ជាតិ
ទិវាមាតា! កូនស្រឡាញ់ម៉ែ នឹកម៉ែ គោរពម៉ែ!
× ភ្នំពេញ៖ ថ្ងៃទី១០ ខែ ឧសភានេះ យុវជនខ្មែរបានបង្ហាញមនោសញ្ចាតនា ជាមួយនឹងការដឹងគុណ និងក្ដីស្រឡាញ់ចំពោះម្តាយនៅថ្ងៃទិវាមាតា ។ ទិវាមាតា (Mother’s Day) មិនមែនជាប្រពៃណីរបស់ខ្មែរឡើយ ប៉ុន្តែយុវជនខ្មែរ បានប្រារព្ធទិវានេះ កាន់តែផុសផុលដោយបានបង្ហាញតាមរយៈការបង្ហោះរូបភាពម្ដាយ ភ្ជាប់ជាមួយសំណេរដឹងគុណ និងក្ដីស្រលាញ់ចំពោះម្ដាយ នៅលើគណនីហ្វេសប៊ុករបស់ពួកគេ។
ទិវាមាតាត្រូវបានផ្តួចផ្តើមរៀបចំលើកដំបូងនៅក្នុងឆ្នាំ១៩០៨ នៅសហរដ្ឋអាមេរិក ដោយលោកស្រី Anna Jarvis ដើម្បីឧទ្ទិសដល់ពលិកម្មគ្រប់បែបយ៉ាងរបស់ស្ត្រីដែលជាម្តាយគ្រប់រូប ដោយទិវានេះ វិវត្តមកពីទិវា Mothering Sunday របស់អង់គ្លេសនាសតវត្សរ៍ទី១៥ ។
នៅឆ្នាំ១៩១៤ ចក្រភពអង់គ្លេសបានធ្វើឲ្យទិវានេះមានលក្ខណៈផុសផុល រីឯអាល្លឺម៉ង់ចាប់ផ្តើមប្រារព្ធជាផ្លូវការក្នុងឆ្នាំ១៩២៣ ហើយប្រទេសបែលហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ អ៊ីតាលី តួកគី និងអូស្ត្រាលី បាននាំគ្នាប្រារព្ធជាបន្តបន្ទាប់។
ពុំមានការកំណត់ថ្ងៃជាក់លាក់ឡើយក្នុងការប្រារព្ធទិវានេះ ដោយប្រទេសខ្លះយកចំថ្ងៃនៃទិវាសិទ្ធិនារីអន្តរជាតិ ប្រទេសខ្លះមានពេលវេលា និងឈ្មោះហៅទិវានេះ ប្លែកៗពីគ្នា រីឯប្រទេសកម្ពុជាបាននិយមតាមប្រទេសមួយចំនួនដែលប្រារព្ធទិវានេះ នៅចំថ្ងៃអាទិត្យ សប្តាហ៍ទី២នៃខែឧសភា។
សារយុវជនមួយចំនួននៅតាមបណ្តាញហ្វេសប៊ុក៖
កញ្ញា ជួប ច័ន្ទផូផាណែត បានបង្ហោះរូបជាមួយម្ដាយនិងបងស្រីជាច្រើនសន្លឹក និងបានសរសេរថា« ម្ដាយជាទីស្រលាញ់របស់កូនៗ រីករាយទិវាគុណម្ដាយ កូនស្រលាញ់ម៉ែ កូនជូនពរឱ្យម៉ែមានសុខភាពល្អ»។ ជាមួយគ្នានេះ កញ្ញា ញឹក ស្រីល័ក្ខ ក៏បានបង្ហោះរូបថតរបស់ម្ដាយជាច្រើនសន្លឹក ហើយសរសេរថា៖ «សូមអរគុណម៉ាក់គ្រប់យ៉ាង កាលខ្ញុំឡើងសួរសំណួរសម្ដេច អ្នកដែលភ័យជាងខ្ញុំ គឺគាត់នេះហើយ»។
ងាកទៅ កញ្ញា ម៉ៅ ស្រីម៉ី វិញ នាង បានបង្ហោះរូបជាមួយម្ដាយនៅថ្ងៃទទួលសញ្ញាប័ត្រ និងរូបក្រុមគ្រួសារ ហើយបានរៀបរាបដូច្នេះថា៖« ខ្ញុំអត់សរសេរអីទេចុកដៃណាស់ សរសេរមិចក៏រៀបរាប់គុណម៉ែមិនអស់ដែរ។ បើកូនឈ្លើយ កូនខុស សូមម៉ែអភ័យផង សម្ដីកូនមិនពិរោះដាក់ម៉ែ តែហាមអ្នកផ្សេងបៀតបៀនលោក។ ឆ្លៀតក្នុងទិវានេះសូមជូនពរលោកទាំងពីរឱ្យមានសុខភាពល្អ អាយុវែង»។
យុវជន កន សុខហេង បានបង្ហោះរូបជាមួយម្ដាយ ហើយលើកឡើងថា« រីករាយទិវាមាតាអន្តរជាតិ ជូនពរឱ្យអ្នកម្ដាយមានសុខភាពល្អ និងសម្រេចគ្រប់ភារកិច្ចពិសេសមានលុយច្រើនៗ»។ សុខ ហេង ក៏បានTag ឈ្មោះហ្វេសប៊ុកម្ដាយខ្លួននៅលើរូបផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com