ជាតិ
៤​ខែ មាន​មនុស្ស​ស្លាប់​៩​នាក់ និង​ផ្ទះ​ជិត​៣០០០​ខ្នង ខូចខាត​ដោយសារ​គ្រោះធម្មជាតិ
11, May 2020 , 1:56 pm        
រូបភាព
ផ្ទះពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ (រូបពីក្រសួងធម្មធានទឹក និងឧតុនិយម)
ផ្ទះពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ (រូបពីក្រសួងធម្មធានទឹក និងឧតុនិយម)
ភ្នំពេញ​៖ មនុស្ស​៩​នាក់​ស្លាប់ និង​ផ្ទះ​ជិត​៣០០០​ខ្នង​រង​ការខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ នៅក្នុង​រយៈពេល​៤​ខែ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឃិន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។


 
​លោក ឃិន សុខា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ ​នៅ​ព្រឹក​ថ្ងៃទី​១១ ឧសភា​នេះ​ថា ក្នុងចំណោម​ផ្ទះ​ជិត​៣​ពាន់​ខ្នង ដែល​រង​ផលប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់​នោះ គឺមាន​ផ្ទះ​ជាង​៥០០​ខ្នងរង​ការខូចខាត​ធ្ងន់ធ្ងរ​។ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា​៖ «​ផ្ទះ​ដែល​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​នេះ កើតឡើង​ស្ទើរ​គ្រប់​ខេត្ត ហើយ​លើកលែងតែ​រាជធានី​ភ្នំពេញ រតនគិរី និង​ព្រះសីហនុ​ប៉ុណ្ណោះ ដែល​គ្មាន​ការប៉ះពាល់​»​។ 
 
​រយៈពេល​៤​ខែ​នេះ មាន​អ្នកស្លាប់​ដោយសារ​រន្ទះបាញ់​៩​នាក់ អ្នករងរបួស​៤​នាក់ រួមទាំង​គោក្របី​ងាប់​៣​ក្បាល​ផងដែរ​។ អ្នកស្លាប់​ទាំង​៩​នាក់​នោះ គឺ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​២​នាក់ ស្វាយរៀង​២​នាក់ តាកែវ​១​នាក់ ព្រៃវែង​១​នាក់ ព្រះវិហារ​១​នាក់ បាត់ដំបង​១​នាក់ និង​ប៉ៃលិន​១​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឃិន សុខា​។ 
 
​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បន្តថា រយៈពេល​ចុងក្រោយ​នេះ គឺមាន​គ្រោះធម្មជាតិ​កើតឡើង​ខ្លាំង ដោយ​ភាគច្រើន​គឺ​ខ្យល់​កន្ត្រាក់ ​និង​រន្ទះបាញ់​។ លោក​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ និង​ជៀសវាង​ការធ្វើដំណើរ​នៅ​អំឡុងពេល​មេឃ​ភ្លៀង​៕ 

Tag:
 គ្រោះធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com