កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ចង់​ចែករំលែក​ស្បែកជើង​មាស​ជាមួយ Yedder ដែល​រកបាន​១៨​គ្រាប់​ដូចគ្នា​
09, May 2020 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវ​បានផ្តល់​ស្បែកជើង​មាស ឬ​ពាន​កីឡាករ​ដែល​ស៊ុត​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​នៅក្នុង​ក្របខណ្ឌ Ligue 1 របស់​បារាំង​។ នេះ​ជាការ​សម្រេច​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​បារាំង ដែល​សម្រេច​បញ្ចប់​ព្រឹត្តិការណ៍​ប្រកួត​ទាំងអស់​មុន​រដូវ​កាល ដោយសារតែ​ការវាយលុក COVID-19​។

 
 
​ជាមួយនឹង​ការប្រកួត​ត្រឹម​២៧​លើក Paris Saint Germain បាន​ក្លាយជា​ម្ចាស់​ជើងឯក Ligue 1 ដោយ​ស្វ័យប្រវត្តិ ខណៈ Marseille, Rennes និង Lille ស្ថិតនៅ​លេខ​រៀង​បន្តបន្ទាប់​។ ស្របពេល​នេះដែរ Mbappe មានឱកាស​ទទួលបាន​ស្បែកជើង​មាស​ពីរ​រដូវ​កាល​ជាប់ៗ​គ្នា​។​
 
​ខ្សែប្រយុទ្ធ PSG រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​១៨​គ្រាប់​ក្នុងចំណោម​ការបង្ហាញ​ខ្លួន​ចំនួន​២០​លើក ហើយ​ត្រូវ​បានផ្តល់​ពាន​ស្បែកជើង​មាស ខណៈ Wissam Ben Yedder របស់ Monaco ដែល​រកបាន​១៨​គ្រាប់​ដូចគ្នា​ផងដែរ​នោះ បាន​ត្រឹម​ស្ថិតនៅ​លំដាប់​លេខ​២​។ ចំណុច​ដែល Yedder ចាញ់​ប្រៀប​នោះ គឺ​១៨​គ្រាប់​ក្នុងចំណោម​២៦​ប្រកួត ហើយ​មួយចំនួន​ជាការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​។​
 
​យោងតាម Football.fr ការកំណត់​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​បារាំង​បែបនេះ ទទួលរង​នូវ​ការរិះគន់​ជាច្រើន ដោយ​ចាត់ទុកថា ជាការ​សម្រេច​ដែល​លឿន និង​មិនបាន​សិក្សា​ស៊ីជម្រៅ​។ តាមរយៈ Twitter របស់ខ្លួន Mbappe ផ្ទាល់ ក៏​គិតថា Yedder គួរ​ទទួលបាន​ពាន​ស្បែកជើង​មាស​ផងដែរ ដូច​ករណី​នៅ Premier League កាលពី​រដូវ​កាល​មុន ដោយមាន Aubameyang, Mane និង Salah ទទួលបាន​ក្រោយ​រកបាន​២២​គ្រាប់​ស្មើគ្នា​។​
 
​ខណៈដែល​បារាំង​ប្រកាស​លុបចោល​ការប្រកួត​កីឡា​ទាំងអស់ ក្របខណ្ឌ Bundesliga អាល្លឺម៉ង់ បានសម្រេច​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​១៦ ខែឧសភា រីឯ La Liga, Serie A និង Premier League មិនទាន់មាន​ការសម្រេច​ផ្លូវការ​ណាមួយ​ឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com