COVID-19
ជាតិ
សុខភាព
៤​សប្តាហ៍​ហើយ ដែល​កម្ពុជា​គ្មាន​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​នៅសល់​អ្នកជំងឺ​២​នាក់​
11, May 2020 , 10:11 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងក្នុងសន្នីសិទកាសែត កាលពីថ្ងៃទី១៣មេសា ឆ្នាំ២០២០។ រូបថត៖ ThmeyThmey
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងក្នុងសន្នីសិទកាសែត កាលពីថ្ងៃទី១៣មេសា ឆ្នាំ២០២០។ រូបថត៖ ThmeyThmey
​ភ្នំពេញ​៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានប្រកាស​ក្នុង​សន្និសីទកាសែត ថា សម្រាប់​ថ្ងៃទី​១១​ឧសភា កម្ពុជា នៅតែ​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19) ខណៈដែល​នៅសល់​អ្នកជំងឺ​២​នាក់​ប៉ុណ្ណោះ កំពុង​សម្រាក​ព្យាបាល​។ លោក បានបញ្ជាក់​ទៀតថា ក្នុង​រយៈពេល​ជិត​មួយខែ​ចុង​ក្រោយនេះ ពោល​ចាប់ពី​ថ្ងៃទី​១៣​មេសា មក   កម្ពុជា​គឺ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​នេះឡើយ​។

 
​ទោះបីជា​កម្ពុជា​បន្ត​គ្មាន​ករណី​ឆ្លង​ថ្មី ប៉ុន្តែ​រដ្ឋមន្ត្រី​សុខាភិបាល​រូបនេះ នៅតែ​ព្រមាន​ថា​កម្ពុជា​កំពុងតែ​ស្ថិតនៅក្នុង​ភាព​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​នៅឡើយ​។ ជាមួយគ្នានេះ លោក​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត និង​បង្កើន​ការយកចិត្តទុកដាក់​ឱ្យ​ខ្ពស់ និង​អនុវត្ត​វិធាន​អនាម័យ​នានា និង​ការរក្សា​គម្លាត​សុវត្ថិភាព​តាម​ការណែនាំ ដើម្បី​កុំឱ្យ​មានការ​ចម្លង​រាតត្បាត​ក្នុង​សហគមន៍​។ 
 
 
​គិត​ត្រឹម​ថ្ងៃទី​១១​ឧសភា ឆ្នាំ​២០២០  កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​១២២​នាក់ ក្នុង​រាជធានី​-​ខេត្ត​ចំនួន​១៣​។ ក្នុងនោះ មាន​១២០​នាក់ ឬ​ស្មើនឹង​៩៩.៣៦​ភាគរយ ជាសះស្បើយ​។ អ្នក​សះស្បើយ​ទាំងនោះ ជនជាតិខ្មែរ ៤៩​នាក់​, បារាំង​៤០​នាក់​, ម៉ាឡេស៊ី​១៣​នាក់​,  អង់គ្លេស​៥​នាក់​, ចិន​៣​នាក់​,  អាមេរិកាំង​២​នាក់​, វៀតណាម​៣​នាក់​, ឥណ្ឌូណេស៊ី​២​នាក់​, កាណាដា​២​នាក់ និង​បែ​ល​ហ្សិ​ក​១​នាក់​។ 
 
 
​ដោយឡែក អ្នកជំងឺ​កូ​វីដ​-១៩ ដែល​នៅសល់​២​នាក់​ទៀត​នោះ គឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​មិត្តភាព​កម្ពុជា​-​សូ​វៀត​។ អ្នកជំងឺ​កូ​វីដ​-១៩ ទាំងពីរ​នាក់​នោះ  គឺជា​ស្ត្រី វ័យ​៣៦​ឆ្នាំ រស់នៅ​ខេត្តបន្ទាយមានជ័យ  និង​បុរស​វ័យ​៧៥​ឆ្នាំ រស់នៅ​ខេត្តកំពង់ឆ្នាំង​៕ 
 
 

Tag:
 COVID-19
  ម៉ម ប៊ុនហេង​
© រក្សាសិទ្ធិដោយ thmeythmey.com