សៀមរាប៖ លោក ឆែម សាវុង ជាយុវជនមួយរូបដែលស្រឡាញ់ការងារបរិស្ថាន។ ផ្តើមពីការស្អប់សំរាម លោកបានក្លាយជាយុវជនដ៏សកម្មមួយរូប ដែលដាក់គោលដៅរើសសំរាមប្រចាំថ្ងៃមិនដែលខានឡើយ។ ជារៀងរាល់ថ្ងៃ លោកតែងចំណាយពេលយ៉ាងហោច១០នាទី ដើររើសសំរាមប្លាស្ទិកនៅតាមទីសាធារណនានាក្នុងក្រុងសៀមរាបឬតំបន់ប្រាសាទ។ ត្រឹមថ្ងៃ៨ ឧសភានេះ បុរសអ្នករត់រ៉ឺម៉កកង់បីរូបនេះរើសសំរាមបាន ៣៦៥ថ្ងៃហើយ។ ពេញមួយឆ្នាំមកនេះ យុវជនរូបនេះមានមោទកភាពជាខ្លាំងដែលខ្លួនបានរួមចំណែកបំផុសចលនាឱ្យប្រជាពលរដ្ឋស្រឡាញ់បរិស្ថាន។ លោក សាវុង បានដាក់គោលដៅខ្លួនឯងរយៈពេល៥ឆ្នាំ ក្នុងការអនុវត្តគោលការណ៍រើសសំរាមប្រចាំថ្ងៃ ហើយរំពឹងថាសកម្មភាពរបស់ខ្លួននឹងអាចផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋខ្មែរ ទាក់ទងនឹងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗដូចតទៅ៖
ការស្អប់សំរាម ធ្វើឱ្យលោក ឆែម សាវុង ក្លាយជាយុវជនសកម្មក្នុងការងារបរិស្ថាន។ ជារៀងរាល់ថ្ងៃ លោកចំណាយពេលវេលាទំនេរផ្ទាល់ខ្លួន ដើររើសសំរាម១០នាទី ដែលមានបរិមាណមួយថង់ធំតាមទីកន្លែងនានាដែលលោកទៅដល់ ទាំងតំបន់ប្រាសាទ និងទីសាធារណនានាក្នុងក្រុងសៀមរាប។
អស់រយៈពេលពេញមួយឆ្នាំមកហើយ ជារួមរយៈពេល៣៦៥ថ្ងៃមកនេះ គ្មានថ្ងៃណាដែលលោកមិនអនុវត្តន៍គោលការណ៍ ដែលលោកកំណត់ចំពោះខ្លួនឯង លើការងាររើសសំរាមនេះឡើយ។ លោក សាវុង ប្រាប់ថា មុនថ្ងៃ៨ ឧសភា ដែលលោកផ្តើមអនុវត្តន៍ការងារនេះ គឺលោកធ្លាប់ដើររើសសំរាមតាមទីតាំងនិងពេលវេលាសមស្របដែលោកមាន តែក្រោយមកលោក ក៏ទទួលបានការណែនាំឱ្យអនុវត្តន៍រយៈពេលខ្លីៗ ជាប្រចាំថ្ងៃពីមិត្តភក្ដិបរទេសម្នាក់។ លោកបន្ថែមថា ការអនុវត្តជាប្រចាំនោះធ្វើឱ្យខ្លួនលោកមានចលនា និងគិតអនុវត្តន៍ជាប្រចាំថ្ងៃរហូតមកដល់បច្ចុប្បន្ន។
ដៃកាន់ដង្គាប និងថង់ខ្មៅរើសសំរាម នៅមាត់ស្ទឹងសៀមរាប លោក សាវុង ពន្យល់ពីហេតុផលដែលលោកមានចិត្តអនុវត្តន៍ការងារប្រចាំថ្ងៃ ដែលពុំមានប្រាក់ខែនេះ យ៉ាងដូច្នេះថា៖ ប៉ុន្មានខែមុនយើងមានភ្ញៀវទេសចរច្រើន ពេលឃើញសំរាមច្រើនមានអារម្មណ៍ថា អត់សប្បាយចិត្ត ខ្មាសខ្លួនឯង ខ្មាសភ្ញៀវផង ដោយសារមើលទៅអត់ស្អាត ក៏ចាប់ផ្តើមធ្វើរាល់ថ្ងៃ...យើងមិនបាច់និយាយដល់ប្រទេសគេជឿនលឿនទេ នៅឡើយស្រុកខ្មែរ មានអ្នកខ្លះនៅចោលសំរាមតាមទីសាធារណៈ កន្លងមកយើងទាន់ប្រើប្លាស្ទិកទេ តែប៉ុន្មានឆ្នាំនេះប្លាស្ទិក គឺចាប់ផ្តើមកើនឡើងៗ»។
