COVID-19
អន្តរជាតិ
Google ប្រកាសយកថ្ងៃទី២២ ខែឧសភាជាថ្ងៃឈប់សម្រាកក្រុមហ៊ុន បន្ថយភាពតានតឹងបុគ្គលិក
× ក្រុមហ៊ុន Alphabet Inc ដែលជាម្ចាស់ Google បានប្រកាសនៅថ្ងៃទី៨ ខែឧសភាថា ខ្លួនបានប្រាប់ឲ្យបុគ្គលិកទាំងអស់ឈប់សម្រាកនៅថ្ងៃទី២២ ខែឧសភា ដើម្បីដោះស្រាយបញ្ហាតានតឹងពាក់ព័ន្ធនឹងការធ្វើការពីផ្ទះ អំឡុងពេលជំងឺរាតត្បាតសកល COVID-19 ។
នាយកប្រតិបត្តិក្រុមហ៊ុននេះ លោក Sundar Pichai ប្រកាសពីដំណឹងនេះដោយផ្ទាល់ជូនដល់បុគ្គលិកលោក នៅយប់ថ្ងៃព្រហស្បតិ៍ ដែលបានយកទៅចុះផ្សាយដោយទូរទស្សន៍អាមេរិក CNBC ។
ម្យ៉ាងវិញទៀត Google បញ្ជាក់ថា ខ្លួននឹងចាប់ផ្ដើមបើកការិយាល័យឡើងវិញបន្ថែមទៀតនៅទូទាំងសកលលោក នាដើមខែមិថុនាខាងមុខ ក៏ប៉ុន្តែបុគ្គលិក Google ភាគច្រើន អះអាងថា ពួកគេចង់ធ្វើការពីផ្ទះរហូតដល់ដំណាច់ឆ្នាំ២០២០នេះ។
ទន្ទឹមនេះ ក្រុមហ៊ុន Facebook Inc ក៏បានបញ្ជាក់នៅថ្ងៃទី៨ ខែឧសភាថា ខ្លួននឹងអនុញ្ញាតឲ្យបុគ្គលិកដែលអាចធ្វើការដាច់ដោយឡែក បន្តធ្វើដូច្នេះទៀត ពោលគឺរហូតដល់ចប់ឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
សូមបញ្ជាក់ថា COVID-19 ដែលឆ្លងមនុស្សជាង៣,៩លាននាក់នៅទូទាំងពិភពលោក បានបង្ខំឲ្យមានការបិទប្រទេសតឹងរ៉ឹងក្នុបបណ្ដាប្រទេសភាគច្រើន ហើយផ្លាស់ប្តូរវិធីសាស្ត្រដំណើរការអាជីវកម្មផងដែរ ដោយការធ្វើការពីផ្ទះជារបៀបរបបថ្មីមួយ៕
Tag:
Google
បុគ្គលិក
ថ្ងៃឈប់សម្រាក
© រក្សាសិទ្ធិដោយ thmeythmey.com