អន្តរជាតិ
ស៊ីលី៖ រមណីយដ្ឋានស្គីត្រូវបង្កើតព្រិលសិប្បិនិមិត្តដោយសារបម្រែបម្រួលអាកាសធាតុ
× ស្ថានីយរមណីយដ្ឋានកម្សាន្តស្គីទឹកកកនៃទីក្រុង Santiago ប្រទេសស៊ីលី ដែលជាប្រទេសមួយមានទីតាំងនៅតាមបណ្តោយទ្វីបអាមេរិកខាងត្បូង បាននឹងកំពុងជួបប្រទះជាមួយនឹងបញ្ហាកង្វះបរិមាណព្រិលដែលធ្លាក់ចុះមក។ ដោយកាលពីមុនមក តំបន់ទាំងនេះតែងទទួលបានបរិមាណព្រិលធម្មតាជានិច្ច។
ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយថា កាលពីប៉ុន្មានទសវត្សរ៍មុន តំបន់ជួរភ្នំ Andes នៃទ្វីបអាមេរិកខាងត្បូងធ្លាប់ទទួលកម្រាស់ព្រិលរហូតដល់ទី៤ម៉ែត្រឯណោះ ដោយពេលខ្លះមិនអាចអនុញ្ញាតឲ្យឡានធ្វើដំណើរបាននៅតាមផ្លូវផង។ តែឆ្នាំនេះ ព្រិលបានធ្លាក់ចុះមកតែ៣ដងប៉ុណ្ណោះ និងមិនលើសពី៣០សង់ទីម៉ែត្រនោះទេ នៅតាមជួរភ្នំ Andes នៃប្រទេសស៊ីលី។
លោក Raul Cordero ដែលជាសាស្ត្រាចារ្យម្នាក់នៅឯសកលវិទ្យាល័យនៃទីក្រុង Santiago និយាយថា តាំងពីពេលនោះមក កម្រិតព្រិលបានធ្លាក់ចុះពី៥ភាគរយ ទៅ១០ភាគរយជារៀងរាល់១០ឆ្នាំម្តង នៅក្នុងតំបន់ជួរភ្នំ Andes ទាំងមូល។ ក្នុងបរិមាណនេះ ព្រិលដែលមាននៅលើភ្នំ Andes នឹងត្រូវបាត់បង់កាន់តែខ្លាំង។
សារធាតុបំពុលដោយមនុស្ស មានដូចជា សារធាតុកាបូន និង ស៊ូត (Soot) មាននាទីក្នុងការពន្លើនសកម្មភាពរលាយនៃទឹកកក។ នេះគឺដោយសារតែសារធាតុខាងលើស្រូបកម្តៅពីព្រះអាទិត្យបានល្អ ដែលធ្វើឲ្យទឹកកករលាយកាន់តែខ្លាំង។ សារធាតុទាំងអស់នោះ ធ្វើដំណើរចេញពីទីក្រុង តាមចរន្តខ្យល់ រហូតដល់វាធ្វើដំណើរទៅក្នុងតំបន់ភ្នំ។
ដោយសារតែម៉ាស៊ីនផលិតព្រិលទាំងនេះហើយ ទើបធ្វើឲ្យរមណីយដ្ឋាននៅតាមជួរភ្នំនេះមួយចំនួនអាចនៅបន្តទទួលភ្ញៀវមកលេងកម្សាន្តបាន ទោះបីព្រិលពីធម្មជាតិធ្លាក់មិនបានគ្រប់គ្រាន់មែនក្តី។ ម៉ាស៊ីនទាំងនោះប្រើប្រាស់សីតុណ្ហភាពទាប និងសំណើមបរិយាកាសខ្ពស់ក្នុងការផលិតគ្រាប់ព្រិលចេញពីទឹក។
អ្នកកីឡាករស្គីម្នាក់ជនជាតិកាណាដា Megan Farrell បាននិយាយថា៖«បើគ្មានព្រិលគ្រប់គ្រាន់នោះទេ តំបន់ស្គីក៏មិនសូវជាមានទូលសម្រាប់ជិះស្គីដែរ។ កីឡាស្គីទាមទារឲ្យមានលក្ខណៈសណ្ឋានដីផ្សេងៗ ដូចជាទីទូល និងរយៈកម្ពស់ផ្សេងៗ»។ ជនជាតិឈីលីម្នាក់ទៀតក៏បាននិយាយដែរថា៖«អ្នកអាចដឹង ព្រិលទាំងនោះមានលក្ខណៈរឹងជាងធម្មតា និងសម្បូរទៅដោយដុំថ្ម នៅពេលដែលព្រិលរលាយ។ ព្រិលដែលផលិតចេញពីម៉ាស៊ីននេះ មិនមានលក្ខណៈពិសេសដូចព្រិលធម្មជាតិនោះទេ»៕
© រក្សាសិទ្ធិដោយ thmeythmey.com