COVID-19
អន្តរជាតិ
លោកស្រី ស៊ូ​ជី គ្រោង​បង្កើត​យុទ្ធនា​ការជំរុញ​ពលរដ្ឋ​ប្រើ​ម៉ាស​បែប​បរិស្ថាន
11, May 2020 , 9:29 am        
រូបភាព
ដោយ:
​ប្រមុខ​ដឹកនាំ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បន្ត​ទទូច​ឲ្យ​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​អនុវត្ត​គោលការណ៍​វេជ្ជសាស្ត្រ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត ខណៈ​ស្ថានភាព​នៃ​ការរីក​រាល​ពី​វីរុស Covid-19 នៅក្នុង​ប្រទេស​នៅតែ​ស្ថិតនៅក្នុង​ភាពផុយស្រួយ​នៅឡើយ​។ ប្រមុខ​ដឹកនាំ​រូបនេះ សន្យា​ធ្វើ​យុទ្ធនាការ​ឲ្យ​ពលរដ្ឋ​ចេះ​ការពារ​ខ្លួន ជាពិសេស​ប្រើប្រាស់​ម៉ាស​បែប​បរិស្ថាន និង​សន្សំសំចៃ​ទៀតផង​។​

 
​តាមរយៈ​សន្និសីទ​វីដេអូ​ថ្ងៃ​៧ ឧសភា​កន្លងទៅ លោកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី បាន​អះអាងថា លោកស្រី នឹងធ្វើ​យុទ្ធនាការ​ពិ​សេសមួយ​ដើម្បី​ជំរុញ​ពលរដ្ឋ​ប្រើប្រាស់​ម៉ាស​បែប​បរិស្ថាន និង​ធ្វើ​ដោយ​ខ្លួនឯង ជាពិសេស​នោះ​អាច​យកទៅ​បោក​ជា​រៀងរាល់ថ្ងៃ ហើយ​ប្រើប្រាស់​សារជាថ្មី​បាន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Myanmar Times​។​
 
​សម្រាប់​លោកស្រី​ទីប្រឹក្សា​រដ្ឋ​រូបនេះ បាន​ទទួលស្គាល់ថា វា ជា​កិច្ចការ​លំបាក​មួយ​សម្រាប់​រដ្ឋាភិបាល​ក្នុងការ​ចាត់​វិធាន​ទៅលើ​អ្នក​ដែល​មិន​គោរព​តាម​បទបញ្ជា ក៏ប៉ុន្តែ​លោកស្រី នឹង​ព្យាយាម​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ដើម្បី​ឲ្យ​ប្រជាជន​យល់ដឹងបាន​កាន់តែច្រើន​។ 
 
​នា​កិច្ចសន្ទនា​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី​ទទួលបន្ទុក​ការងារ​របស់លោក​ស្រី ក៏បាន​វាយតម្លៃ​ខ្ពស់​ពី​ប្រសិទ្ធភាព​នៃ​ការពាក់​ម៉ាស​ពី​ការឆ្លង​វីរុស​ពី​អ្នកមាន​ជំងឺ​នោះ​។ លោក លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ពាក់​ម៉ាស​ជាប្រចាំ ជាពិសេស​នោះ​ពេលចេញ​ក្រៅ ឬ​ទីប្រជុំជន​សាធារណៈ​។ 
 
​គួរ​ជម្រាប​បន្តិច​ផងដែរ​ថា ដោយសារតែ​បញ្ហា​វីរុស​រាតត្បាត Covid-19 លោកស្រី​អ៊ុង​សាន ស៊ូ​ជី បានសម្រេច​ចូល​ពន្លក​ក្នុងការ​ប្រើប្រាស់​បណ្តាញ​សង្គម ហើយ​ថែមទាំង​សកម្ម​ទៀតផង​។ គិត​ចាប់ពី​វីរុស នេះ​បាន​ផ្ទុះឡើង​ក្នុងករណី​ដំបូង​នៅ​មី​យ៉ាន់​ម៉ា​នៅ​ចុងខែ​មីនា​មក លោកស្រី ជាមួយនឹង​ការណែនាំ​មិន​ឲ្យ​ប្រជាជន​តក់ស្លុត លោកស្រី​បានជា​គំរូ​ជា​បន្តបន្ទាប់​ក្នុងការ​អនុវត្ត​វិធាន​ការពារ រាប់ទាំង​ការ​ដេរ​ម៉ាស​ដោយ​ខ្លួនឯង​ជាដើម​។  
 
​តាមពិតទៅ ការណ៍​ដែល​មី​យ៉ាន់​ម៉ា នៅមាន​ការព្រួយបារម្ភ​ខ្លាំង ក៏​ព្រោះតែ​មី​យ៉ាន់​ម៉ា គឺជា​ប្រទេស​ក្រោយ​គេ​មួយ​នៅក្នុង​តំបន់​អាស៊ាន ដែលមាន​ករណី​ឆ្លង​វីរុស Covid-19 ពោលគឺ លទ្ធភាព​នៃ​ការឆ្លង​បន្ត​នៅ​មី​យ៉ាន់​ម៉ា អាច​នៅមាន​ច្រើន ខណៈ​បណ្តា​ប្រទេស​ក្នុង​តំបន់​មាន​ករណី​ថមថយ​ជា​បន្តបន្ទាប់​ហើយ​នោះ​៕ 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com