ជាតិ
រថយន្ត
សង្គមជាតិ
១០​ថ្ងៃ​ដំបូង​នៃ​ការ​រឹតបន្ដឹង​ចរាចរណ៍ មាន​ម៉ូតូ និង​ឡានជិត​២​ម៉ឺន​ករណី ត្រូវបាន​ផាកពិន័យ
11, May 2020 , 9:26 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  ក្នុង​រយៈពេល​១០​ថ្ងៃ​ដំបូង ពោល​ចាប់​ពីថ្ងៃ​១​ដល់​១០​ឧសភា ឆ្នាំ​២០២០  នៃ​ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក មាន​យន្ត​យាន​ចំនួន​១៨,៤៥០​គ្រឿង ល្មើសច្បាប់ ស្មើនឹង​១៩,១៦០​ករណី ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស​។​


 
​បើតាម​ការចុះផ្សាយ​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ យានយន្ត​ជិត​២​ម៉ឺន​គ្រឿង​ដែល​ល្មើសច្បាប់​ចរាចរណ៍​នោះ មាន ម៉ូតូ​ចំនួន​១៤,៦០៣​គ្រឿង ស្មើនឹង​១៤,៣៤០​ករណី និង​រថយន្ដ​ចំនួន​៤,៨៤៧​គ្រឿង ស្មើនឹង​៤,៨២០​ករណី  ដែល​ត្រូវបាន​ប៉ូលិស​ផាកពិន័យ​ ទៅតាម​បទល្មើស​នៃ​ច្បាប់​ចរាចរណ៍​នីមួយៗ​។ 
 
​ដោយឡែក សម្រាប់​ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ថ្ងៃទី​១០ ឧសភា វិញ  មាន​យានយន្ត ១,២២៨​គ្រឿង ល្មើសច្បាប់ ស្មើនឹង​១,២២៨​ករណី ត្រូវបាន​ផាកពិន័យ​។   ក្នុងចំណោម​យានយន្ដ​ទាំង​ជាង​១​ពាន់​គ្រឿង​នោះ មាន​ម៉ូតូ​៨៤២​ករណី និង​រថយន្ដ​៣៨៦​ករណី ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ ។​
 
​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា ចំពោះ​អ្នកបើកបរ​ម៉ូតូ​ដែល​ល្មើសច្បាប់​ចរាចរណ៍​នោះ ភាគច្រើន អត់​មួកសុវត្ថិភាព អត់​កញ្ចក់ និង​ជិះ​ប​ញ្ជ្រា​ស​។ រីឯ​អ្នកបើកបរ​រថយន្ដ​វិញ គឺ​អត់​ពាក់​ខ្សែក្រវ៉ាត់​, ល្មើស​ល្បឿន​, បណ្ណ​បើកបរ ដឹក​លើស​ចំណុះ និង​អត់​ផ្លាកលេខ​ជាដើម​។ 
 
​ចាប់តាំងពី​ថ្ងៃទី​១ ឧសភា ឆ្នាំ​២០២០​មក កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស បាន​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក របស់​ប្រជាពលរដ្ឋ ដោយ​អនុវត្តតាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក (​ថ្មី​) ដែល​ចុះ​ថ្ងៃទី​១៧ ខែមីនា ដែលមាន​ការផាកពិន័យ​ជា​ប្រាក់​ច្រើន ជាង​មុន​ពី​៣​ទៅ​៥​ដង​។ អនុក្រឹត្យ​លេខ​៣៩​នេះ បាន​បញ្ជាក់ថា ចំពោះ​អ្នកបើកបរ​ម៉ូតូ​, ម៉ូតូ​សណ្តោង​រ៉ឹ​ម៉ក និង​ម៉ូតូ​កង់​បួន ដែល​ល្មើសច្បាប់​ចរាចរណ៍​ នឹង​ពិន័យ​ទឹកប្រាក់​ពី​៦​ម៉ឺន​ទៅ​១​លាន​រៀល​។ រីឯ​អ្នកបើកបរ​យានយន្ត​ធុន​ស្រាល និង​ធ្ងន់ ដែល​ល្មើសច្បាប់​ចរាចរណ៍ នឹង​ពិន័យ​ពី​១២​ម៉ឺន​ទៅ​៤​លាន​រៀល​។ ការពិន័យ​នេះ គឺ​អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​បទល្មើស​ចរាចរណ៍​នីមួយៗ​៕ 
 

Tag:
 ចរាចរណ៍​
  រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com