អន្តរជាតិ
ចិន ស្នើ​ប្រទេស​សមាជិក​បង់​វិភាគទាន​ដើម្បី​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​អង្គការសហប្រជាជាតិ​
10, May 2020 , 9:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​អះអាងថា​ខ្លួន​បាន​បំពេញ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២០ ដែលជា​វិភាគទាន​សម្រាប់​ទ្រទ្រង់​ការអនុវត្ត និង​ការប្រព្រឹត្តទៅ​របស់​អង្គការសហប្រជាជាតិ​រួចរាល់​ហើយ​។ ក្រុង​ប៉េកាំង ក៏បាន​ស្នើ​ឲ្យ​ប្រទេស​សមាជិក​ទាំងអស់​បំពេញ​កាតព្វកិច្ច​នេះ ដើម្បី​គាំទ្រ​ការងារ​របស់​អង្គការ ជាពិសេស​នោះ ស្របពេល​អង្គការសហប្រជាជាតិ​កំពុងតែ​ប្រឈម​នឹង​ស្ថាន​ភាពលំបាក​ស្រាប់​នៅ​ចំពោះមុខ ។​

 
​តាម​របាយការណ៍​រប​ស់អគ្គ​លេខាធិការដ្ឋាន នៃ​អង្គការសហប្រជាជាតិ ដែល​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន CCTV ស្តីពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​មហាសន្និបាត មានតែ​ប្រទេស​៤៣​ប៉ុណ្ណោះ​នោះទេ ដែល​បាន​បង់​ថវិកា​វិភាគទាន និង​ការងារ​សន្តិភាព​ពេញលេញ​សម្រាប់​ឆ្នាំ​២០២០​។ កត្តា​ប្រទេស​បាន​បង់​តិចតួច​នេះ បាន​បង្ក​ឲ្យ​អង្គការសហប្រជាជាតិ ត្រូវ​ប្រឈម​នឹង​ផល​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ជាពិសេស​ក្នុងការ​អនុវត្ត​ការងារ​ពាក់ព័ន្ធ​នឹង​ការរីក​រាតត្បាត​នៃ​វីរុស Covid-19​។​
 
​ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល​ចិន តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​រប​ស់​ខ្លួន​នៅ​ថ្ងៃ​៨ ឧសភា កន្លងទៅ បាន​ឲ្យ​ដឹងថា ក្នុងនាម​ជា​អ្នក​បង់​វិភាគទាន​ធំជាងគេ​លំដាប់​ទី​២ និង​ក្នុងនាម​ជា​ប្រទេស​ដែលមាន​ការទទួលខុសត្រូវ ចិន តែងតែ​បំពេញ​កាតព្វកិច្ច​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត​ទៅកាន់​អង្គការសហប្រជាជាតិ​។ ហើយ​សម្រាប់​ឆ្នាំ​២០២០ ចិន ក៏បាន​បំពេញ​កាតព្វកិច្ច​នេះ​រួចរាល់​ផងដែរ ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់ខ្លួន​ទៅកាន់​អង្គការសហប្រជាជាតិ​។ 
 
​លោកស្រី​អ្នកនាំពាក្យ Hua Chunying តាមរយៈ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ បាន​គូសបញ្ជាក់ថា  ការបង់​វិភាគទាន​ឲ្យ​បាន​ទាន់ពេល និង​ពេញលេញ គឺជា​កាតព្វកិច្ច ដែលមាន​លក្ខណៈ​ចាប់បង្ខំ​ផ្នែក​ច្បាប់ ដែល​គ្រប់​សមាជិក​ទាំងអស់​ត្រូវ​អនុវត្ត​។ គ្រប់​សមាជិក​ទាំងអស់ ក៍​គួរតែ​បំពេញ​កាតព្វកិច្ច​នេះ​ដើម្បី​ជួយ​សម្រាល​បន្ទុក និង​ផល​លំបាក​ហិរញ្ញវត្ថុ​របស់​អង្គការសហប្រជាជាតិ​។​
 
​លោកស្រី បន្តទៀតថា ស្របពេល​ពិភពលោក កំពុងតែ​ជួបនឹង​បញ្ហា​ប្រឈម​សកល​ជាច្រើន រាប់បញ្ចូល​ទាំង​វីរុស​រាតត្បាត  Covid-19 វិភាគទាន​ដែល​បង់​ដោយ​ប្រទេស​សមាជិក នឹង​ជួយ​បម្រើ​ដល់​ប្រយោជន៍​រួម ដើម្បី​គាំទ្រ​គោលការណ៍​ពហុភាគី​និយម និង​ការការពារ​ប្រព័ន្ធ​អន្តរជាតិ ដែលជា​គោលការណ៍​ស្នូល​របស់​អង្គការសហប្រជាជាតិ​។ 
 
​លោកស្រី ក៏បាន​សង្កត់ធ្ងន់ថា ចិន បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើការ​ជាមួយនឹង​បណ្តា​ប្រទេស​ដទៃ ដើម្បី​គាំទ្រ​ការងារ​របស់​អង្គការសហប្រជាជាតិ ដើម្បី​ធ្វើ​ឲ្យ​អង្គការ​អន្តរជាតិ​មួយ​នេះ អាច​ដើរតួនាទី​កាន់តែ​ខ្លាំងក្លា​ក្នុងការ​លើកកម្ពស់​សន្តិ​ភាព និង​ការអភិវឌ្ឍ​ពិភពលោក​៕ 
 

Tag:
 ចិន​
  អង្គការសហប្រជាជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com