អន្តរជាតិ
វៀតណាមខឹងតូងតាង ក្រោយចិនប្រកាសហាមការនេសាទក្នុងតំបន់សមុទ្រចិនខាងត្បូង រូបភាព៖ Vietnam Explorer
× រដ្ឋាភិបាលក្រុងហាណូយ បានផ្ទុះការប្រតិកម្មជាថ្មីប្រឆាំងទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំង ដែលបានបង្កើតសកម្មភាពឯកតោភាគីថ្មីមួយទៀតនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រទេសជាប់ពាក់ព័ន្ធ។ ក្រុងហាណូយ បន្ទោសក្រុងប៉េកាំង ថា ធ្វើឲ្យស្ថានភាពនៅតំបន់ជម្លោះកាន់តែស្មុគស្មាញ។
តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស រដ្ឋាភិបាលវៀតណាម នៅថ្ងៃ៨ ឧសភា បានបង្ហាញការខកចិត្ត និងទាមទារឲ្យរដ្ឋាភិបាលចិនបញ្ឈប់សកម្មភាពឯកតោភាគី ទៅលើតំបន់សមុទ្រចិនខាងត្បូង ដែលមានប្រទេសពាក់ព័ន្ធអាស៊ានផ្សេងទៀត រួមទាំងវៀតណាមផង មានសិទ្ធិគ្រប់គ្រងអធិបតេយ្យនៅទីនោះផងដែរ។
សេចក្តីប្រកាសរបស់រដ្ឋាភិបាលវៀតណាមបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចិន បានចេញសេចក្តីសម្រេចមួយ ស្តីពីការហាមការនេសាទរដូវក្តៅប្រចាំឆ្នាំ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលត្រូវចាប់ពីថ្ងៃ១ ឧសភា ដល់ថ្ងៃ១៦ សីហា។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Vietnam News។
តាមការអះអាងរបស់លោកស្រីអ្នកនាំពាក្យ Lê Thị Thu Hằng សកម្មភាពនេះ គឺជារឿងឯកតោភាគីសុទ្ធសាធ ហើយវៀតណាម មិនអាចទទួលយកបានឡើយ។ នោះក៏ព្រោះតែ សមុទ្រចិនខាងត្បូង មិនមែនជារបស់កម្មសិទ្ធិផ្តាច់មុខ របស់ចិនតែឯងឡើយ។
លោកស្រី អះអាងជាថ្មីថា វៀតណាមមានអំណះអំណាងគ្រប់គ្រាន់តែផ្នែកប្រវិត្តសាស្ត្រ និងផ្នែកច្បាប់អន្តរជាតិ លើសិទ្ធិអធិបតេយ្យគ្រប់គ្រងតំបន់ប្រជុំកោះ ស្ព្រាតលី និងប៉ារ៉ាហ្សែល ដែលជាប្រជុំកោះធំទាំងពីរ នៃសមុទ្រចិនត្បូង ដែលចិន កំពុងតែព្យាយាមកាន់កាប់តែម្នាក់ឯង។ លោកស្រី បន្ថែមថា តាមច្បាប់អន្តរជាតិ វៀតណាម មានសិទ្ធិពេញលេញ ក្នុងការទាញផលប្រយោជន៍ដោយស្របច្បាប់ពីតំបន់នោះ។
ក្នុងអំឡុងពេលប៉ុន្មានខែដើមឆ្នាំ២០២០នេះ ដែលជាឆ្នាំវៀតណាម ធ្វើជាប្រធានវិលជុំអាស៊ាន ផង តាមរបាយការណ៍ដែលបានចុះផ្សាយកន្លងមក ចិនបានមានសកម្មភាពជាបន្តបន្ទាប់ក្នុងសមុទ្រចិនខាងត្បូង រាប់បញ្ចូលទាំងសកម្មភាពយោធា និងសកម្មភាពរដ្ឋបាល។ សកម្មភាពយោធានោះ ចិនបន្តបង្ហាញវត្តមាននៅតំបន់មានជម្លោះកាន់ច្រើន ខណៈរដ្ឋបាលវិញ ចិន បានប្រកាសពីការបង្កើតតំបន់រដ្ឋបាល ជាបន្តបន្ទាប់នៅទីនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com