ជាតិ
សេដ្ឋកិច្ច
៤ខែដើមឆ្នាំ២០២០ កម្ពុជាផលិតអំបិលបានជាង១២ម៉ឺនតោន លើសពីតម្រូវការក្នុងស្រុក ប្រភពរូប៖ គណនីហ្វេសប៊ុក លោក ប៊ុន បារាំង សហប្រធានសហគមន៍ អ្នក ផលិត អំបិល ខេត្តកំពត-កែប
× រយៈពេល៤ខែដើមឆ្នាំ២០២០ កម្ពុជាផលិត អំបិលបានសរុប ១២២,០៣២តោន។ ចំនួននៃការផលិតអំបិលនេះគឺលើសពីតម្រូវការប្រើប្រាស់ក្នុងស្រុកប្រមាណ១០ម៉ឺនតោន។ នេះបើតាមការលើកឡើងរបស់លោក ប៊ុន បារាំង សហប្រធានសហគមន៍ អ្នក ផលិត អំបិល ខេត្តកំពត-កែប ដោយបានបញ្ជាក់ថា សម្រាប់ការផលិតអំបិលប្រចាំខែមេសាវិញ គឺមានជាង២,៧ម៉ឺនតោន។
បើតាម លោក ប៊ុន បារាំង អំបិលដែលសមគមន៍ផលិតបានជាង១២ម៉ឺនតោននោះ គឺបានផ្គត់ផ្គង់ទូទាំងប្រទេសប្រមាណពី៧ទៅ៨ម៉ឺនតោនហើយ និងមានអំបិលប្រហែល៥ម៉ឺនទៀតនៅឃ្លាំង។ លោកបានបន្តប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមទូរសព្ទ នៅថ្ងៃទី៩ឧសភា ដូច្នេះ៖ «ថ្វីដ្បិតឆ្នាំនេះ(ឆ្នាំ២០២០) យើងផលិតអំបិលបានច្រើនលើសពីតម្រូវការប្រើប្រាស់ប្រចាំឆ្នាំ ប៉ុន្តែសមាជិកក្នុងសមាគមន៍យើងនៅតែបន្តផលិតទៀត ប្រសិនបើអាកាសធាតុនៅតែអំណោយផលល្អ»។
លោកបានបញ្ជាក់ថា៖«យើងនាំគ្នាខំផលិតអំបិលនេះគឺដើម្បីទុកឬត្រៀមប្រើប្រាស់នៅឆ្នាំក្រោយទៀត ព្រោះខ្លាចឆ្នាំក្រោយយើងជួបវិបត្តិកង្វះអំបិលប្រើប្រាស់ដូចឆ្នាំមុនៗ»។សហប្រធានសហគមន៍អ្នកផលិតអំបិល ខេត្តកំពត-កែប រូបនេះ បន្ថែមទៀតថា ប្រសិនបើអាកាសធាតុអំណោយ ផល ដូចជាឆ្នាំនេះ ចំនួន៣ឆ្នាំជាប់ៗគ្នា នោះ កម្ពុជានឹងមានអំបិលគ្រប់គ្រាន់ និងសល់អំបិល ហើយការនាំចូល អំបិល ពី បរទេសមកផ្គត់ផ្គង់ នឹងត្រូវបញ្ចប់។ បច្ចុប្បន្នផ្ទៃដីផលិតអំបិលនៅខេត្តកំពត_កែប មានចំនួន៤,៨៥៧ហិកតា។
កាលពីថ្ងៃទី៨ឧសភា ឆ្នាំ២០២០ លោក ជាវ តាយ អភិខេត្តកំពត បានស្នើដល់ក្រុមអ្នកផលិត ក៏ដូចជាអ្នកផ្គត់ផ្គង់អំបិលលើទីផ្សារក្នុងប្រទេស ឱ្យរួមគ្នាពិនិត្យ និងពិភាក្សា ដោយធ្វើយ៉ាងណា សិក្សាត្រៀមបម្រុងអំបិល សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់លើទីផ្សារក្នុងប្រទេសឱ្យបានគ្រប់គ្រាន់។ លោកបានអះអាងថា តម្រូវការអំបិល គឺត្រូវបានយកទៅប្រើប្រាស់ក្នុងវិស័យជាច្រើន ជាពិសេសការប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
កាលពីឆ្នាំ២០១៨ កម្ពុជានាំចូលអំបិល៣ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ក្នុងនោះ នាំចូលពីចិន១ម៉ឺនតោន និងឥណ្ឌា២ម៉ឺនតោន។ ការនាំចូលអំបិលនេះ ដោយសារកម្ពុជាជួបបញ្ហាអាកាសធាតុ មានភ្លៀងខ្លាំងក្នុងរដូវប្រមូលផលអំបិល៕
© រក្សាសិទ្ធិដោយ thmeythmey.com