COVID-19
អន្តរជាតិ
ម៉ាឡេស៊ី ពន្យារ​បញ្ជា​បិទ​ប្រទេស​៤​សប្តាហ៍​ទៀត រហូតដល់​ថ្ងៃទី​៩ ខែមិថុនា​
10, May 2020 , 8:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin​ (Xinhua)
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin​ (Xinhua)
ដោយ:
​បទបញ្ជា​គ្រប់គ្រង​ការ​ចល័ត (MCO) របស់​ប្រទេស​ម៉ាឡេស៊ី នឹងត្រូវ​ពន្យារពេល​៤​សប្តាហ៍​ទៀត ពោលគឺ​រហូតដល់​ថ្ងៃទី ៩ ខែមិថុនា​។ នេះ​គឺជា​ការអូសបន្លាយ​ពេល​លើក​ទី​៤​ហើយ ចាប់តាំងពី​បទបញ្ជា ត្រូវបាន​អនុវត្ត​កាលពី​ថ្ងៃទី ១៨ ខែមីនា មក​។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Muhyiddin Yassin បញ្ជាក់​បែបនេះ​។

 
​ក្នុង​សុន្ទរកថា​ពិសេស​មួយ នៅ​ថ្ងៃទី​១០ ខែឧសភា លោកនាយក​រដ្ឋមន្ត្រី Muhyiddin គូសបញ្ជាក់ថា ទោះបីជា​ប្រទេស​ម៉ាឡេស៊ី​មើលឃើញ​ការវិវត្ត​វិជ្ជមាន​ច្រើន​ក្នុងការ​ប្រយុទ្ធប្រឆាំង COVID-19 កិច្ចប្រឹងប្រែង​នេះ ពុំទាន់​ទទួលជោគជ័យ​ពេញលេញ​នោះឡើយ ។ បទបញ្ជា​គ្រប់គ្រង​ការ​ចល័ត (MCO) ដែល​ពន្យារ​ចុងក្រោយបង្អស់ គឺកំណត់​បញ្ចប់​នា​ថ្ងៃទី​១២ ខែឧសភា​។​
 
«​ផ្អែកលើ​គំនិត​សាធារណៈ ខ្ញុំ​យល់ឃើញថា ពលរដ្ឋ​ចង់​ឲ្យ​រដ្ឋាភិបាល​បន្ត​ចាត់វិធានការ​ចាំបាច់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល COVID-19»​។ លោក Muhyiddin លើកឡើង​បែបនេះ​។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក​សង្កត់ធ្ងន់ថា ដូច្នេះហើយ តាម​យោបល់​ពី​សំណាក់​ក្រសួងសុខាភិបាល និង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ម៉ាឡេស៊ី លោក​ចង់​ប្រកាសថា បទបញ្ជា MCO នឹង​ពន្យារពេល​អនុវត្ត​រហូត​ដល់​ថ្ងៃទី​៩ ខែមិថុនា​។ 
 
​មែនទែនទៅ បទបញ្ជា​គ្រប់គ្រង​ការ​ចល័ត​របស់​ម៉ាឡេស៊ី ដែល​បាន​ចូល​ជា​ធរមាន​ចាប់តាំងពី​ថ្ងៃទី​១៨ ខែមីនា ក្នុង​គោលដៅ​ទប់ស្កាត់​ការរីក​រាលដាល COVID-19 ធ្លាប់​ពន្យារពេល​៣​លើក​ហើយ ដែល​មួយ​លើកៗ ២​សប្ដាហ៍​។ ក្រោម​ចំណាត់​ការបិទ​ប្រទេស​ដោយ​ផ្នែក​មួយ អាជីវកម្ម​ដែល​ពុំ​ចាំបាច់ និង​សាល​រៀន ត្រូវ​បិទទ្វារ ខណៈ​ការធ្វើដំណើរ​ទាំង​ក្នុងស្រុក​និង​អន្តរជាតិ​ត្រូវ​ហាមឃាត់​។​
 
​ក្រោយ​អនុវត្ត​ការ​រឹតបន្ដឹង​នេះ គេ​ឃើញ​មាន​សញ្ញាណ​ធូរស្រាល​នៃ​ករណី​ឆ្លង COVID-19 ក្នុងប្រទេស​ម៉ាឡេស៊ី ជាមួយ​ពី​តួលេខ​៣​ខ្ទង់ ធ្លាក់​ចុះមក​២​ខ្ទង់ ចាប់ផ្ដើម​ពី​ពាក់កណ្ដាល់​ខែមេសា​។ គិត​ត្រឹម​ថ្ងៃទី​៩ ខែឧសភា ប្រទេស​ម៉ាឡេស៊ី មាន​ករណី​ឆ្លង​សរុប ៦៥៨៩​ករណី និង​ស្លាប់ ១០៨​នាក់​។ ជិត​៧៥​ភាគរយ​នៃ​អ្នកជំងឺ​បានជា​សះស្បើយ​ពី​COVID-19៕
 

Tag:
 ម៉ាឡេស៊ី​
  COVID-19
  MCO
© រក្សាសិទ្ធិដោយ thmeythmey.com