Puja Tomar ចង់​ប៉ះ Bi Nguyen ម្ដងទៀត​តែ​មិនមែន​មួយ​ថៃ​
ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Puja Tomar ចង់​ប៉ះ Bi Nguyen ម្ដងទៀត​តែ​មិនមែន​មួយ​ថៃ​
09, May 2020 , 11:29 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី ONE FC 
 
Puja Tomar ឬ គេ​ស្គាល់​ថា “The Cyclone” ដែលមាន​វ័យ ២៦​ឆ្នាំ​បាន​ទៅសួរសុខទុក្ខ​ក្រុមគ្រួសារ​មិនយូរប៉ុន្មាន​នៅឯ​ក្រុង Budhana ប្រទេស​ឥណ្ឌា​ក្នុងអំឡុងពេល​មេរោគ COVID-19 កំពុង​រាតត្បាត​។ កីឡាការិនី​វ័យ​២៦​ឆ្នាំ​រូបនេះ​បាន​រំលឹកថា​៖«​ដោយស្មោះ​ត្រង់​ទៅ ខ្ញុំ​បាន​ទៅលេង​ភូមិកំណើត​ត្រឹម​១​ថ្ងៃ​ប៉ុណ្ណោះ​ហើយ​ថ្ងៃ​បន្ទាប់​រដ្ឋាភិបាល​ក៏​បិទ​ប្រទេស​។ ដោយសារ​បញ្ហា​នេះ ខ្ញុំ​ក៏​ស្នាក់​នៅឯ​ស្រុកកំណើត​»​។


 
 
​ដោយសារ​បញ្ហា​ផ្ទុះឡើង វា​ធ្វើ​ឲ្យ​លំបាក​បន្តិច​សម្រាប់ Tomar ព្រោះតែ​ការហ្វឹកហាត់​នៅក្នុង​ផ្ទះ​។ ចំណែក​កីឡាករ​កីឡាការិនី​ខ្លាំងៗ​ជាច្រើន​ប្រចាំ​នៅ ONE Championship បាន​ស្វះ​ស្វែងរក​វិធី​ផ្សេងៗ​គ្នា​ដើម្បី​ហ្វឹកហាត់​ទោះជា​អត់​មាន​ឧបករណ៍​គ្រប់គ្រាន់​។ ទោះ​ស្ថិតក្នុង​ស្ថានភាព​លំបាក​បន្តិច “The Cyclone” ត្រឹមតែ​អាច​ហ្វឹកហាត់​មូលដ្ឋានគ្រឹះ​ប៉ុណ្ណោះ​។ 
 
Tomar បាន​ឲ្យ​ដឹងថា​៖«​ឧបករណ៍​ហ្វឹកហាត់​របស់ខ្ញុំ​គឺ​នៅផ្ទះ​ខ្ញុំ​ឯ​ក្រុង New Delhi ប៉ុន្តែ​ខ្ញុំ​មិន​ភ្លេចខ្លួន​នោះទេ​។ ឥលូវ​នេះ ខ្ញុំ​ផ្ដោតលើ​លំ​ហាត់​ការ​វ៉ៃ​ស្រមោល ការ​លោត​វ៉ៃ និង ការ​ហក់លោត​វ៉ៃ​ជង្គង់​ខ្ពស់​»​។​


 
​មានរឿង​ពីរ​ដែល Tomar ជួប​ការលំបាក គឺ​អត់​មាន​ដៃគូ​ហ្វឹកហាត់​ត្រឹមត្រូវ និង មិនទាន់មាន​ការប្រកួត​នៅ​សង្វៀន​អន្តរជាតិ ONE​។ បែបណា​ក្ដី ក្បាច់គុន​គឺជា​ក្ដី​ស្រលាញ់​ពិតប្រាកដ​។ អ្វី​ដែលជា​អារម្មណ៍​បាត់បង់ គឺ​មិន​មមាញឹក​ក្នុង​ការហាត់​និង​ឡើង​ប្រកួត​។ 
 
