អន្តរជាតិ
សង្គ្រាម ការផ្លាស់​ទី ការប្រែប្រួល​អាកាសធាតុ និង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ជំរុញ​ឲ្យ​ទ្វីបអាហ្វ្រិក​ខាងលិច​ជួប​គ្រោះ​អត់ឃ្លាន​
11, May 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ កុមារ​យេមែន​បង្ហាញ​ឯកសារចាំបាច់ដើម្បី​ទទួល​បាន​ម្ហូបអាហារ​ ដែល​ចែកជូន​ដោយ​អង្គការ​សប្បុរសធម៌​មួយ នៅ​ក្នុង​ទីក្រុង Sanaa ថ្ងៃ​ទី១៣ ខែមេសា ឆ្នាំ​២០១៧។
រូបឯកសារ៖ កុមារ​យេមែន​បង្ហាញ​ឯកសារចាំបាច់ដើម្បី​ទទួល​បាន​ម្ហូបអាហារ​ ដែល​ចែកជូន​ដោយ​អង្គការ​សប្បុរសធម៌​មួយ នៅ​ក្នុង​ទីក្រុង Sanaa ថ្ងៃ​ទី១៣ ខែមេសា ឆ្នាំ​២០១៧។
ដោយ: VOA
​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ៖ សង្គ្រាម ការផ្លាស់​ទី និង​ការប្រែប្រួល​អាកាសធាតុ​កំពុង​ជំរុញ​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​តំបន់​ភាគ​ខាងលិច​នៃ​ទ្វីបអាហ្វ្រិក ដែល​ក្នុងនោះ​មាន​ទាំង​តំបន់ Sahel ផងដែរ ឱ្យ​ធ្លាក់​ទៅក្នុង​ភាពអត់ឃ្លាន​។ ជាងនេះទៀត វិបត្តិ​ជំងឺ​កូ​វីដ​១៩ គឺជា​អ្វីដែល​បន្ថែម​ពីលើ​បញ្ហា​នេះ​ទៀត​។​

 
​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា ការឆ្លង​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩ ទំនងជា​នឹង​បង្កើន​ចំនួន​មនុស្ស​ប្រឈម​នឹង​គ្រោះ​អត់ឃ្លាន​ចំនួន​ជាង​ពីរដង​នៅត្រឹម​ដំណាច់​ឆ្នាំនេះ ដោយ​កើន​ដល់ ៤៣ លាន​នាក់​។​
 
​អង្គការ​នេះ​អះអាងថា ជនក្រីក្រ​ដែល​រស់នៅក្នុង​តំបន់​ទីក្រុង​ដែល​រក​ព្រឹក​ខ្វះ​ល្ងាច គឺជា​ក្រុម​ជន​ដែលមាន​ហានិភ័យ​ខ្ពស់បំផុត​។ អង្គការ​នេះ​ពន្យល់ថា អ្នករស់នៅ​ក្នុង​ទីក្រុង​ពឹងពាក់​លើ​ផ្សារ​សម្រាប់​ទិញ​ម្ហូបអាហារ ហើយ​ពួកគេ​មានលទ្ធភាព​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​ការ​ស្ដុក​ទុក​ម្ហូបអាហារ និង​សន្សំ​លុយ​។​
 
​អ្នកស្រី Elizabeth Byrs ដែលជា​អ្នកនាំពាក្យ​អង្គការ​ស្បៀងអាហារ​ពិភពលោក បាន​និយាយថា មាន​សេចក្តីត្រូវការ​ជាបន្ទាន់​នូវ​ថវិកា​ចំនួន ៧៤ លាន​ដុល្លារ ដើម្បី​ផ្តល់ជំនួយ​ចាំបាច់​សម្រាប់​រយៈពេល ៦ ខែ​ខាងមុខ​ដល់​តំបន់​ភាគ​ខាងលិច​នៃ​ទ្វីបអាហ្វ្រិក​។​
 
​អ្នកស្រី​បាន​ថ្លែងថា សេចក្តីត្រូវការ​នេះ​ទំនងជា​នឹង​កើនឡើង​ថែមទៀត នៅពេលដែល​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​១៩ លេចឡើង​កាន់តែច្បាស់​ជាង​មុន​។​
 
​អ្នកស្រី Byrs បញ្ជាក់​ដូច្នេះ​ថា​៖ «​ប្រសិនបើ​ការឆ្លើយតប​មិន​គ្រប់គ្រាន់​នោះទេ នោះ​វា​នឹងធ្វើ​ឲ្យ​សុខុមាលភាព​របស់​មនុស្ស​រាប់លាន​នាក់​នៅពេល​អនាគត​នៅក្នុង​តំបន់​នោះ​មាន​ហានិភ័យ ជាពិសេស​គឺ​ស្ត្រី និង​កុមារ ហើយ​វា​ក៏​អាច​បង្ក​ឲ្យ​មានការ​បះបោរ​របស់​ព​ល​រដ្ឋ​នៅតាម​ផ្នែក​នានា​នៃ​តំបន់​នោះ​ផងដែរ ដែលជា​តំបន់​កំពុងតែ​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ និង​អំពើ​ជ្រុលនិយម​ហិង្សា​រួចស្រេច​ទៅហើយនោះ​»​។​
 
​អ្នកស្រី Byrs បន្តថា អង្គការ​ស្បៀងអាហារ​ពិភពលោក​បារម្ភ​ថា កុមារ​ប្រមាណ ១២ លាន​នាក់​អាចមាន​អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់​នៅក្នុង​ចន្លោះពេល​ដក​ស្ទូង និង​ច្រូតកាត់ រវាង​ខែមិថុនា និង​ខែសីហា​ខាងមុខ ដោយ​កើនឡើង​ពី​ចំនួន ៨ លាន ២ សែន​នាក់ នៅក្នុង​រយៈពេល​ដូចគ្នានេះដែរ​កាលពី​ឆ្នាំមុន​។​
 
​អ្នកស្រី​បាន​បន្ថែមថា អង្គការ​ស្បៀងអាហារ​ពិភពលោក​គ្រោង​នឹង​ស្តុក​ទុកជាមុន​នូវ​ម្ហូបអាហារ​សម្រាប់​រយៈពេល ៦ ខែ នៅក្នុង​តំបន់​នោះ​។ អ្នកស្រី​ថ្លែងថា ការធ្វើ​ដូច្នេះ​នឹង​ធានាថា​នឹងមាន​ជំនួយ​គ្រប់គ្រាន់​សម្រាប់​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស នៅក្នុង​ករណី​ដែល​មានការ​រឹតត្បិត​មិនឱ្យ​ធ្វើដំណើរ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ការ​រឹតត្បិត​នេះ​អាច​បណ្ដាលឱ្យមាន​ការបង្អាក់​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​៕

© រក្សាសិទ្ធិដោយ thmeythmey.com