អត្រានិកម្មភាពរបស់ម៉ាឡេស៊ី ស្ថិតនៅចំណុចខ្ពស់បំផុតក្នុងពេល១ទសវត្សរ៍ចុងក្រោយ ដែលស្មើនឹង ៣,៩ភាគរយ។ នាយកដ្ឋានស្ថិតិម៉ាឡេស៊ី បញ្ជាក់បែបនេះ ខណៈជីវភាពពលរដ្ឋប្រឈមផលប៉ះពាល់ដោយសារជំងឺ COVID-19 និងបទបញ្ជាគ្រប់គ្រង់ការចល័ត (MCO)។
ក្នុងរបាយការណ៍ នៅថ្ងៃទី៨ ខែឧសភា ប្រធាននាយកដ្ឋានស្ថិតិម៉ាឡេស៊ី លោក Mohd Uzir Mahidin លើកឡើងដូច្នេះថា៖«អត្រាអ្នកអត់ការងារធ្វើក្នុងខែមីនា ឆ្នាំ២០២០ កើនដល់ ៣,៩ភាគរយ ខ្ពស់បំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០១០ នៅពេលអត្រាអ្នកអត់ការងារធ្វើ ស្មើនឹង ៣,៦ភាគរយ»។
តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោក បញ្ជាក់ទៀតថា អត្រានិកម្មភាពខ្ពស់ក្នុងខែមីនា ឆ្លុះបញ្ចាំងពីឥទ្ធិពលអវិជ្ជមាននៃបទបញ្ជាគ្រប់គ្រងការចល័តទប់ស្កាត់COVID-19លើទីផ្សារការងារ។
ម្យ៉ាងវិញទៀត ស្ថិតិដដែលនេះ បង្ហាញថា តួលេខមនុស្សអត់ការងារធ្វើ បានកើនឡើង១៧ភាគរយ ទៅកាន់ ៦១០ ៥០០នា់ ក្នុងខែមីនា បើធៀបនឹង ៥២១ ០០០ ក្នុងខែដដែល កាលពីឆ្នាំ២០១៩។ ក្នុងខែកុម្ភៈ មុនពេលដែលចំណាត់ការរឹតបន្ដឹងCOVID-19 បានអនុវត្ត អត្រាអ្នកអត់ការងារធ្វើនៅម៉ាឡេស៊ី ស្មើនឹង ៣,៣ភាគរយ។
បន្ថែមពីនេះ លោក Mohd Uzir ពន្យល់ថា ចំនួនមនុស្សក្នុងកម្លាំងពលកម្មប្រទេស បានធ្លាក់ចុះពីខែកុម្ភៈទៅខែមីនា។ ត្រង់ចំណុចនេះ លោកនិយាយដូច្នេះថា៖«តួលេខអ្នកស្ថិតក្នុងកម្លាំងពលកម្មប្រទេសក្នុងខែនេះ បានថយចុះ ០,២ភាគរយ ស្មើនឹង ១៥,៨៤លាននាក់ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២០។ ហើយអំឡុងពេលដូចគ្នានេះ មនុស្សមានការងារធ្វើ ក៏ធ្លាក់ចុះ ០,៧ភាគរយផងដែរ ដែលស្មើនឹង ១៥,២៣លាននាក់»។
លោក កត់សម្គាល់ថា ក្នុងចំណោមប្រជាជនម៉ាឡេស៊ីទាំង១៥,២៣លាននាក់កំពុងធ្វើការ ប្រមាណ២,៨លាននាក់ គឺជាអ្នកធ្វើពាណិជកម្ម កសិករ និងអ្នកធ្វើការក្រៅម៉ោង (freelancers) ។ ទាក់ទិនរឿងនេះ លោកសង្កត់ធ្ងន់ថា ក្រុមមនុស្សទាំងនេះ ប្រឈមហានិភ័យខ្ពស់ក្នុងការបាត់បង់ការងារធ្វើ ដែលប៉ះពាល់ដល់ប្រាក់ចំណូលពួកគេ អំឡុងពេលរឹតបន្ដឹងCOVID-19 ។
សូមបញ្ជាក់ថា ម៉ាឡេស៊ី បានប្រកាសអនុវត្តបទបញ្ជាគ្រប់គ្រងការចល័យ កាលពីថ្ងៃទី១៨ ខែមីនា។ ដំណាក់កាលទី៤នៃ MCO គ្រោងនឹងបញ្ចប់នាថ្ងៃទី១២ ខែឧសភា។ នៅមុនថ្ងៃទី៤ ខែឧសភា មានតែអាជីវកម្មដែលរដ្ឋាភិបាលចាត់ទុកថាចាំបាច់ប៉ុណ្ណោះ ត្រូវអនុញ្ញាតឲ្យបើកប្រតិបត្តិការ។ គិតត្រឹមថ្ងៃទី៩ ខែឧសភា ម៉ាឡេស៊ី មានករណីឆ្លងសរុបជាង ៦៤០០ករណី និងករណីស្លាប់មានជាង១០០នាក់៕