ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឆែម សា​វុង ប្តេជ្ញា​រើស​សំរាម​មួយថ្ងៃ​១០​នាទី សម្រាប់​រយៈពេល​៥​ឆ្នាំ ដើម្បី​បំផុស​ចលនា​ស្រឡាញ់​បរិស្ថាន​
10, May 2020 , 6:59 pm        
រូបភាព
​សៀមរាប​៖ លោក ឆែម សា​វុង ជា​យុវជន​មួយរូប​ដែល​ស្រឡាញ់​ការងារ​បរិស្ថាន​។ ផ្តើម​ពី​ការ​ស្អប់​សំរាម លោក​បាន​ក្លាយជា​យុវជន​ដ៏​សកម្ម​មួយរូប ដែល​ដាក់​គោលដៅ​រើស​សំរាម​ប្រចាំថ្ងៃ​មិនដែល​ខាន​ឡើយ​។ ជា​រៀងរាល់ថ្ងៃ លោក​តែង​ចំណាយពេល​យ៉ាងហោច​១០​នាទី ដើរ​រើស​សំរាម​ប្លា​ស្ទិ​ក​នៅតាម​ទីសាធារណ​នានា​ក្នុង​ក្រុង​សៀមរាប​ឬ​តំបន់​ប្រាសាទ​។ ត្រឹម​ថ្ងៃ​៨ ឧសភា​នេះ បុរស​អ្នករត់​រ៉ឺម៉ក​កង់​បី​រូបនេះ​រើស​សំរាម​បាន ៣៦៥​ថ្ងៃ​ហើយ​។ ពេញ​មួយឆ្នាំ​មកនេះ យុវជន​រូបនេះ​មាន​មោទកភាព​ជាខ្លាំង​ដែល​ខ្លួន​បានរួម​ចំណែក​បំផុស​ច​ល​នា​ឱ្យ​ប្រជាពលរដ្ឋ​ស្រឡាញ់​បរិស្ថាន​។ លោក សា​វុង បានដាក់​គោលដៅ​ខ្លួនឯង​រយៈពេល​៥​ឆ្នាំ ក្នុងការ​អនុវត្ត​គោលការណ៍​រើស​សំរាម​ប្រចាំថ្ងៃ ហើយ​រំពឹងថា​សកម្មភាព​រប​ស់​ខ្លួន​នឹង​អាច​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ទាក់ទង​នឹង​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖ 
 

ការ​ស្អប់​សំរាម ធ្វើឱ្យ​លោក ឆែម សា​វុង ក្លាយជា​យុវជន​សកម្ម​ក្នុង​ការងារ​បរិស្ថាន​។ ជា​រៀងរាល់ថ្ងៃ លោក​ចំណាយ​ពេលវេលា​ទំនេរ​ផ្ទាល់ខ្លួន ដើរ​រើស​សំរាម​១០​នាទី ដែលមាន​បរិមាណ​មួយថង់​ធំ​តាម​ទីកន្លែង​នានា​ដែល​លោក​ទៅដល់ ទាំង​តំបន់​ប្រាសាទ និង​ទីសាធារណ​នានា​ក្នុង​ក្រុង​សៀមរាប​។ 


 
​អស់​រយៈពេល​ពេញ​មួយឆ្នាំ​មកហើយ ជារួម​រយៈពេល​៣៦៥​ថ្ងៃ​មកនេះ គ្មាន​ថ្ងៃ​ណា​ដែល​លោក​មិន​អនុវត្តន៍​គោលការណ៍ ដែល​លោក​កំណត់​ចំពោះ​ខ្លួនឯង លើ​ការងារ​រើស​សំរាម​នេះឡើយ​។ លោក សា​វុង ប្រាប់ថា មុន​ថ្ងៃ​៨ ឧសភា ដែល​លោក​ផ្តើម​អនុវត្តន៍​ការងារ​នេះ គឺ​លោក​ធ្លាប់​ដើរ​រើស​សំរាម​តាម​ទីតាំង​និង​ពេលវេលា​សមស្រប​ដែ​លោក​មាន តែ​ក្រោយមក​លោក ក៏​ទទួលបាន​ការណែនាំ​ឱ្យ​អនុវត្តន៍​រយៈពេល​ខ្លីៗ ជាប្រចាំ​ថ្ងៃ​ពី​មិត្តភក្ដិ​បរទេស​ម្នាក់​។ លោក​បន្ថែមថា ការអនុវត្ត​ជាប្រចាំ​នោះ​ធ្វើឱ្យ​ខ្លួន​លោក​មាន​ចលនា និង​គិត​អនុវត្តន៍​ជាប្រចាំ​ថ្ងៃ​រហូតមកដល់​បច្ចុប្បន្ន​។​


 
​ដៃ​កាន់​ដ​ង្គា​ប និង​ថង់​ខ្មៅ​រើស​សំរាម នៅ​មាត់​ស្ទឹង​សៀមរាប លោក សា​វុង ពន្យល់​ពី​ហេតុផល​ដែល​លោក​មានចិត្ត​អនុវត្តន៍​ការងារ​ប្រចាំថ្ងៃ ដែល​ពុំមាន​ប្រាក់ខែ​នេះ យ៉ាង​ដូច្នេះ​ថា​៖ ប៉ុន្មាន​ខែ​មុន​យើង​មាន​ភ្ញៀវទេសចរ​ច្រើន ពេល​ឃើញ​សំរាម​ច្រើន​មាន​អារម្មណ៍​ថា អត់​សប្បាយចិត្ត ខ្មាស​ខ្លួនឯង ខ្មាស​ភ្ញៀវ​ផង ដោយសារ​មើលទៅ​អត់​ស្អាត ក៏​ចាប់​ផ្តើមធ្វើ​រាល់ថ្ងៃ​...​យើង​មិនបាច់​និយាយ​ដល់​ប្រទេស​គេ​ជឿនលឿន​ទេ នៅឡើយ​ស្រុក​ខ្មែរ មាន​អ្នកខ្លះ​នៅ​ចោល​សំរាម​តាម​ទីសាធារណៈ កន្លងមក​យើង​ទាន់​ប្រើ​ប្លា​ស្ទិ​ក​ទេ តែ​ប៉ុន្មាន​ឆ្នាំនេះ​ប្លា​ស្ទិ​ក គឺ​ចាប់ផ្តើម​កើនឡើងៗ​»​។​


