COVID-19
ជាតិ
សម្តេច ស ខេង​៖ កម្ពុជា​មិន​ដោះលែង​អ្នកទោស​ដោយ​បារម្ភ​បញ្ហា​កូ​វីដ​-១៩ ដូច​ប្រទេស​មួយចំនួន​ឡើយ​
08, May 2020 , 11:29 pm        
រូបភាព
សម្ដេច ស ខេង ក្នុងកិច្ចប្រជុំថ្ងៃទី៨ ឧសភា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
សម្ដេច ស ខេង ក្នុងកិច្ចប្រជុំថ្ងៃទី៨ ឧសភា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
​ភ្នំពេញ​៖ សម្ដេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ បាន​ប្រជុំពិភាក្សា​រក​ដំណោះស្រាយ​ពី​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​សំណុំរឿង​មួយចំនួន​ដែល​មិនទាន់បាន​ដោះស្រាយ ដើម្បី​ព​ន្លឿ​ន​ការកកស្ទះ​សំណុំរឿង​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងមហាផ្ទៃ​។


 
​កិច្ចប្រជុំ​នៅ​ទីស្តីការក្រសួង​មហាផ្ទៃ​ថ្ងៃទី​៨ ឧសភា​នេះ សម្តេច ស ខេង បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អ្នកជំនាញ​ផ្នែក​ច្បាប់ ព្រមទាំង​ស្ថាប័ន​អង្គភាព ភាគី​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ​។ 
 
​សម្ដេច ស ខេង ថ្លែងថា​៖ «​តាមរយៈ​ជំងឺ​កូ​វីដ​-១៩ ដែល​យើង​កំពុង​ជួបប្រទះ​នេះ ប្រទេសមួយ​ចំនួន​បាន​ដោះលែង​អ្នកទោស ប៉ុន្ដែ​យើង​មិន​ដល់​ថ្នាក់​នឹង​ទេ គឺ​នៅ​រក្សាបាន ប៉ុន្ដែ​ទោះបី​យ៉ាងណាក៏ដោយ គឺ​យើង​បន្ដ​ដោះស្រាយ​ការកកស្ទះ​នេះ ទៅនឹង​ភាព​ចង្អៀត​ណែន​»​។ 
 
​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ គឺជា​កិច្ច​សំខាន់​មួយ​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ រួមទាំង​ការ​យុទ្ធនា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ផងដែរ​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បទល្មើស​គ្រឿងញៀន​បាន​ស្ថិតក្នុង​ភាគរយ​ខ្ពស់​ជាងគេ ធៀប​នឹង​បទល្មើស​ផ្សេងៗ​ដែល​បាន​បញ្ជូនទៅ​តុលាការ ខណៈ​បទល្មើស​នេះ​ក៏​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ស្នើសុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់ស​ម្ដេច ស ខេង​។ 
 
​ជាមួយគ្នា​ដែរ លោក កើត រិ​ទ្ធ លើកឡើងថា ចំនួន​អ្នក​ជាប់​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ គឺ​បាន​កើនឡើង បើតាម​របាយការណ៍​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នាពេល​កន្លងទៅ​។ ជនល្មើស​ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ល្មើស​គ្រឿងញៀន មាន​ប្រមាណ​២​ម៉ឺន​នាក់ ហើយ​សំណុំ​រឿងនេះ ត្រូវបាន​កើនឡើង​ជា​គំហុក​នៅតាម​សាលាដំបូង​។ ចំណែក​អ្នក​ជាប់ឃុំ នៅតាម​ពន្ធនាគារ​ក៏មាន​ការកើនឡើង​ផងដែរ​។ 
 
​កន្លងមក​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​លើក​ថា ក្រសួងមហាផ្ទៃ​កំពុង​ជំរុញ​គម្រោង​សាងសង់​និង​ជួសជុល​កែលម្អ​អគារ​ឃុំឃាំង​នានា​ក្នុង​ពន្ធនាគារ ដើម្បី​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​នេះ​។ គម្រោង​នេះ ធ្វើឡើង​ដោយសារ​កម្ពុជា​នាពេល​បច្ចុប្បន្ន មាន​អ្នក​ជាប់ឃុំ​ប្រមាណ​៣,៨​ម៉ឺន​នាក់ ក្នុងនោះ​ស្ត្រី​មាន​ជាង​២,៥​ពាន់​នាក់​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ខៀវ សុភ័គ កាលពី​ថ្ងៃទី​១២​មីនា ឆ្នាំ​២០២០ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ ការងារ​បន្ដ​របស់​ក្រសួងមហាផ្ទៃ​»៕ 

Tag:
 ពន្ធនាគារ​
© រក្សាសិទ្ធិដោយ thmeythmey.com