ជាតិ
សេដ្ឋកិច្ច
7-Eleven គ្រោង​បើក​៧០០​ទៅ​១០០០​សាខា​នៅ​កម្ពុជា ក្នុង​រយៈពេល​៥​ឆ្នាំ​ដំបូង
10, May 2020 , 8:59 pm        
រូបភាព
 លោក Joe DePinto នាយករបស់ប្រភពដើមនៃហាងទំនិញ 7-Eleven ប្រទេសជប៉ុន
លោក Joe DePinto នាយករបស់ប្រភពដើមនៃហាងទំនិញ 7-Eleven ប្រទេសជប៉ុន
​ភ្នំពេញ​៖ ក្រុមហ៊ុន​ថៃ CP ALL Public Limited (CP ALL) គ្រោង​បើកហាង​ទំនិញ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ដែលមាន​រយៈពេល​៣០​ឆ្នាំ ហើយ​អាច​បន្តបាន​២០​បន្ថែមទៀត​។ ការ​ចូលមក​វិនិយោគ​នេះ ក្រសួងពាណិជ្ជកម្ម​អះអាងថា មិន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ហាង​ទំនិញ​នៅ​កម្ពុជា​ឡើយ​។

 
 
​ក្រុមហ៊ុន​ថៃ ដែល​នឹង​បើកហាង​ទំនិញ 7-Eleven ដំបូង​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០២១ ដោយសារ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សេដ្ឋកិច្ចកម្ពុជា​មាន​ភា​ព​រីកចម្រើន ហើយ​កាលពី​ឆ្នាំ​២០១៩​ត្រូវបាន​គេ​ព្យាករ​ថា កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​នៅ​អាស៊ាន​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Joe DePinto នាយក​របស់​ប្រភពដើម​នៃ​ហាង​ទំនិញ 7-Eleven ប្រទេស​ជប៉ុន​។​
 
​លោក Joe DePinto បាន​បន្ថែមថា​៖ «​ក្រុមហ៊ុន CP ALL បានធ្វើ​ឲ្យ 7-Eleven រីកចម្រើន​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ថៃ ហើយ​ខ្ញុំ​គិតថា​គ្មានអ្វី​ល្អ​ជាង​ក្រុមហ៊ុន​CP ALL​ទេ ក្នុងការ​នាំយក​ទំនិញ​7-Eleven របស់​ពួកយើង​មក​ឲ្យ​អតិថិជន​នៅ​កម្ពុជា​»​។ 


 
​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃទី​៨ ឧសភា​នេះ ថា កន្លងមក​ក្រុមហ៊ុន CP ALL របស់​ថៃ បាន​សុំ​សិទ្ធិ​វិ​និ​យោគ​នៅ​កម្ពុជា​និង​ឡាវ ពី​ម្ចាស់​យីហោ​ដើម​នៃ​ហាង 7-Eleven នៃ​ប្រទេស​ជប៉ុន​។ ការរង់ចាំ​សុំ​សិទ្ធ​នេះ មាន​រយៈពេល​ជាង​មួយឆ្នាំ​ហើយ ពោល​មកដល់​ថ្ងៃទី​៥ ឧសភា​នេះ ភាគី​ទាំង​២​ទើបតែ​ព្រម​ព្រៀម​ជាមួយគ្នា ក្នុង​រយៈពេល​៣០​ឆ្នាំ ហើយនឹង​អាច​បន្តទៅ​២០​បន្ថែមទៀត​។ 
 
​ក្រុមហ៊ុន CP ALL គ្រោង​នឹង​បើ​កហាង​ទំនិញ​7-Eleven ពី​៧០០​ទៅ​១០០០​សាខា​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​រយៈពេល​៥​ឆ្នាំ​ដំបូង​។ ជំហាន​បន្ទាប់ ក្រុមហ៊ុន​នេះ នឹង​បើក​លក់​ហ្វ្រេ​ន​ឆាយ 7-Eleven ដល់​អ្នកជំនួញ​ក្នុងប្រទេស​កម្ពុជា​។ ក្រុមហ៊ុន CP ALL បាន​បោះទុន​តម្កល់​ជាង​៥​ពាន់​ដុល្លារ ក្នុងការ​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ាង ថៃ​។ 
 
​អ្នកនាំពាក្យ​រូបនេះ អះអាងថា គម្រោង​នេះ គឺ​មិន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​អ្នកលក់​ទំនិញ​នៅ​កម្ពុជា​ឡើយ​។ ផ្ទុយទៅវិញ លោក សង្កត់ធ្ងន់ថា វា​ជាការ​បង្កើន​ទំហំ​សេដ្ឋកិច្ចកម្ពុជា​។ 
 
«​ការវិនិយោគ​នេះ នឹង​ជួយ​បង្កើន​ទំហំ​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការបង្កើត​ឱកាស​ការងារ​កាន់តែច្រើន​សម្រាប់​យុវជន និង​ផ្ដល់​ប្រាក់ចំណូល​ជូន​ផលិតផល​ក្នុងស្រុក ត្បិត​កន្លងមក​ប្រធាន​ក្រុមហ៊ុន CP ALL ធ្លាប់បាន​សន្យាថា នឹង​ប្រើប្រាស់​បុគ្គលិក​ខ្មែរ​យ៉ាងតិច​៩០​ភាគរយ ដើម្បី​ប្រតិបត្តិការ ហើយនឹង​ជួយប្រមូល​ទិញ​ផលិតផល​ខ្មែរ​ឲ្យ​បាន​ច្រើន ដើ​ម្បី​ដាក់លក់​គ្រប់​សាខា​»​។ នេះ​បើតាម​បញ្ជាក់​របស់ លោក ស៊ា​ង ថៃ​។​
 
​បច្ចុប្បន្ន ហាង 7-Eleven មាននៅ​សហរដ្ឋអាមេរិក កាណាដា ម៉ិ​ក​ស៊ិ​ក ជប៉ុន ថៃ កូរ៉េខាងត្បូង ចិន (​រួមបញ្ចូល តៃវ៉ាន់ និង​ហុងកុង​) ហ្វីលីពីន អូស្ត្រាលី សិង្ហ​បុរី ម៉ាឡេស៊ី វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម ន័​រវេ​ស ស៊ុយអែត ដា​ណឺ​ម៉ាក និង​ឥណ្ឌា​៕
 

Tag:
 សេដ្ឋកិច្ច​
  7-Eleven
© រក្សាសិទ្ធិដោយ thmeythmey.com