ជាតិ
ចម្លាក់​អណ្ដើក​មួយទៀត ត្រូវបាន​រកឃើញ​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់​
09, May 2020 , 3:55 pm        
រូបភាព
រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
​នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ ក្រុមការងារ​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់​បាន​រកឃើញ​ចម្លាក់​អណ្ដើក​ចំនួន​១​បន្ថែមទៀត ប៉ុន្តែ​វា​មាន​ទំហំ​តូច​ជាង​មុន​បន្តិច​។ ក្រៅពី​ចម្លាក់​អណ្ដើក ក្រុមការងារ​ក៏បាន​រកឃើញ ត្រីសូល៍​ចំនួន​២ ផងដែរ មួយ​មាន​រូប​ពេញ និង​មួយទៀត​មាន​ត្រឹម​មួយ​បំណែក​ប៉ុណ្ណោះ​។


 
​បើតាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅពេល​រកឃើញ​ចម្លាក់​អណ្ដើក​នោះ ក្រុមការងារ​ក៏បាន​ប្រទះឃើញ​គ្រាប់​ខ្វាត​ពណ៌​ស (​គ្រី​ស្តា​ល់​) បង្កប់​ក្នុង​ដី​នៅ​ជិត​ក្បាល​អណ្តើក​នោះដែរ​។ ក្រសួង​ក៏បាន​បញ្ជាក់​ផងដែរ​ថា គ្រាប់​ខ្វាត​ពណ៌​ស (​គ្រី​ស្តា​ល់​) ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​យល់ច្រឡំ​ថា​ជា​គ្រាប់ពេជ្រ ឬ​ជា​របស់​មានតម្លៃ​ផ្សេង ប៉ុន្តែ​គ្រាប់​ខ្វាត​ពណ៌​ស (​គ្រី​ស្តា​ល់​) គឺ​ត្រូវបាន​រកឃើញ​ភាគច្រើន​នៅក្នុង​រណ្ដៅ​កំណាយ​ស្រាវជ្រាវ​នៃ​ការជួសជុល​នានា​។​
 
​សូមបញ្ជាក់ថា  ចម្លាក់​ទាំងអស់​ដែល​បាន​រកឃើញ​អំឡុងពេល​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់​រួមមាន ចម្លាក់​អណ្ដើក​, ចម្លាក់​នាគ​, ខ្វាត​ពណ៌​ស (​គ្រី​ស្តា​ល់​) ត្រីសូល៍ និង​រចនាសម្ព័ន្ធ​សំណង់​ឈើ​នៅលើ​ខឿន​ប្រាសាទ​ផងដែរ​៕

Tag:
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com