COVID-19
អន្តរជាតិ
ចិន នឹងធ្វើ​កំណែទម្រង់​ប្រព័ន្ធគ្រប់គ្រង​និង​បង្ការ​ជំងឺ ក្រោយ​ថ្លោះធ្លោយ COVID-19
09, May 2020 , 4:33 pm        
រូបភាព
លោក Li Bin អនុរដ្ឋមន្ត្រីនៃគណៈកម្មការសុខាភិបាលជាតិចិន (កណ្ដាល) ប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី ៩ ខែឧសភា (Xinhua)
លោក Li Bin អនុរដ្ឋមន្ត្រីនៃគណៈកម្មការសុខាភិបាលជាតិចិន (កណ្ដាល) ប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី ៩ ខែឧសភា (Xinhua)
ដោយ:
​រដ្ឋាភិបាល​ចិន នឹងធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ខ្លួន ដើម្បី​ដោះស្រាយ​ភាពទន់ខ្សោយ​ដែល​លាតត្រដាង​ឡើង​ដោយ​ការរីក​រាលដាល COVID-19​។ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​ចិន បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី​៩ ខែឧសភា​។

 
​ចិន រង​ការរិះគន់​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ដោយសារ​យឺតយ៉ាវ​ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត COVID-19 ដែល​ផ្ទុះឡើង​ដំបូង​ក្នុង​ក្រុង វូ​ហាន ខេត្ត ហូ​ប៉ី​ភ ភាគ​កណ្ដាល​នៃ​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩​។ ចាប់តាំងពី​ពេលនោះ​មក វីរុស​នេះ បាន​រាតត្បាត​នៅ​ជុំវិញ​ពិភពលោក ដែល​ឆ្លង​មនុស្ស​ជិត​៤​លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង​២៧​ម៉ឺន​នាក់​ហើយ​។ 
 
«​ជំងឺ​រាតត្បាត​សកល COVID-19 គឺជា​ការធ្វើ​តេស្ត​ដ៏​ធំ​មួយ​សម្រាប់​អភិបាលកិច្ច​និង​សមត្ថភាព​ដឹកនាំ​របស់​ប្រទេស​យើង ហើយ​វា​បាន​លាតត្រដាង​ភាពទន់ខ្សោយ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​សុខភាព​សាធារណៈ​យើង និង​វិធីសាស្ត្រ​របស់​យើង​ក្នុងការ​ទប់ទល់​ជំងឺ​រាតត្បាត​ទ្រង់ទ្រាយ​ធំ​»​។ លោក Li Bin អនុរដ្ឋមន្ត្រី​នៃ​គណៈកម្មការ​សុខាភិបាល​ជាតិចិន ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ​។ 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reutets លោក Li សង្កត់ធ្ងន់ថា គណៈកម្មការ​ជាតិ​នេះ មានបំណង​ធ្វើកំណែទម្រង់ កសាង​ប្រព័ន្ធគ្រប់គ្រង​មាន​ប្រសិទ្ធភាព ក៏ដូចជា​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធគ្រប់គ្រង​និង​បង្ការ​ជំងឺ​។ 
 
​ម្យ៉ាងវិញទៀត លោក អះអាងថា គណៈកម្មការ​លោក ក៏មាន​គោលដៅ​ប្រើប្រាស់​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​នូវ​ទិន្នន័យ​ធំ (big data) បញ្ញា​សិប្បនិម្មិត (AI) និង​ប្រព័ន្ធ cloud computing ដើម្បី​វិភាគ​ជំងឺ តាមដាន និង​ចែកចាយ​ធនធាន​។ ទន្ទឹមនេះ គណៈកម្មការ​នេះ ក៏មាន​ផែនការ​បង្កើន​ការស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​ស្នូល ពង្រឹង​ការធានា​គុណភាព​វេជ្ជសាស្ត្រ ហើយ​ជាពិសេស​ការផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​អាសន្ន​ផងដែរ​។​
 
​គិត​មក​ត្រឹម​ថ្ងៃទី​៩ ខែឧសភា​នេះ ចិន​ពុំបាន​រកឃើញ​ករណី​ស្លាប់​ថ្មី​ដោយសារ​COVID-19 ២៤​ថ្ងៃ​មកហើយ​។ ចិន​មាន​ករណី​ឆ្លង​សរុប ៨២ ៨៨៧​ករណី ខណៈ​អ្នក​ស្លាប់មាន ៤៦៣៣​នាក់​។ អ្នកជា​សះស្បើយ​មាន​៧៨ ០៤៦​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldometers៕

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com