ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រដូវប្រាំង ទឹកទន្លេ​សាប​ឆាប់​គោក អ្នករក​ត្រី​នៅ​តំបន់​ចុង​ឃ្នៀ​សរ​អ៊ូ​ដាច់បាយ​
09, May 2020 , 6:59 pm        
រូបភាព
​សៀមរាប​៖ ទន្លេសាប គឺជា​បឹង​ដ៏​ធំជាងគេ​នៅ​កម្ពុជា​។ បឹង​នេះ​សម្បូរ​ធនធាន​ជីវៈចម្រុះ​ជាច្រើន ដែល​អាច​ចិញ្ចឹម​ប្រជាជន​កម្ពុជា បាន​យ៉ាង​ងាយស្រួល​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារ​បម្រែបម្រួល​អាកាសធាតុ កំដៅថ្ងៃ​ក្ដៅ​ហួតហែង​ខ្លាំង ពិសេស​ក្នុង​រដូវប្រាំង ធ្វើឱ្យ​ទន្លេសាប​ឆាប់​គោក នៅ​ផ្ទៃ​កណ្ដាល​នៃ​ទន្លេ​ទឹក​មាន​បរិមាណ​តិចតួច​បំផុត​។  ប្រជា​នេសាទ​ដែល​ពឹង​អាស្រ័យ​ផល​បឹង​ដ៏​ធំ​នេះ បាន​បាត់​ចំណូល​ប្រចាំថ្ងៃ​ជាច្រើន នេសាទ​ត្រី​បាន​តិច និង​ពេលខ្លះ​រក​មិនបាន​ក៏មាន​។ កត្ដា​នេះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​រក​ផល​ទទួលទាន​លើ​ការនេសាទ រអ៊ូ​ពី​ការ​ដាច់បាយ​នា​រដូវ​ខ្សត់​ត្រី​នេះ​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖
 
 
​តំបន់​ចុង​ឃ្នៀ​ស មាន​ភូមិសាស្ដ្រ​មួយផ្នែកធំ​ជាប់​បឹង​ទន្លេសាប ដែល​លាតសន្ធឹង​នៅ​ផ្នែក​ត្បូង​នៃ​ក្រុង​សៀមរាប​។ ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ បាននិងកំពុង​អាស្រ័យ​ផល​លើ​ទន្លេ​ដ៏​ធំ​ល្វឹងល្វើយ​នេះ ហើយ​ប្រជាពលរដ្ឋ​ខេត្តសៀមរាប​ស្ទើរ​ទាំងអស់ ពឹង​លើ​ទិន្នផល​ត្រី​ពី​បឹង​ទន្លេសាប​។ យ៉ាងណា គ្រោះធម្មជាតិ​ដែល​ធ្វើឱ្យ​កំដៅ​ភពផែនដី​ក្ដៅ​ហួតហែង ធ្វើឱ្យ​ផ្ទៃ​ទន្លេសាប​ឆាប់​គោក រីឯ​ជីវៈចម្រុះ​ក៏​បាត់បង់​ទៅតាម​នោះដែរ​។​