ប្រភេទសំរាមដែលលោក សាវុង ផ្តោតសំខាន់ក្នុងការងាររើសសំរាមប្រចាំថ្ងៃ គឺជាសំរាមប្លាស្ទិក បំពង់បឺត ប្រភេទគំរបដងទឹកសុទ្ធ ភេសជ្ជៈ ស្រាបៀរ និងកន្ទុយបារីជាដើម។ លោក សាវុង ដែលមានរបរដឹកភ្ញៀវទេសចរ នៅតំបន់អង្គរពន្យល់ថា ប្រភេទសំរាមទាំងនេះ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ពិសេសនៅពេលវាចូលទៅក្នុងទឹក វានឹងបំពុលប្រព័ន្ធជីវៈចម្រុះធ្ងន់ធ្ងរ និងជះឥទ្ធិផលដល់ខ្លួនមនុស្សដែលហូបត្រីទាំងនោះ។
ទីតាំងដែលលោក សាវុង អនុវត្តន៍ការងាររើសសំរាម គឺនៅតំបន់ប្រាសាទ ដែលកន្លងមកមានភ្ញៀវដឹក លោកតែងឆ្លៀតពេលភ្ញៀវចូលទស្សនាប្រាសាទ រើសសំរាមដែលរ៉ឺម៉កលោកចត។ បច្ចុប្បន្ន យុវជនរូបនេះ ប្ដូរគោលដៅមករើសតាមទីសាធារណនៅជុំវិញក្រុងវិញ ដោយអនុវត្តន៍ការងារនេះ មិនដែលរំលងឡើយ បើទោះពេលខ្លះខ្លួនមានអារម្មណ៍ មិនសូវស្រួលខ្លួនក៏ដោយ ព្រោះយល់ថា ការងារទាំងនេះមិនពិបាក ឬធ្ងន់ធ្ងរទេ។ លោក សាវុង ពន្យល់ថា អ្នកដែលចង់ធ្វើការងារនេះ ត្រូវច្បាស់ និងប្រាកដប្រជាជាមួយខ្លួនឯង។
ជាអ្នកបរិស្ថានមួយរូប លោក សាវុង កត់សម្គាល់ថា បច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួន បានផ្តើមយល់ពីបញ្ហាសំរាមនេះដែរ។ ពលរដ្ឋចេះវេចខ្ចប់ និងទុកដាក់សំរាមមានរបៀប ដែលខុសពីមុនៗ ចោលពាសវាលពាសកាល មិនស្គាល់តម្លៃនៃបរិស្ថាន។ យ៉ាងណា លោក សាវុង ចង់ឱ្យពលរដ្ឋចេះប្រមូលសំរាម និងសម្អាតតាមផ្ទះរបស់ខ្លួន ព្រោះថាការងារទាំងនេះជាកាតព្វកិច្ចរបស់ពលរដ្ឋក្នុងសង្គមនីមួយៗដែលគួរតែធ្វើ។
មហិច្ឆិតាអ្នកស្រឡាញ់បរិស្ថាន លោក សាវុង មិនបញ្ចប់ត្រឹមរយៈពេលមួយឆ្នាំ ដែលលោកឆ្លៀតរើសសំរាមក្រោយពីរបររកទទួលទានខ្លួនឯងនោះទេ ក្នុងនោះយុវជនវ័យ៣៥ឆ្នាំរូបនេះ បានដាក់គោលដៅរយៈពេល៥ឆ្នាំ លើការងារសង្គមមួយនេះ។ លោក សាវុង មិនទាន់ច្បាស់ខ្លួនឯងថា រយៈពេលនេះ តើអាចផ្លាស់ប្ដូរផ្នត់គំនិតប្រជាជនឱ្យយល់ពីបរិស្ថានកម្រិតណា តែលោកសម្លឹងឃើញថា មានយុវជនជាច្រើន បានចាប់ផ្តើមអនុវត្តន៍ការងារនេះ ជាបណ្ដើរៗហើយ៕