ជាតិ
រដ្ឋមន្ត្រី​ធនធានទឹក ស្នើ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការចាក់ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ព្រែក បឹង​...
10, May 2020 , 2:39 pm        
រូបភាព
លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និងឧតុនិយម
លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និងឧតុនិយម
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បានស្នើ​ទៅ​គណៈ​អភិបាល​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​ជួយ​ទប់ស្កាត់​ពី​ការរំលោភ ចាក់ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក និង​បឹងបួ​ដែលជា​សម្បត្តិ​សាធារណៈ​។

-
 
​តាមរយៈ​សេចក្ដីជូនដំណឹង នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ លោក លឹម គានហោ បានបញ្ជាក់​ប្រាប់​អភិបាល​រាជធានី​-​ខេត្ត ពី​ការព្រួយបារម្ភ​របស់ខ្លួន​ចំពោះ​សកម្មភាព​អវិជ្ជមាន ដូចជា​ការរំលោភ ចាក់ដី​លុប​ចំណី​មាត់ច្រាំង ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ​។ 
 
​លោក​បាន​ពន្យល់ថា សកម្មភាព​ទាំងនេះ បង្កបញ្ហា​ដល់​លទ្ធភាព​នៃ​ការរំដោះ​ទឹក និង​បង្ក​ជា​គ្រោះមហន្តរាយ​ទឹកជំនន់​ដោយសារ ច្រាំងទន្លេ ស្ទឹង ឬ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​មួយចំនួន​ត្រូវបាន​រំលោភ​ចាក់ដី​លុប និង​សាងសង់​បិទផ្លូវ​ទឹក​នានា ដោយ​មិន​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។ 
 
«​មាត់ច្រាំង​ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដូច្នេះ​អភិបាល​គ្រប់​រាជធានី​-​ខេត្ត ត្រូវមាន​វិធានការ​ក្នុងការ​សម្របសម្រួល ដើម្បី​ជួយ​ទប់ស្កាត់​ការរំលោភ ចាក់ដី​លុប​ដែល​មិន​ស្រប​នឹង​ច្បាប់​បានកំណត់​»​។ រដ្ឋមន្ត្រី​ធនធានទឹក បានស្នើ​យ៉ាង​ដូច្នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com