COVID-19
អន្តរជាតិ
គ្រែ​សម្រាប់​ដាក់​អ្នកជំងឺ COVID-19 នៅ​តូ​ក្យូ ប្រើប្រាស់​អស់​ជាង​៩០​ភាគរយ​ហើយ​
11, May 2020 , 10:37 am        
រូបភាព
ក្រុមបុគ្គលិកវេជ្ជសាស្រ្តជប៉ុន កំពុងធ្វើការនៅក្នុងបន្ទាប់សង្រ្គោះបន្ទាន់។ រូបភាព៖ Reuters
ក្រុមបុគ្គលិកវេជ្ជសាស្រ្តជប៉ុន កំពុងធ្វើការនៅក្នុងបន្ទាប់សង្រ្គោះបន្ទាន់។ រូបភាព៖ Reuters
ចំនួន​គ្រែ​ច្រើនជាង ៩០​ភាគរយ​សម្រាប់​អ្នកជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅក្នុង​ទីក្រុង​តូ​ក្យូ បានដាក់​អ្នកជំងឺ​អស់ហើយ ដោយពេល​នេះ​គ្រែ​អ្នកជំងឺ​សល់​តែ​ចំនួន​បន្តិច​ប៉ុណ្ណោះ​។​ក្រសួងសុខាភិបាល​ជប៉ុន នា​ថ្ងៃទី​១០ ខែឧសភា បានបញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ជប៉ុន​នឹង​បន្ថែម​គ្រែ​សម្រាប់​ដាក់​អ្នកជំងឺ COVID-19 ច្រើន​ជាងនេះទៀត​។


 
​គិត​ចាប់តាំងពី​ថ្ងៃទី​២៨ ខែមេសា​មក គ្រែ​សម្រាប់​ដាក់​អ្នកជំងឺ COVID-19 ចំនួន ២០០០​គ្រែ ត្រូវបាន​គេ​ដាក់​អ្នកជំងឺ​ជិត​អស់ហើយ​។ បើតាម​ការបញ្ជា​ក់រប​ស់​ក្រសួងសុខាភិបាល​ជប៉ុន អ្នកជំងឺ​ចំនួន ១៨៣២​នាក់ ត្រូវបាន​គេ​ព្យាបាល​នៅក្នុង​ទីក្រុង​តូ​ក្យូ​។ ចំនួន​ដ៏​ច្រើន​បែបនេះ ត្រូវបាន​គេ​ប្រើប្រាស់​គ្រែ​សម្រាប់​អ្នកជំងឺ COVID-19 អស់​ចំនួន ៩១,៦​ភាគរយ ខណៈ​គ្រែ​ដែល​នៅ​ទំនេរ សល់​ត្រឹម​ចំនួន​បន្តិចបន្តួច​ប៉ុណ្ណោះ​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ប្រចាំ​ទីក្រុង​តូ​ក្យូ នឹង​ត្រៀម​គ្រែ​អ្នកជំងឺ COVID-19 បន្ថែមទៀត​រហូតដល់ ៤​ពាន់​ឯណោះ ដើម្បី​ទប់ស្កាត់ និង​ព្យាបាល​អ្នកជំងឺ​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​Reuters មន្ត្រី​ក្រសួងសុខាភិបាល​ជប៉ុន​ម្នាក់ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​វា​ប្រាកដ​ណាស់​ថា វីរុស​នឹង​រីក​សាយភាយ​បន្ថែមទៀត​។ វា​គឺជា​រឿង​សំខាន់ ដើម្បី​បន្ថែមចំនួន​គ្រែ​អ្នកជំងឺ​ពី ២​ពាន់​គ្រែ ទៅដល់​ចំនួន​កំណត់​»​។ 
 
​ជាការ​ពិត ទីក្រុង​តូ​ក្យូ បាន​រាយការណ៍​ថា រាជធានី​មួយ​នេះ មាន​ចំនួន​ករណី​អ្នក​ផ្ទុក​COVID-19 ប្រមាណ​ជា ៥​ពាន់​នាក់​ឯណោះ ពោលគឺ​វា​ស្មើនឹង​ចំនួន ១​ភាគ​៣ នៃ​ករណី COVID-19 នៅ​ជប៉ុន​សរុប​។ មកទល់ពេលនេះ ជប៉ុន​មាន​ករណី​កូ​រ៉ូ​ណា​វីរុស​សរុប​ចំនួន ១៥៧៧៧​ករណី អ្នកស្លាប់​ចំនួន ៦២៤​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៨១២៧​នាក់​។ 
 
​សូមបញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន ក៏បាន​ត្រៀម​ប្រកាស​លើកចោល​ស្ថានភាព​អាសន្ន​នៅក្នុង​ខេត្ត​មួយចំនួន​របស់ខ្លួន​ផងដែរ​នា​រយៈពេល​ខាងមុខ​នេះ ប្រសិនបើ​ស្ថានការណ៍​COVID-19 នៅក្នុង​ខេត្ត​ទាំងនេះ មាន​ករណី​ឆ្លង​តិចតួច មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​អ្នក​ផ្ទុក​កូ​រ៉ូ​ណាវី​រុស និង​សម្ភារ​វេជ្ជសាស្ត្រ​ត្រឹមត្រូវ និង​លក្ខខណ្ឌ​មួយចំនួនទៀត​៕ 

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com