 
​លោក ឆាយ រ៉ូ​ន ជា​ប្រជា​នេសាទ​មួយរូប រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក​ក្នុងភូមិ​ចុង​ឃ្នៀ​ស សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប​។ លោក រ៉ូ​ន ខាន​ចេញទៅ​នេសាទ​ជាង​មួយខែ​មកហើយ ដោយសារ​កន្លែង​ដែល​លោក​រកត្រី បាន​គោក ខះទឹក ដែល​មិនអាច​រកត្រី​បាន​តទៅទៀត​។ កំពុង​អង្គុយ​ជជែក​ជាមួយ​មិត្តភក្ដិ​២​នាក់​ទៀត នៅលើ​ផែ​ផ្ទះ​បណ្ដែត​ទឹក វេលា​ម៉ោង​ប្រមាណ​ជិត​១០​ព្រឹក លោក រ៉ូ​ន ខ្វល់ចិត្ត​ជាខ្លាំង ខណៈដែល​របរ​រកត្រី ដែលជា​របរ​ស្នួល​ក្នុង​គ្រួសារ កំពុង​ជួប​បញ្ហា​។ លោក​ប្រាប់ថា នា​រដូវប្រាំង​ដែល​ហួតហែង​នេះ ទិន្នផល​ត្រី​ពិបាក​រក​ណាស់ ហើយ​អ្នកភូមិ​ឯទៀត ក៏​ជួប​បញ្ហា​ដូចគ្នា​ដែរ​។ សព្វថ្ងៃ លោក រ៉ូ​ន ត្រូវ​បង្ខំចិត្ត​ជំពាក់​បំណុល​ម៉ូយ​អង្ករ សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ដោយ​រំពឹងថា ពេល​រដូវ​រកត្រី​បាន នឹង​សងបំណុល​គេ​វិញ​។​


 
​អង្គុយ​ប្រលែង​ខ្លួន​ដោយ​ស្លៀក​តែ​ក្រមា លោក រ៉ូ​ន ដែល​ជក់បារី​បណ្ដើរ​និយាយទៀតថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទិន្នផល​ត្រី​កាន់តែ​ខ្សត់​ទៅៗ មាន​ថ្ងៃ​ខ្លះ លោក​រក​បានតែ​១​ម៉ឺន​រៀល ទៅ​២​ម៉ឺន​រៀល ហើយ​ចំណូល​នេះ មិន​រួច​ថ្លៃ​សាំង​ទូក​ទេ​។ ជា​អ្នកនេសាទ ពឹង​អាស្រ័យ​ផល​លើ​ត្រី​ទន្លេសាប ព្រោះ​គ្រួសារ​លោក រ៉ូ​ន មិនមាន​ដីចម្ការ​សម្រាប់​បង្កបង្កើន​ផលដំណាំ​នោះទេ​។​


 
​អ្នកនេសាទ​ម្នាក់ទៀត ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក តាំងពី​ឆ្នាំ​១៩៧៩​មក លោក ម៉ី ស៊ន  កំពុង​អង្គុយ​ជួស​សំណាញ់ ក្រោម​រោង​ប្រក់​ក្រណាត់​ស្បៃ​លើដី​ច្រាំងទន្លេ​មុខ​ផែ​ផ្ទះ​។ លោក ស៊ន ក៏​ចាប់អារម្មណ៍​ថា ផល​ត្រី​ឆ្នាំនេះ ខ្សត់​ជាង​ឆ្នាំទៅ​ដែរ​។ បុរស​វ័យ​៦១​ឆ្នាំ​រូបនេះ ពន្យល់ថា មូលហេតុ​ដោយសារ​អ្នក​រកត្រី​កាន់តែច្រើន សម្រុក​ចាប់​ត្រី​ខ្លាំងពេក ធ្វើឱ្យ​ទិន្នផល​ធ្លាក់ចុះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ យ៉ាងណាក៏ដោយ លោក ស៊ន ហាក់​មិនសូវ​ខ្វល់​ប៉ុន្មាន​ទេ ដោយ​លោក​និយាយថា រកបាន​ប៉ុ​ណ្ណោ​ដោះស្រាយ​ប៉ុណ្ណឹង បើ​មិន​គ្រាន់​ខ្ចីប្រាក់​អង្គការ​ដោះ​ទាល់​សិន ពេលណា​រកបាន​ចាំ​សង​វិញ​។​


