 
​កន្លងមក​សម្ដេច ស ខេង បាន​ណែនាំ​ឲ្យ​អ្នកមាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ការទប់ស្កាត់ និង​បង្ក្រាប​ការលាង​លុយកខ្វក់ ត្រូវ​ប្រឹងប្រែង​ដើម្បី​ការពារ​កិត្តិយស​ជាតិ​។ សម្ដេច បាន​បកស្រាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា​យើង​ធ្វើ​ដើម្បី​ការពារ​មុខមាត់​ជាតិ​យើង​។ រឿងនេះ​ស្មុគស្មាញ​មិន​ខុស​អ្វី​នឹង​គ្រឿងញៀន​ទេ​។ ខ្ញុំ​សង្ឃឹមថា​យើង​នឹង​បន្តធ្វើ​រឿងនេះ ហើយ​ឲ្យ​មានការ​គាំទ្រ​សំខាន់​បញ្ហា​គ្រឿងញៀន បញ្ហា​លាងលុយកខ្វក់ ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​នគរបាល គយ​ប្រចាំ​នៅ​ច្រក ឬក៏​សមត្ថកិច្ច​ដ៏ទៃទៀត ព្រោះ​ជួនកាល​អ្នករកស៊ី​បែប​នោះ​មាន​ល្បិច​ខ្ពស់​»​។​
 
​កម្ពុជា ក៏​កំពុង​រៀបចំ​ច្បាប់​បង្ក្រាប​បទល្មើស​លាង​លុយ​ផងដែរ​។ ច្បាប់​បង្ក្រាប​បទល្មើស​លា​ង​លុយ​នេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ នៃ​ការប្រមូល​ធាតុ​ចូល​បន្ថែម ក្នុង​ការដាក់ទោសទណ្ឌ​លើ​ជនល្មើស​ប៉ុណ្ណោះ​៕

Tag:
 EU
  លាងលុយកខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com