​កីឡាការិនី​ឥណ្ឌា​បាន​គូស​បញ្ជាក់ទៀតថា ៖«​ខ្ញុំ​នឹក​ការហ្វឹកហាត់​របស់ខ្ញុំ​ឥឡូវនេះ​។ នឹក​ពេល​មាន​ក្រុមការងារ​ពីរ ឬ បីនាក់​ពេល​ហ្វឹកហាត់​ជាមួយគ្នា​។ ខ្ញុំ​ពិតជា​នឹក​ខ្លាំងណាស់​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ត្រលប់​ទៅវិញ​ជានិច្ច និង ហ្វឹកហាត់​ដើម្បី​ប្រកួត​»​។ 
 
Tomar បានដឹង​ដឹង​រួចហើយ​ថា​នរណា​ដែល​ត្រូវ​ប៉ះគ្នា​នៅក្នុង​ឆ្នាំ ២០២០ នេះ​។ “The Cyclone” បាន​ដៅ​ឈ្មោះ Bi “Killer Bee” Nguyen ដើម្បី​ចង់​ប៉ះគ្នា​ជាថ្មី​ដែល​ធ្លាប់​ប៉ះគ្នា​ក្នុង​ក្បាច់គុន​មួយ​ថៃ​កាល​សង្វៀន ONE: IMMORTAL TRIUMPH កាល​ខែកញ្ញា​។ គ្រានោះ កីឡាការិនី​វៀតណាម​ឈ្នះ​ពិន្ទុ​ដោយ​មិន​ឯកច្ឆន្ទ នៅលើ​ទឹកដី​កំណើត​របស់ខ្លួន​។ 
 
Tomar  ចង់​ជួប​គូសត្រូវ​ចាស់ ប៉ុន្តែ​មិនមែន​មួយ​ថៃ គឺ ចង់​ប្រកួត​គុន​ចម្រុះ​វិញ​។ នោះ​ការប្រកួត​នឹង​ប្លែក​ហើយ​មាន​លាយ​ក្បាច់​ផ្សេងៗ​។ 
 
​ម្ចាស់​ជើងឯក​វូ​ស៊ូ​មកពី​ឥណ្ឌា​បាន​បន្តថា​៖«​បើ​ខ្ញុំ​បន្ត​ហ្វឹកហាត់ នោះ​ការប្រកួត​របស់ខ្ញុំ​ច្បាស់​ជា​អស្ចារ្យ​នៅ​ថ្ងៃមុខ​។ លើក​មុន​ខ្ញុំ​ជួបគ្នា​ក្នុង​មួយ​ថៃ ហើយ​ខ្ញុំ​មិនសូវ​ដឹង​ច្បាស់​ទេ​។ បើសិន​ការប្រកួត​គុន​ចម្រុះ ខ្ញុំ​អាច​នឹង​បង្ហាញ​ក្បាច់​ជឺ​ជិត​ស៊ូ​របស់ខ្ញុំ​។ យើង​ទាំងពីរ​ខ្លាំង​ខាង​ប្រយុទ្ធ និង ការប្រកួត​ជំហរ​ដេក​។ វារឹតតែ​ល្អមើល​»​។ 
 
​កីឡាការិនី​មកពី Budhana បាន​រៀនសូត្រ​ច្រើន​ពី​គូប្រកួត​ដំបូង​របស់ខ្លួន​នៅ ONE Championship ហើយ​គេ​មាន​សុទិដ្ឋិនិយម​ថា​កាន់តែ​ធ្វើបាន​ល្អ​នៅ​ប្រកួត​ក្រោយ​។ 
 
Tomar សង្កត់​ថា​៖«​កាល​លើក​មុន ការរៀបចំ​របស់ខ្ញុំ​មិនបាន​ល្អ​ទេ​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​អាច​ប្រកួត​បានល្អ​។ បើ​ខ្ញុំ​ហ្វឹកហាត់​បានល្អ ខ្ញុំ​អាច​កែប្រែ​ចំណុច​ខ្វះខាត និង​ធ្វើ​បានល្អ​ជាង​មុន​។ មួយ​ថៃ គឺ​ថ្មី​សម្រាប់​ខ្ញុំ​។ បើ​មានឱកាស​ជាថ្មី ខ្ញុំ​ច្បាស់​ជា​ធ្វើបាន​កាន់តែ​ល្អ និង​ខុសប្លែក​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com