ជាតិ
ក្រសួងវប្បធម៌ នឹងមានវិធានការចំពោះការផ្សព្វផ្សាយដែលប៉ះពាល់ដល់វប្បធម៌ជាតិ
× ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញវិធានការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់វប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ។ បើតាមក្រុមប្រឹក្សាពិន័យ និងលើកសរសើរនៃក្រសួងវប្បធម៌ អ្នកប្រើប្រាស់ គេហទំព័រ និងបណ្ដាញសង្គមមួយចំនួនបានធ្វើការផ្សព្វផ្សាយរូបភាព វីដេអូ សារជាអក្សរ ឬសំឡេង ដោយអសីលញាណ ឆ្ងាយពីក្រមសីលធម៌ដែលជាហេតុបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី អត្តសញ្ញាណ និងក្រិត្យានុភាពជាតិ។
សេចក្ដីណែនាំរបស់ក្រសួងវប្បធម៌ចេញថ្ងៃទី៨ ខែឧសភា ក្នុងការទប់ស្កាត់ផលប៉ះពាល់ ដើម្បីរក្សាភាពថ្លៃថ្នូរគុណតម្លៃក្នុងនាមជាពលរដ្ឋខ្មែរ ក្រុមបឹក្សាពិន័យនិងលើកសរសើរ ជម្រាបជូនទៅអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពផ្សព្វផ្សាយគ្រប់រូបភាព វីដេអូ សារជាអក្សរ ឬសំឡេង បែបលក្ខណៈអាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ដែលវាជាមូលហេតុបង្កឲ្យមានផលប៉ះពាល់ដល់វប្បធម៌ជាតិ។
ក្នុងនោះក្រុមប្រឹក្សាពិន័យក៏បានបញ្ជាក់ផងដែរថា ក្នុងករណីបុគ្គល ឬក្រុមណាមួយនៅតែប្រព្រឹត្តសកម្មភាពដែលបានហាមឃាត់ទៀតនោះ ក្រុមប្រឹក្សាពិន័យនិងសហការជាមួយបណ្ដាក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចាត់វិធានការដោយអនុលោមតាមក្រមសីលធម៌អ្នកសិល្បៈ។
ក្រមសីលធម៌នៃអ្នកសិល្បៈចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ីនធើណេតនៅកម្ពុជា និងដាក់បណ្ដឹងទៅតុលាការដោយអនុលោមតាមក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផលូវភេទ អាស្រ័យទៅតាមស្ថានបទល្មើសដែលអ្នកប្រើប្រាស់គេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមបានប្រព្រឹត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com