COVID-19
អន្តរជាតិ
អង់គ្លេសចេញផែនការបើកប្រទេសឡើងវិញ ខណៈស្ថានភាពCOVID-19ល្អប្រសើរ លោកបូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស។រូបភាពAFP
× លោកបូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេសក្នុងសុន្ទរកថាតាមរយៈទូរទស្សន៍នៅថ្ងៃទី១០ ខែឧសភានេះ បានប្រកាសពីផែនការបន្ធូរបន្ថយការបិទប្រទេសដែលមានច្រើនដំណាក់កាល ដោយអនុញ្ញាតឲ្យសាលារៀន និងហាងលក់ទំនិញបើកឡើងវិញនៅថ្ងៃទី១ ខែមិថុនា។ ការប្រកាសបែបនេះធ្វើឡើងបន្ទាប់ពីល្បឿននៃការឆ្លងនៅអង់គ្លេសបន្តមានកម្រិតទាប។
ចាប់តាំងតែពីថ្ងៃទី២៣ ខែមីនាមក ចក្រភពអង់គ្លេសបានបិទប្រទេសរយៈពេល៧សប្តាហ៍ហើយ ដោយដាក់បញ្ជាឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសក្នុងតំបន់អឺរ៉ុបនេះមានអ្នកស្លាប់ចំនួន៣១ ៨៥៥នាក់ ដែលជាចំនួនច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក និងករណីឆ្លងចំនួន២១៩ ១៨៣ករណី ដែលជាចំនួនច្រើនបំផុតក្នុងអឺរ៉ុប។
ក្នុងដំណាក់កាលដំបូងនៃការបន្ធូរបន្ថយបញ្ជាបិទប្រទេស ដោយចាប់ផ្តើមពីសប្តាហ៍នេះទៅ រដ្ឋាភិបាលនឹងជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋត្រលប់ទៅធ្វើការវិញ ចំពោះការងារណាដែលមិនអាចធ្វើពីផ្ទះបានដូចជាសំណង់ និងផលិតកម្មជាដើម។ ចំណែកសកម្មភាពកីឡាក្រៅផ្ទះ ក៏នឹងត្រូវអនុញ្ញាតឲ្យមានវិញដរាបណាអ្នកចូលរួមមកពីផ្ទះតែមួយ។ នេះយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ចំណែកឯ នៅក្នុងដំណាក់កាលទី២ លោកនាយករដ្ឋមន្ត្រី ចនសុន និយាយថាកន្លែងមើលថែទារក និងកុមារតូចៗ ក៏ដូចជាសាលារៀនសម្រាប់កុមារចាប់ពីអាយុ១១ឆ្នាំទៅ នឹងត្រូវបើកទ្វារឡើងវិញនៅថ្ងៃទី១ ខែមិថុនា។ បន្ថែមពីនេះហាងលក់សម្ភារដែលមិនចាំបាច់ខ្លះ ក៏នឹងអាចបើកដំណើរការឡើងវិញផងដែរ។ ចាប់ពីខែកក្កដាទៅ គេសង្ឃឹមថានឹងបើកឡើងវិញនូវឧស្សាហកម្មបដិសណ្ឋារកិច្ចមួយចំនួន និងទីធ្លារសាធារណៈមួយចំនួន ដូចជាហាងកាហ្វេ និងសួនច្បារ ប៉ុន្តែការអនុវត្តគម្លាតសុវត្ថិភាពសង្គមនៅតែបន្ត។ ប៉ុន្តែតៀមស្រា នឹងមិនត្រូវបើកឡើងវិញជាច្រើនការទៅមុខទៀត។
លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន ក៏បានប្រកាសផងដែរ ការធ្វើចត្តាឡីស័កសម្រាប់មនុស្សទាំងឡាយណាដែលចូលទឹកដីអង់គ្លេសតាមជើងហោះហើរ ដើម្បីបង្ការការចម្លងថ្មីពីបរទេស។ ក៏ប៉ុន្តែវិធានការនេះនឹងមិនអនុវត្តចំពោះអ្នកមកពីប្រទេសបារាំងឡើង ក្រោយពេលបារាំងលើកលែងមិនធ្វើចត្តាឡីស័កអ្នកមកពីប្រទេសអង់គ្លេស។
សូមបញ្ជាក់ថា ការសម្រេចចេញផែនការបន្ទូរបន្ថយការបិទប្រទេសបែបនេះ ធ្វើឡើងបន្ទាប់ពីមានការទាមទារពីសំណាក់តំណាងរាស្ត្រអង់គ្លេស ដែលចង់ឲ្យសេដ្ឋកិច្ចមានដំណើរការឡើងវិញ និងជាពិសេសក្រោយពេលធនាគារអង់គ្លេសព្យាករថាផលិតផលសរុបក្នុងស្រុកក្នុងឆ្នាំ២០២០នេះ នឹងមានការធ្លាក់ចុះ១៤ភាគរយ៕
Tag:
ចក្រភពអង់គ្លេស
បូរីស ចនសុន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com