COVID-19
អន្តរជាតិ
COVID-19 ធូរស្រាលបន្តិច បាតុករហុងកុងផ្ដើមសកម្មភាពតវ៉ាសារជាថ្មី ប៉ូលិសហុងកុង ចុះបង្ក្រាបបាតុករនៅហាងទំនើប កាលពីថ្ងៃទី ១០ ខែឧសភា (AFP)
× ប៉ូលិសហុងកុង បានដេញបង្ក្រាបក្រុមបាតុករ ដែលធ្វើសកម្មភាពតវ៉ានៅតាមផ្សារទំនើប កាលពីថ្ងៃទី១០ ខែឧសភា។ ពួកគេបានប្រមូលផ្ដុំគ្នាចំថ្ងៃទិវាម្ដាយអន្តរជាតិ ស្រែកតវ៉ាឲ្យមេដឹកនាំហុងកុង អ្នកស្រី ការី ឡាំ លាលែងតំណែង និងអូសហុងកុងចេញពីក្រញាំក្រុងប៉េកាំង។
ហុងកុងដែលជាទីក្រុងពាក់កណ្ដាលស្វយ័តរបស់ចិន បានរំជើបរំជួលដោយសារបាតុកម្មគាំទ្រប្រជាធិបតេយ្យ៧ខែជាប់គ្នាកាលពីឆ្នាំមុន ដោយមានមនុស្សរហូតដល់លាននាក់ធ្វើសកម្មភាពតវ៉ាតាមដងផ្លូវ។ ការចាប់ខ្លួនទ្រង់ទ្រាយធំ និងជំងឺរាតត្បាតសកល COVID-19 បានពន្លត់ភាពវឹកវរនេះមួយរយៈពេល។
ក៏ប៉ុន្តែ ខណៈទីក្រុងនេះទទួលជោគជ័យទប់ស្កាត់ការរីករាលដាល COVID-19 បាតុកម្មទ្រង់ទ្រាយតូច ផ្ដើមផុសផុលជាថ្មីម្ដងទៀត កាលពីចុងសប្តាហ៍មុន ដែលត្រូវនឹងទិវាម្ដាយអន្តរជាតិ។ ការតវ៉ាទាមទារឯករាជ្យ និងទម្លាក់អ្នកស្រី ការី ឡាំពីតំណែងប្រមុខដឹកនាំហុងកុង បានរៀបចំឡើងយ៉ាងតិចផ្សារទំនើបចំនួន ៨ទីតាំង។
ជាការឆ្លើយតប ប៉ូលិសហុងកុង បានប្រញាប់ចូលអន្តរាគមន៍ និងបំបែកក្រុមបាតុករ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP មនុស្សយ៉ាងតិច៣នាក់ ត្រូវបានឃាត់ខ្លួន អំឡុងពេលចុះបង្ក្រាបនេះ។ ម្យ៉ាងវិញទៀត ប៉ូលិស ក៏បានដាក់ពិន័យប្រាក់ ២៦០ដុល្លារនៅកន្លែងផ្ទាល់ផងដែរ ចំពោះអ្នកដែលល្មើសចំណាត់ការប្រឆាំង COVID-19 ដោយហាមការប្រមូលផ្ដុំមនុស្សលើសពី៨នាក់ នៅទីសាធារណៈ។
«នេះគឺជាការកម្ដៅសាច់ដុំប៉ុណ្ណោះ។ ចលនាបាតុកម្មយើង ត្រូវការចាប់ផ្ដើមឡើងវិញ»។ និស្សិតសកលវិទ្យាល័យម្នាក់ ដែលពុំផ្ដល់ឈ្មោះពិត បានប្រាប់ទីភ្នាក់ងារ AFP បែបនេះ ដោយបន្ថែមថា៖«វាមានសញ្ញាវិជ្ជមានថា អ្វីៗកំពុងផ្ដើមត្រលប់មកសភាពដើមវិញ យើងទាំងអស់គ្នាត្រូវការងើបឡើងវិញឥឡូវនេះ»។
អ្នកស្រី ការី ឡាំ ដែលមានប៉េកាំងជាខ្នងបង្អែក ទទួលអត្រាគាំទ្រពីសំណាក់ពលរដ្ឋហុងកុងទាប។ មេដឹកនាំមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំតំបន់អាស៊ីមួយនេះ បានបដិសេធសំណើបង្កើតការរៀបចំបោះឆ្នោតលក្ខណៈសកល ឬការស៊ើបអង្កេតឯករាជ្យ លើសកម្មភាពប៉ូលិសធ្វើដាក់ក្រុមបាតុករ។
សូមបញ្ជាក់ថា ទីក្រុង ហុងកុង បានផ្ដើមបន្ធូរបន្ថយចំណាត់ការគម្លាតសុវត្ថិភាពចម្បងមួយចំនួន កាលពីថ្ងៃទី៨ ខែឧសភា ដោយការបើកទ្វារកន្លែងផឹកស្រា កន្លែងហាត់ប្រាណ កន្លែងម៉ាស្សា និងសាឡន និងរោងកុនជាដើម។ ទីតាំងកម្សាន្តនៅហុងកុងភាគច្រើន បានផ្អាកដំណើរការ កាលពីពាក់កណ្ដាលខែមេសា នៅពេលទីក្រុងនេះ រងរលកឆ្លង COVID-19 លើកទី២។ ហុងកុង មានករណីឆ្លងសរុប ១០៤៨ករណី និងស្លាប់៤នាក់។ ករណីជាសះស្បើយមាន៩៨២នាក់៕
Tag:
ហុងកុង
បាតកម្ម
ទិវាម្ដាយអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com