COVID-19
អន្តរជាតិ
គ្រែសម្រាប់ដាក់អ្នកជំងឺ COVID-19 នៅតូក្យូ ប្រើប្រាស់អស់ជាង៩០ភាគរយហើយ ក្រុមបុគ្គលិកវេជ្ជសាស្រ្តជប៉ុន កំពុងធ្វើការនៅក្នុងបន្ទាប់សង្រ្គោះបន្ទាន់។ រូបភាព៖ Reuters
× ចំនួនគ្រែច្រើនជាង ៩០ភាគរយសម្រាប់អ្នកជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅក្នុងទីក្រុងតូក្យូ បានដាក់អ្នកជំងឺអស់ហើយ ដោយពេលនេះគ្រែអ្នកជំងឺសល់តែចំនួនបន្តិចប៉ុណ្ណោះ។ក្រសួងសុខាភិបាលជប៉ុន នាថ្ងៃទី១០ ខែឧសភា បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ជប៉ុននឹងបន្ថែមគ្រែសម្រាប់ដាក់អ្នកជំងឺ COVID-19 ច្រើនជាងនេះទៀត។
គិតចាប់តាំងពីថ្ងៃទី២៨ ខែមេសាមក គ្រែសម្រាប់ដាក់អ្នកជំងឺ COVID-19 ចំនួន ២០០០គ្រែ ត្រូវបានគេដាក់អ្នកជំងឺជិតអស់ហើយ។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលជប៉ុន អ្នកជំងឺចំនួន ១៨៣២នាក់ ត្រូវបានគេព្យាបាលនៅក្នុងទីក្រុងតូក្យូ។ ចំនួនដ៏ច្រើនបែបនេះ ត្រូវបានគេប្រើប្រាស់គ្រែសម្រាប់អ្នកជំងឺ COVID-19 អស់ចំនួន ៩១,៦ភាគរយ ខណៈគ្រែដែលនៅទំនេរ សល់ត្រឹមចំនួនបន្តិចបន្តួចប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលប្រចាំទីក្រុងតូក្យូ នឹងត្រៀមគ្រែអ្នកជំងឺ COVID-19 បន្ថែមទៀតរហូតដល់ ៤ពាន់ឯណោះ ដើម្បីទប់ស្កាត់ និងព្យាបាលអ្នកជំងឺ។ ថ្លែងប្រាប់អ្នកសារព័ត៌មានReuters មន្ត្រីក្រសួងសុខាភិបាលជប៉ុនម្នាក់ បានលើកឡើងយ៉ាងដូច្នេះថា៖ «វាប្រាកដណាស់ថា វីរុសនឹងរីកសាយភាយបន្ថែមទៀត។ វាគឺជារឿងសំខាន់ ដើម្បីបន្ថែមចំនួនគ្រែអ្នកជំងឺពី ២ពាន់គ្រែ ទៅដល់ចំនួនកំណត់»។
ជាការពិត ទីក្រុងតូក្យូ បានរាយការណ៍ថា រាជធានីមួយនេះ មានចំនួនករណីអ្នកផ្ទុកCOVID-19 ប្រមាណជា ៥ពាន់នាក់ឯណោះ ពោលគឺវាស្មើនឹងចំនួន ១ភាគ៣ នៃករណី COVID-19 នៅជប៉ុនសរុប។ មកទល់ពេលនេះ ជប៉ុនមានករណីកូរ៉ូណាវីរុសសរុបចំនួន ១៥៧៧៧ករណី អ្នកស្លាប់ចំនួន ៦២៤នាក់ និងអ្នកជាសះស្បើយមានចំនួន ៨១២៧នាក់។
សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន ក៏បានត្រៀមប្រកាសលើកចោលស្ថានភាពអាសន្ននៅក្នុងខេត្តមួយចំនួនរបស់ខ្លួនផងដែរនារយៈពេលខាងមុខនេះ ប្រសិនបើស្ថានការណ៍COVID-19 នៅក្នុងខេត្តទាំងនេះ មានករណីឆ្លងតិចតួច មានប្រព័ន្ធត្រួតពិនិត្យអ្នកផ្ទុកកូរ៉ូណាវីរុស និងសម្ភារវេជ្ជសាស្ត្រត្រឹមត្រូវ និងលក្ខខណ្ឌមួយចំនួនទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com