COVID-19
ជាតិ
COVID-19៖ អ្នកជំងឺ​ពីរ​នាក់​ដែល​មិនទាន់​សះស្បើយ បន្ត​ព្យាបាល​នៅ​ភ្នំពេញ​
10, May 2020 , 8:29 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​សម្រេចបញ្ជូនអ្នកជំងឺ២នាក់ចុងក្រោយ មកព្យាបាលនៅភ្នំពេញ។ រូបថត ThmeyThmey
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​សម្រេចបញ្ជូនអ្នកជំងឺ២នាក់ចុងក្រោយ មកព្យាបាលនៅភ្នំពេញ។ រូបថត ThmeyThmey
ភ្នំពេញ​៖ នេះ​ជា​ថ្ងៃទី​២៨ ហើយ ដែល​កម្ពុជា​នៅតែ​មិន​រកឃើញ​ករណី​ឆ្លង​ថ្មី នៃ​ជំងឺ​កូ​វីដ -១៩ ហើយ​អ្នកជំងឺ​នៅសល់តែ ២​នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​១២២​នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដោយ​បញ្ជាក់ថា លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង សម្រេច​បញ្ជូន​អ្នកជំងឺ​ដែល​មិនទាន់​ជាសះស្បើយ​ពីរ​នាក់ មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត តាំងពី​ថ្ងៃទី​៨ ខែឧសភា មក​។​



​អ្នកជំងឺ​ពីរ​នាក់​ដែល​មិនទាន់​សះស្បើយ មាន​ស្ត្រី​ម្នាក់​ពី​ខេត្តបន្ទាយមានជ័យ និង​បុរស​ចំណាស់​ម្នា​ក់នៅ​ខេត្តកំពង់ឆ្នាំង​។ លោកស្រី ឱ វណ្ណឌី​ន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​កន្លងមក​ថា ស្ត្រី​ពី​បន្ទាយមានជ័យ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត រីឯ​បុរស​ពី​ខេត្តកំពង់ឆ្នាំង មាន​ជំងឺ​ប្រចាំកាយ​។​



ទោះបី​កម្ពុជា​បន្ត​គ្មាន​ករណី​ឆ្លង​ថ្មី ក៏​កម្ពុជា​កំពុងតែ​ស្ថិតនៅក្នុង​ភាព​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​នៅឡើយ ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បញ្ជាក់​ដូច្នេះ ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ ចន្ទ​កន្លងទៅ ។ លោក ក៏បាន​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​និង​បង្កើន​ការយកចិត្តទុកដាក់ ឲ្យ​ខ្ពស់ និង អនុវត្ត​វិធាន​អនាម័យ​នានា និង​ការរក្សា​គម្លាត​សុវត្ថិភាព​តាម​ការណែនាំ​ដើម្បី​កុំឱ្យ​មានការ​ច​ម្ល​រាតត្បាត​ក្នុង​សហគមន៍ ។
​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ -១៩ ចំនួន ១២២ នាក់ ក្នុងនោះ​មាន​១២០​នាក់ ជាសះស្បើយ ។ អ្នក​សះស្បើយ​ទាំងនោះ ជនជាតិខ្មែរ ៤៩ នាក់ , បារាំង ៤០ នាក់ , ម៉ាឡេស៊ី ១៣ នាក់ ,  អង់គ្លេស ៥ នាក់ , ចិន ៣ នាក់ ,  អាមេរិក ២ នាក់ , វៀតណាម ៣ នាក់ , ឥណ្ឌូណេស៊ី ២ នាក់ , កាណាដា ២ នាក់ និង បែ​ល​ហ្សិ​ក ១ នាក់ ៕


© រក្សាសិទ្ធិដោយ thmeythmey.com