 
​ប្រើ​ឧបករណ៍​លប​សម្រាប់រ​ក​ត្រី លោក ស៊ន ពន្យល់​ទៀតថា ត្រី​អាច​ត្រូវ​វិញ នៅពេល​មាន​របប​ទឹកភ្លៀង​ខ្លាំង ហើយ​ជា​រៀងរាល់​ឆ្នាំក្រោយ​ចូលឆ្នាំ​ហើយ តែងមាន​ភ្លៀង​ធ្លាក់​ច្រើន​មេ តែ​ឆ្នាំនេះ​ភ្លៀង​ហាក់​ពន្យារពេល​បន្ដិច​។ លោក ស៊ន និយាយ​ក្នុងន័យ​សុទិដ្ឋិនិយម​ថា ភ្លៀង​នឹង​អាច​ធ្លាក់​ឆាប់ៗ ហើយ​ការរក​ត្រី​របស់លោក នឹង​អាច​ល្អប្រសើរ​ឡើងវិញ​។​
 
​អង្គុយ​មើល​កូនៗ​ជួសជុល​ទូក​មុខ​ផែបណ្ដែត​ទឹក លោក ឆៃ វ៉ាន់​ឈឿន ដែល​ស្លៀក​តែ​ក្រមា បាន​រអ៊ូ​ពី​អាកាសធាតុ​ក្ដៅ​ខ្លាំង ធ្វើឱ្យ​លោក​ពិបាក នៅលើផ្ទះ​ដែល​ប្រក់​ស័ង្កសី​នាពេល​ថ្ងៃ​។ និយាយ​ដល់​ការរក​ត្រី លោក​ក៏​មើលឃើញ​ដូច​អ្នក​ដទៃទៀត​ដែរ​។ ការនេសាទ​សព្វថ្ងៃ ត្រូវ​ចេញទៅ​ឆ្ងាយ​ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​១​គីឡូម៉ែត្រ ហើយ​ពេលខ្លះ​រកត្រី​មិនបាន​ក៏មាន​។ លោក​បន្ថែមថា​៖« ប្រជាជន​លំបាក​ច្រើន រាយ​មង​មិនកើត ទឹក​រាក់​ពេក​។ ទី​២ បញ្ហា​នេសាទ​សព្វថ្ងៃ ចេញ​ទាល់តែ​ទៅ​ឆ្ងាយ​មែនទែន​។ ពេលខ្លះ​កឿង រុញ​ផង​អ៊ី​ផង រហូតដល់​ព្រំប្រទល់​ខេត្តបាត់ដំបង អី​ក៏មាន​»​។​
 
​ដ្បិតថា ស្ថានការណ៍​បែបនេះ កំពុង​ធ្វើឱ្យ​ប្រជា​នេសាទ​ដែល​រស់នៅ​តំបន់​ចុង​ឃ្នៀ​ស មានការ​លំបាក​ពិតមែន តែ​លោក វ៉ាន់​ឈឿន យល់ថា វា​ធម្មតា​ទៅហើយ សម្រាប់​អ្នក​ទន្លេ​នា​រដូវប្រាំង​នេះ​។ លោក​ពន្យល់ថា ពលរដ្ឋ​តែង​ទិញ​អង្ករ​ស្កុ​ក ទុកពេល​រដូវ​រកត្រី​បាន ទុក​សម្រាប់​ហូប​រយៈពេល​២ ឬ​៣​ខែ ដែល​ខ្សត់​ត្រី ទម្រាំ​រកត្រី​បាន​វិញ​។ ឆ្នាំមុនៗ នា​រដូវ​ខ្សត់​ត្រី​នេះ ពលរដ្ឋ​ខ្លះ មាន​របរ​បើកទូក​ខ្នាតតូច​ដឹក​ភ្ញៀវទេសចរ ទស្សនា​ភូមិ​លិច​ទឹក​នៅ​បឹង​ទន្លេសាប តែ​ឆ្នាំនេះ របរ​នេះ ក៏​រក​មិនកើត ដោយសារ​ជំងឺ​កូ​វីដ​-១៩ វាយប្រហារ គ្មាន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​៕

Tag:
 ទន្លេសាប​
  នេសាទ​
  ចុង​ឃ្នៀ​ស​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com