ជាតិ
លោក Peter Studer ក៏ដូចជា​លោក Beat Richner ផងដែរ មួយជីវិត​ដើម្បី​កុមារ​កម្ពុជា​!
09, May 2020 , 5:08 pm        
រូបភាព
 ​ភ្នំពេញ​៖ វេជ្ជបណ្ឌិត Peter Studer អនុប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានា​យក​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា (Kantha Bopha Foundation Dr Beat Richner) បានទទួល​មរណភាព​ក្នុង​អាយុ​៧៣​ឆ្នាំ ដោយ​រោគាពាធ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ នៅ​ប្រទេស​ស្វី​ស​។ ថ្វីត្បិតតែ​ឈ្មោះ​របស់លោក Peter Studer មិន​ត្រូវបាន​សាធារណជន​ស្គាល់​ជាទូទៅ​ក៏ដោយ ប៉ុន្តែ​លោក​ត្រូវបាន​ចាត់ទុកជា​វីរបុរស​ម្នាក់​របស់​កុមារ​កម្ពុជា ដែល​បាន​រួមដៃគ្នា​ជាមួយ​វេជ្ជបណ្ឌិត Beat Richner ក្នុង​ការកសាង​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើងវិញ​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​។​



អត្ថបទទាក់ទង

 
​សារព័ត៌មាន​ថ្មីៗ សូម​ដកស្រង់​ជីវប្រវត្តិ​របស់​វេជ្ជបណ្ឌិត ភី​ធីរ ស្ទូ​ឌ័​រ ដោយ​ផ្អែក​តាម​ការចុះផ្សាយ​របស់​បណ្តាញ​សង្គម​មូលនិធិ​មន្ទីរ​ព​ទ្យេ​គន្ធបុប្ផា​៖
 
​វេជ្ជបណ្ឌិត Peter Studer កើត​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​១៩៤៧​។ លោក​មាន​ស្រុកកំណើត​នៅ​ទីក្រុង​លូ​ស៊ាន ក្នុងប្រទេស​ស្វី​ស ហើយ​លោក​ជា​កូន​ទី​២ ក្នុង​គ្រួសារ​មួយ​ដែល​មានកូន​៣​នាក់ ស្រី​ម្នាក់ និង​ប្រុស​២​នាក់​។ លោក Peter Studer បានបញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ នៅក្នុង​ទីក្រុង​ប៊ែ​ន ប្រទេស​ស្វី​ស ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យា លោក​ក៏បាន​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ វេជ្ជសាស្ត្រ ចាប់ពី​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៧៥​។ នៅ​ឆ្នាំ​១៩៧៧ លោក Peter Studer បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ហើយ​ក៏បាន​ក្លាយទៅជា​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ នៅ​មូលនិធិ​គន្ធបុប្ផា​ស្វី​ស​។ 
 



​វេជ្ជបណ្ឌិត Peter Studer បានរស់នៅ​ជាមួយ​អ្នកស្រី Genevieve F. Cattin អស់​រយៈពេល​៤០​ឆ្នាំ  ហើយ​ទើបតែ​រៀបការ​ជាមួយគ្នា​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ ក្រោយពេល​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​។  អ្នកស្រី Genevieve F. Cattin ជា​ស្ត្រី​តែ​ម្នាក់​ដែល​តែងតែ​នៅក្បែរ​ចាំមើល​ថែរក្សា នៅ​គាំទ្រ​និង​លើកទឹកចិត្ត​ចំពោះ​គ្រប់​សកម្មភាព និង​ការ​ពលិកម្ម​របស់លោក Peter Studer ក្នុង​បេសកម្ម​យ៉ាង​វែងឆ្ងាយ ដើម្បី​បុព្វហេតុ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កុមារ​កម្ពុជា អស់​រយៈពេល​២៨​ឆ្នាំ នៃ​ជីវិត​របស់លោក​។ 
 
​រយៈពេល​៣០​ឆ្នាំ​នៃ​ជីវិតចុងក្រោយ លោក​វេជ្ជបណ្ឌិត Peter Studer បាន​ផ្សារភ្ជាប់​ជីវិត​របស់លោក​យ៉ាង​ជ្រាលជ្រៅ​បំផុត ជាមួយនឹង​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា ចាប់ពី​ពេលដែល​លោក​បានមក​បំពេញការងា​រ​មនុស្សធម៌​នៅ​ជនភាសខ្លួន​ខ្មែរ​ថៃ លើកដំបូង​ឆ្នាំ​១៩៨១ និង​ក្នុង​បេសកម្ម​របស់​កាកបាទក្រហម​ស្វី​ស​នៅក្នុង​ខេត្តកំពង់ចាម ឆ្នាំ​១៩៨២​។ 
 



​លោក​វេជ្ជបណ្ឌិត Peter Studer និង​អតីត​ស្ថាបនិក វីរបុរស​នៃ​កុមារ​កម្ពុជា Dr. Beat Richner បានរួម​គ្នា​បង្កើត​មូលនិធិ​គន្ធបុប្ផា ដែល​លោក​បាន​លះបង់​ពេលវេលា សុភមង្គល​គ្រួសារ ខិតខំ​ជំនះ​រាល់​ឧបសគ្គ​សព្វបែបយ៉ាង​ក្នុងនាម​ជា​អនុប្រធាន​មូលនិធិ​គន្ធបុប្ផា​ស្វី​ស​។ មូលនិធិ​គន្ធបុប្ផា បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩២​។ ក្រោយ​មរណភាព​របស់ លោក Dr. Beat Richner នៅ​ឆ្នាំ​២០១៧ បន្ទុក​ការងារ​ទាំងអស់​ក្នុង​មូលនិធិ និង​មន្ទីរពេទ្យ​ទាំងមូល ត្រូវបាន​ធ្លាក់​មកលើ​លោក​វេជ្ជបណ្ឌិត Peter Studer ដែលជា​ប្រធាន​ប្រតិបត្តិ​មូលនិធិ​គ​ន្អ​បុប្ផា​ស្វី​ស​ថ្មី (CEO) មុនពេល​ដែល​លោក​ធ្លាក់ខ្លួន​ឈឺ​នា​ចុងឆ្នាំ​២០១៩៕

Tag:
 ​ជីវ​ព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com