COVID-19
អន្តរជាតិ
នៅផ្ទះ​ទប់ស្កាត់ COVID-19 នាំ​ឲ្យ​ពលរដ្ឋ​បារាំង​ឡើង​ទម្ងន់​ជា​មធ្យម​២.៥​គីឡូ
09, May 2020 , 9:29 pm        
រូបភាព
ដោយ: ធីតា
​ការរស់នៅ​ក្នុងផ្ទះ​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការ​រាលដាល COVID-19 នាំ​ឲ្យ​ពលរដ្ឋ​បារាំង​ជួប​នូវ​ស្ថានភាព​ថ្មី​មួយទៀត​ទាក់ទង​នឹង​សុខភាព​។ វិទ្យាស្ថាន​ស្ទង់​មតិសាធារណៈ Ifop បាន​សិក្សា​ឃើញថា ពលរដ្ឋ​បារាំង​កើន​ទម្ងន់​ជា​មធ្យម​២.៥​គីឡូក្រាម​បន្ថែមទៀត នៅពេលដែល​ពួកគេ​មិនបាន​ចេញ​ទៅណា​ក្រៅពី​ផ្ទះ​របស់ខ្លួន​។

 
​ការសិក្សា​ដែល​បង្ហាញ​នៅលើ​គេហទំព័រ Darwin Nutrition បាន​បង្ហាញថា ជនជាតិ​បារាំង​៥៧​ភាគរយ​ដែល​ត្រូវបាន​សម្ភាស​សុទ្ធតែ​អះអាង​ពី​ការឡើង​ទម្ងន់​បន្ថែម​របស់ខ្លួន ខណៈ​២៩​ភាគរយ និយាយថា ពួកគេ​បាន​មានឱកាស​សម្រក​រាង​។​
 
​បើតាម​លទ្ធផល អ្នក​ដែល​ឡើង​ទម្ងន់​មាន​បុរស​៥៦​ភាគរយ ដែល​ឡើងជា​មធ្យម ២.៧​គីឡូក្រាម រីឯ​ស្ត្រី​៥៨​ភាគរយ ឡើងជា​មធ្យម ២.៣​គីឡូក្រាម​។ ស្រប​ពេលដែល​ការសិក្សា​បង្ហាញ​ពី​ពលរដ្ឋ​បារាំង​៦៦​ភាគរយ ឡើង​ទម្ងន់​ក្រោម​២​គីឡូក្រាម ក៏មាន​១៣​ភាគរយ ឡើង​លើស​៥​គីឡូក្រាម​ផងដែរ នា​រយៈបេល​៧​សប្តាហ៍​ចុងក្រោយ​នេះ​។​
 
​លទ្ធផល​នៃ​ការឡើង​ទម្ងន់​របស់​ពលរដ្ឋ​បារាំង​នោះ បាន​បង្ហាញថា ៤២​ភាគរយ​ចូលចិត្ត​ញ៉ាំ​អាហារ​ផ្សេងៗ​មុនពេល​បាយ​។ ជាមួយគ្នា​នោះ ២៣​ភាគរយ​ញ៉ាំ​សូកូឡា និង​២០​ភាគរយ បរិភោគ​ច្រើនជាង​ពេល​ធម្មតា​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ការបន្ត​រស់នៅក្នុង​ផ្ទះ​នា​អំឡុងពេល COVID-19 ហាក់​មិនបាន​ផ្លាស់ប្តូរ​ទម្លាប់​ក្នុង​គ្រួសារ​បារាំង​នោះឡើយ ដោយ​ស្ត្រី​ប្រមាណ​៦០​ភាគរយ​នៅតែ​បន្ត​ភារកិច្ច​ជា​មេ​ចុងភៅ ហើយ​បុរស​តែ​២១​ភាគរយ​ប៉ុណ្ណោះ​ដែល​ជួយ​សម្រាល​បន្ទុក​ភរិយា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com