 
​ប្រភេទ​សំរាម​ដែល​លោក សា​វុង ផ្តោត​សំខាន់​ក្នុង​ការងារ​រើស​សំរាម​ប្រចាំថ្ងៃ គឺជា​សំរាម​ប្លា​ស្ទិ​ក បំពង់​បឺត ប្រភេទ​គំរប​ដងទឹក​សុទ្ធ ភេសជ្ជៈ ស្រា​បៀរ និង​កន្ទុយបារី​ជាដើម​។ លោក សា​វុង ដែលមាន​របរ​ដឹក​ភ្ញៀវទេសចរ នៅ​តំបន់​អង្គរ​ពន្យល់ថា ប្រភេទ​សំរាម​ទាំងនេះ មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ពិសេស​នៅពេល​វា​ចូលទៅក្នុង​ទឹក វា​នឹង​បំពុល​ប្រព័ន្ធ​ជីវៈចម្រុះ​ធ្ងន់ធ្ងរ និង​ជះ​ឥទ្ធិ​ផល​ដល់​ខ្លួន​មនុស្ស​ដែល​ហូប​ត្រី​ទាំងនោះ​។​


 
​ទីតាំង​ដែល​លោក សា​វុង អនុវត្តន៍​ការងារ​រើស​សំរាម គឺ​នៅ​តំបន់​ប្រាសាទ ដែល​កន្លងមក​មាន​ភ្ញៀវ​ដឹក លោក​តែង​ឆ្លៀតពេល​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ រើស​សំរាម​ដែល​រ៉ឺម៉ក​លោក​ចត​។ បច្ចុប្បន្ន យុវជន​រូបនេះ ប្ដូរ​គោលដៅ​មក​រើស​តាម​ទីសាធារណ​នៅ​ជុំវិញ​ក្រុង​វិញ ដោយ​អនុវត្តន៍​ការងារ​នេះ មិនដែល​រំលង​ឡើយ បើ​ទោះ​ពេលខ្លះ​ខ្លួន​មាន​អារម្មណ៍ មិនសូវ​ស្រួលខ្លួន​ក៏ដោយ ព្រោះ​យល់ថា ការងារ​ទាំងនេះ​មិន​ពិបាក ឬ​ធ្ងន់ធ្ងរ​ទេ​។ លោក សា​វុង ពន្យល់ថា អ្នក​ដែល​ចង់​ធ្វើ​ការងារ​នេះ ត្រូវ​ច្បាស់ និង​ប្រាកដប្រជា​ជាមួយ​ខ្លួនឯង​។​


 
​ជា​អ្នក​បរិស្ថាន​មួយរូប លោក សា​វុង កត់សម្គាល់ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​ផ្តើម​យល់​ពី​បញ្ហា​សំរាម​នេះដែរ​។ ពលរដ្ឋ​ចេះ​វេច​ខ្ចប់ និង​ទុកដាក់​សំរាម​មាន​របៀប ដែល​ខុស​ពីមុនៗ ចោល​ពាសវាល​ពាសកាល មិន​ស្គាល់​តម្លៃ​នៃ​បរិស្ថាន​។ យ៉ាងណា លោក សា​វុង ចង់ឱ្យ​ពលរដ្ឋ​ចេះ​ប្រមូល​សំរាម និង​សម្អាត​តាម​ផ្ទះ​របស់ខ្លួន ព្រោះថា​ការងារ​ទាំងនេះ​ជា​កាតព្វកិច្ច​របស់​ពល​រដ្ឋ​ក្នុងសង្គម​នីមួយៗ​ដែល​គួរតែ​ធ្វើ​។​


 
​ម​ហិ​ច្ឆិ​តា​អ្នក​ស្រឡាញ់​បរិស្ថាន លោក សា​វុង មិន​បញ្ចប់​ត្រឹម​រយៈពេល​មួយឆ្នាំ ដែល​លោក​ឆ្លៀត​រើស​សំរាម​ក្រោយពី​របរ​រក​ទទួលទាន​ខ្លួនឯង​នោះទេ ក្នុងនោះ​យុវជន​វ័យ​៣៥​ឆ្នាំ​រូបនេះ បានដាក់​គោលដៅ​រយៈពេល​៥​ឆ្នាំ លើ​ការងារ​សង្គម​មួយ​នេះ​។ លោក សា​វុង មិនទាន់​ច្បាស់​ខ្លួនឯង​ថា រយៈពេល​នេះ តើ​អាច​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ប្រជាជន​ឱ្យ​យល់​ពី​បរិស្ថាន​កម្រិតណា តែ​លោក​សម្លឹង​ឃើញថា មាន​យុវជន​ជាច្រើន បានចាប់ផ្តើម​អនុវត្តន៍​ការងារ​នេះ ជា​បណ្ដើរៗ​ហើយ​៕












 

Tag:
 សំរាម​
  ប្លា​ស្ទិ​ក​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com